អ៊ុង ច័ន្ទសោភា៖ ឧស្សាហ៍​ញញឹម​ ជួយ​រក្សា​សម្រស់​ឲ្យ​កាន់​តែ​នៅ​ក្មេង

  • 2017-07-14 06:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​នេះ Kanha សូម​បង្ហាញ​ជូន​លោក​អ្នក​នាង ឲ្យ​បាន​ស្គាល់​នូវ ផលិតករ (producer) និង​ពិធីការនីព័ត៌មាន​របស់​ទូរទស្សន៍ CNC/CTN ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ម្នាក់ គឺ​កញ្ញា អ៊ុង ច័ន្ទសោភា។

កញ្ញា អ៊ុង ច័ន្ទសោភា ត្រូវ​បាន​មហាជន​កោត​សរសើរ​ថា មាន​ទេពកោសល្យ​ក្នុងការ​រាយការណ៍ព័ត៌មាន ដែល​ប្រកដ​ដោយ​វិជ្ជាជីវៈ​ជា​យូរ​ឆ្នាំ​មក​ហើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កញ្ញា សោភា ដែល​មាន​វ័យ ៣៤ឆ្នាំ ទៅ​ហើយ​នោះ នៅ​តែ​អាច​ថែរក្សា​សម្រស់​បាន​ស្រស់​ស្អាត​គ្រប់​ពេល ទោះ​បី​ជា​មាន​ការ​មហាញឹក ក្នុង​អាជីព​ប៉ុណ្ណា​ក៏​ដោយ​។

កញ្ញា សោភា បាន​ប្រាប់ Kanha ថា៖ «ខ្ញុំ​រវល់​ខ្លាំង​ជាមួយនឹង​ការងារ​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​ខ្ញុំ​ក៏​ចាំ​បាច់​ត្រូវគិត​ពីការ​ថែរក្សា​សម្ផស្ស​ផង​ដែរ។ ខ្ញុំ​ប្រើ​តែ​ផលិត​ផល​ល្អៗ សម្រាប់​ស្បែក​មុខ និង​ស្បែក​ដងខ្លួន ហើយ​ខ្ញុំក៏ព្យាយាម​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ លើស​ពី​នេះ ខ្ញុំ​ឧស្សាហ៍​ម៉ាស្សា​មុខ ហាត់​កីឡា ហើយ​ខ្ញុំ​ចូលចិត្តញញឹម ​និង​គិត​រឿង​វិជ្ជមាន​ឲ្យ​បាន​ច្រើន។ ពេល​ទំនេរពីការងារ ខ្ញុំក៏ចូលចិត្ត​ដើរផ្សារទិញ​គ្រឿងសំអាង ខោអាវ ស្បែក​ជើងជាដើម។ ខ្ញុំគិតថា មនុស្សស្រី ទោះជារវល់​យ៉ាងណា ក៏ត្រូវ​ថែរក្សាខ្លួនដែរ ព្រោះថាបើ​ខ្លួនយើងស្អាត យើងក៏មាន​ទំនុក​ចិត្តលើការងារទៅតាម​នោះដែរ»។

ចំពោះភាពជោគជ័យ​ក្នុងការងារវិញ អ្នក​សារព័ត៌មាន ដែល​មាន​ជំនាញ​ក្នុងផ្នែក​នេះ ១៣ឆ្នាំមក​ហើយ បាន​និយាយ​ថា បើ​ចង់​ឲ្យ​សម្រេចការងារអ្វី​មួយ យើង​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើខ្លួនឯង ហើយ​ធ្វើ​អ្វីដែល​ខ្លួន​ស្រលាញ់ឲ្យ​អស់ពីចិត្ត។

«គ្រប់​ពេល​យើង​ត្រូវ​ធ្វើ​ជាខ្លួនឯង ហើយ​កុំ​ប្រៀបធៀប​ខ្លួនឯងជាមួយ​អ្នក​ដទៃជាដាច់ខាត។ យើង​អាច​ប្រៀបធៀប​ខ្លួនឯង សម្រាប់​ថ្ងៃម្សិលមិញ និង​ថ្ងៃនេះ ដើម្បីពង្រឹងអ្វីដែល​ខ្វះខាតបន្ថែម។ មួយវិញទៀត យើងក៏​មិន​ត្រូវ​ខ្វល់​នឹងសម្តី​របស់អ្នក​ដទៃ​ច្រើន​ពេក​នោះដែរ។ ត្រូវ​ព្យាយាម​ធ្វើ​អ្វីឲ្យ​បានល្អ​ និង​អស់​ពីចិត្ត នោះការងារយើង គង់​នឹងជោគជ័យ​ទៅតាម​ហ្នឹងដែរ។»

សូម​បញ្ជាក់ថា កញ្ញា អ៊ុង ច័ន្ទសោភា បាន​ចាប់​ផ្តើម​ធ្វើ​ជាអ្នក​កាសែតឲ្យ​សារព័ត៌មានបារាំង Cambodge Soir តាំងពីឆ្នាំ ២០០៤ បន្ទាប់​មក​ធ្វើ​ការ​ឲ្យ​ស្ថានីយ៍វិទ្យុ និង​បន្ត​ធ្វើការ​នៅ​ទូរទស្សន៍រហូត​មក​ដល់​សព្វថ្ងៃ។

តាម​កញ្ញា សោភា​ អ្វី​ដែល​កញ្ញា​មាន​នៅពេលនេះ គឺបាន​មក​ពីការ​ខិតខំប្រឹងប្រែងតាំងពីជំហានដំបូង ដែល​បើ​ទោះបីជា​ធ្លាប់​ប្រឈម​នូវ​ហេតុការណ៍លំបាកៗយ៉ាងណា ក៏កញ្ញា មិន​ដែល​គិត​ថា​ចុះចាញ់នោះដែរ។ កញ្ញា តែងតែ​ប្តេជ្ញា​ធ្វើវា រហូត​ទាល់តែ​បាន​សម្រេច៕

ចុចអាន៖ អាយុ​សុទ្ធ​តែ​ជាង​៣០​ហើយ ​តែ​សម្រស់​តារា​​ទាំង​ ៥​​ នេះ​​មិន​ប្រែប្រួល​សោះ

សុខ​ វរល័ក្ខ​ណ អត់​ខ្លាច​ខ្មៅ​ តែ​ហែល​ទឹក​​ធ្វើ​ឲ្យ​ខ្លួន​​ខ្លាំង​ ​ស្រឡូន​ស្អាត​​

អត្ថបទ៖ ភារី

អត្ថបទពេញនិយម