តើការវាយប្រហារដោយកម្ដៅមកលើរាងកាយគ្រោះថ្នាក់បែបណា?
- 2024-04-05 09:00:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការវាយប្រហារដោយកម្ដៅមកលើរាងកាយគ្រោះថ្នាក់បែបណា?
ការវាយប្រហារដោយកម្ដៅ ឬ Heatstroke ជាបញ្ហាសុខភាពមួយដែលអាចគំរាមកំហែងដល់អាយុជីវិត ហើយវាកើតឡើងនៅពេលសីតុណ្ហភាពរាងកាយឡើងខ្ពស់ជាង៤០អង្សាសេ។ បញ្ហានេះជាធម្មតាកើតឡើងនៅពេលរាងកាយត្រូវនឹងកម្ដៅខ្លាំងពេក។ ចំណែករោគសញ្ញាវិញមានដូចជាសន្លប់ ប្រកាច់ ឬវង្វេងជាដើម។ បើសិនជាទទួលការព្យាបាលមិនទាន់ពេលវេលាអ្នកជំងឺអាចប្រឈមនឹងការខូចខាតខួរក្បាល សន្លប់យូរ ខ្សោយសរីរាង្គ ឬស្លាប់។
មនុស្សគ្រប់វ័យសុទ្ធតែអាចជួបបញ្ហានេះ ប៉ុន្តែកុមារ និងមនុស្សវ័យចំណាស់អាចប្រឈមខ្ពស់ជាងអ្នកផ្សេងទៀត ដោយសារតែរាងកាយអ្នកទាំងនោះមិនអាចគ្រប់គ្រងសីតុណ្ហភាពរាងកាយបានល្អ។ ក្រៅពីនេះ អត្តពលិក យោធា ឬអ្នកដែលត្រូវធ្វើការបញ្ចេញកម្លាំងកាយខ្លាំងនៅក្រោមកម្ដៅថ្ងៃ គឺសុទ្ធតែអាចប្រឈមនឹងអាការនេះ។ ដូចគ្នាដែរ អ្នកផឹកគ្រឿងស្រវឹងច្រើន អ្នកមិនសូវញ៉ាំទឹកបានច្រើន និងអ្នកមានជំងឺប្រចាំកាយមួយចំនួន ក៏ងាយនឹងប្រឈមនឹងបញ្ហានេះដូចគ្នា។ សម្រាប់អ្នកដែលមានលេចចេញអាការៈខ្សោយ សន្លប់ ប្រកាច់ វង្វេង វិលមុខ បែកញើសច្រើន ពិបាកដកដង្ហើម និងលែងសូវមានទឹកនោម ជាដើម ត្រូវបញ្ជូនអ្នកទាំងនោះទៅសង្គ្រោះនៅមន្ទីរពេទ្យឲ្យបានឆាប់។
ដើម្បីបង្ការខ្លួនពីការវាយប្រហារដោយកម្ដៅមកលើរាងកាយ យើងមិនគួរធ្វើការដោយប្រើកម្លាំងខ្លាំងនៅក្រោមកម្ដៅថ្ងៃ ។ មិនត្រូវទុកទារក និងកុមារនៅកន្លែងបិទជិត ដូចជាក្នុងរថយន្ត។ បើអាចយើងគួរនៅក្នុងបន្ទប់មានបើកម៉ាស៊ីនត្រជាក់ ឬមានខ្យល់អាកាសចេញចូលល្អមានសភាពត្រជាក់។ ក្រៅពីនេះ គួរស្លៀកពាក់ខោអាវរលុងៗមិនបង្កឲ្យហប់ ឬតឹងពេក។ ជាពិសេសជាងនេះ គឺត្រូវញ៉ាំទឹកឲ្យបានច្រើនជាងធម្មតា បើទោះបីជាមិនស្រេកក៏ដោយ។