ហេតុ​អ្វី​មនុស្ស​វ័យ​ចំណាស់​ងាយ​មាន​បញ្ហា​សុខ​ភាព​ពេល​អាកាស​ធាតុ​ក្ដៅ?​

  • 2024-04-05 08:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពេល​យើង​មាន​វ័យ​កាន់​តែ​ច្រើន យើង​ក៏​កាន់​តែ​មាន​ហានិភ័យ​កើត​មាន​បញ្ហា​សុខ​ភាព​ដោយសារ​តែ​អាកាស​ធាតុ​ក្ដៅ​ ជា​ពិសេស​អ្នក​ដែល​រស់​នៅ​តែ​ឯង​ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ ឬ​​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ជាក់​លក់​មួយ​ចំនួន​។​ រាង​កាយ​យើង​ប្រែ​ប្រួល​ទៅ​តាម​វ័យ​ ហើយ​ពេល​ខ្លះ​យើង​ងាយ​នឹង​បាត់​បង់​ជាតិ​ទឹក ឬ​ឡើង​កម្ដៅ​រាង​កាយ​ដោយ​មិន​ដឹង​ខ្លួន​។ មនុស្ស​មាន​វ័យ​ចំណាស់​ ការ​ចេញ​ញើស​ក៏​​មិន​ងាយ​បញ្ចុះ​សីតុណ្ហភាព​រាង​កាយ​នោះ​ដែរ។

ពិសេស​អ្នក​មាន​វ័យ​លើស​ពី​៦៥​ឆ្នាំ គឺ​ងាយ​មាន​បញ្ហា​សុខភាព​ជាង​អ្នក​ផ្សេង​ទៀត​ដោយ​សារ​តែ​អាកាស​ធាតុ​ក្ដៅ​នេះ​។ ​បើ​សិន​ជា​ក្នុង​ផ្ទះ​យើង​មាន​សមាជិក​គ្រួសារ​មាន​វ័យ​ប្រហាក់​ប្រហែល​នេះ​គួរ​តាម​ដាន​សុខ​ភាព​ពួក​គាត់​ឲ្យ​បាន​ជា​ប្រចាំ​ពេល​អាកាស​ធាតុ​ក្ដៅ​បែប​​នេះ។​

អាកាស​ធាតុ​ក្ដៅ និង​បញ្ហា​សុខ​ភាព​លើ​មនុស្ស​វ័យ​ចំណាស់​

មនុស្ស​វ័យ​ចំណាស់​ពិបាក​សម្រប​ខ្លួន​ទៅ​នឹង​ការ​ឡើង​កម្ដៅ​ភ្លាម​ៗ​របស់​អាកាស​ធាតុ​ណាស់​។ មួយ​វិញ​ទៀត មនុស្ស​វ័យ​ចំណាស់​ខ្លះ​ទៀត ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ដែរ ដែល​ធ្វើ​ឲ្យ​រាង​កាយ​ពួក​គាត់​មិន​អាច​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​អាកាស​ធាតុ​ក្ដៅ​។ បន្ថែម​ពី​នេះ​ ពួក​គាត់​មួយ​ចំនួន​អាច​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ជាក់​លាក់​មួយ​ចំនួន​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រាង​កាយ​បាត់បង់​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​សីតុណ្ហភាព​រាង​កាយ និង​ការ​បញ្ចេញ​ញើស​។​​​​

រក្សា​រាង​កាយ​ឲ្យ​ត្រជាក់ និង​រក្សា​ជាតិទឹក​

ពេល​អាកាស​ធាតុ​ក្ដៅ​យើង​​គួរ​រៀប​ចំ​ឲ្យ​សមាជិក​គ្រួសារ​ដែល​មាន​វ័យ​ចំណាស់​នៅ​ក្នុង​ផ្ទះ​ ឬ​អគារ​ដែល​មាន​ខ្យល់​ចេញ​ចូល​ល្អ និង​នៅ​មុខ​កង្ហារ​ ឬ​បើ​ផ្ទះ​មាន​ម៉ាស៊ីន​ត្រជាក់ យើង​គួរ​រៀប​ចំ​ឲ្យ​ពួក​គាត់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​បើក​ម៉ាស៊ីន​ត្រជាក់​។

បន្ថែម​ពី​នេះ ការ​រៀប​ចំ​ឲ្យ​ពួក​គាត់​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជាង​ពេល​ធម្មតា​ ក៏​ជា​រឿង​ចាំ​បាច់​ដែរ គឺ​មិន​ត្រូវ​ចាំ​ទាល់​តែ​ពួក​គាត់​ស្រេក​ទឹក​នោះ​ទេ។ ​ប៉ុន្តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ខ្លះ​អាច​ត្រូវ​គ្រូពេទ្យ​ណែ​នាំ​ឲ្យ​កម្រិត​​ជាតិ​ទឹក​ ហេតុ​ដូច​នេះ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​បរិមាណ​ជាតិ​ទឹក​ដែល​ពួក​គាត់​អាច​ញ៉ាំ​បាន​ពេល​អាកាស​ធាតុ​ក្ដៅ​។

ក្រៅ​ពី​នេះ ការ​ងូត​ទឹក​​​ និង​ស្លៀក​សំលៀក​បំពាក់​រលុង​ៗ ក៏​ជា​ចំណែក​ជួយ​​ឲ្យ​រាង​កាយ​មិន​ស្អុះ​ស្អាប់​ពេល​អាកាស​ធាតុ​ក្ដៅ​ផង​ដែរ។ ​យ៉ាងណា​បើ​សិន​ជា​មាន​នរណា​ម្នាក់​មាន​រោគ​សញ្ញា​ដូច​ជា​ឈឺក្បាល​ ក្អួត​ចង្អោរ ឬ​រមួល​សាច់​ដុំ​ខ្លាំង គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។​

ប្រភព៖ CDC ប្រែសម្រួល៖ សុខា