ពីកម្មកររោងចក្រ ក្លាយជាមហាសេដ្ឋី​ស្រី​មានបំផុត​ក្នុងលោក

  • 2017-08-07 08:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ស្រី Zhou Qunfei ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មហាសេដ្ឋី​ស្រី​កើត​ចេញ​ពី​កម្លាំង​​ញើស​ឈាម​ខ្លួន​ឯង​សុទ្ធសាធ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​ក្នុង​ឆ្នាំ ២០១៧។ អ្នក​ស្រី​ជា​ស្ថាបនិក​ក្រុម​ហ៊ុន ​Lens Technology ។

ក្រុម​ហ៊ុន​របស់​អ្នក​ស្រី​ ផ្គត់​ផ្គង់​កញ្ចក់​ទូរសព្ទ​ឲ្យ​ក្រុមហ៊ុន Apple និង​មាន​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​តូច​ៗ​មួយ​ចំនួន​ទៀត។ តាម​ការ​ចាត់​ថ្នាក់​របស់​គេហទំព័រ Forbe ឆ្នាំ ២០១៧ អ្នក​ស្រី​មាន​ទ្រព្យ​សម្បត្តិ ៧​,៤​ពាន់​លាន​ដុល្លារ​អាមេរិក។ តើ​អ្នក​ស្រី​​មាន​ប្រវត្តិ​ការងារ​ដូច​ម្ដេច មុន​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភព​លោក​បែប​នេះ?

អ្នក​ស្រី​មាន​ប្រាក់​ច្រើន​បែប​នេះ គឺ​មិន​មែន​ជា​ការ​សល់​កេរ្តិ៍​មរតក​ពី​ឪពុក​ម្ដាយ​ក្រុម​គ្រួសារ ឬ​ត្រូវ​កំណប់​អ្វី​ទេ តែ​ជា​ការ​ខិត​ខំ​​ប្រឹង​ប្រែង​ពី​បាត​ដៃ​ទទេ។ នៅ​អាយុ ១៦​ឆ្នាំ អ្នក​ស្រី Zhou បាន​បោះ​បង់​ការ​សិក្សា​រួច​ទៅ​ធ្វើ​​ជា​កម្មករ​ក្នុង​រោង​ចក្រ​មួយ​ក្នុង​ទីក្រុង Shenzhen ផ្នែក​ផលិត​កញ្ចក់ (Lenses) នាឡិកា។

“​ខ្ញុំ​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១២​រសៀល ហើយ​ជួន​កាល​ដល់​ម៉ោង ២​ជិត​ភ្លឺ​ក៏​មាន។ កាល​នោះ​ធ្វើ​ការ​មិន​មាន​វេន និង​​មនុស្ស ២០​ទៅ​ ៣០​នាក់​​ប៉ុណ្ណោះ ហើយ​យើង​ទាំង​អស់​គ្នា​គិត​តែ​ពី​កែច្នៃ​កញ្ចក់។ ខ្ញុំ​មិន​ពេញ​ចិត្ត​ការ​ងារ​នោះ​ឡើយ"។ អ្នក​ស្រី​រៀប​រាប់​ប្រាប់​កាសែត​អាមេរិក New York Times ​កាល​ឆ្នាំ ២០១៥។

​មិន​សប្បាយ​ចិត្ត​នឹង​បរិយាកាស​ការងារ អ្នក​ស្រី​​ក៏​សម្រេច​ចិត្ត​បោះ​បង់ រួច​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​​ទៅ​​កាន់​ម្ចាស់​រោង​ចក្រ ពេល​នោះ​គេ​បាន​ដំឡើង​តំណែង​ឲ្យ​គាត់ ជំនួស​នឹង​ការ​ចាក​ចេញ។ នៅ​ពេល​រោង​ចក្រ​នេះ​ដួល អ្នក​ស្រី Zhou ​សន្សំ​ប្រាក់​បាន​ជាង ៣ពាន់​ដុល្លារ រួច​ទៅ​​​បង្កើត​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​នៅ​ផ្ទះ​ល្វែង​មួយ​មាន ៣​បន្ទប់។ ក្រុមហ៊ុន​អ្នក​ស្រី​ភាគ​ច្រើន​ផលិត​កញ្ចក់​នាឡិកា​មាន​គុណភាព​ខ្ពស់​រហូត​ទទួល​បាន​ជោគជ័យ និង​មាន​អ្នក​កុម្ម៉ង់​ឲ្យ​ផលិត​កញ្ចក់​ទូរសព្ទ​ទៀត​ផង។

ការ​ចាប់​យក​អាជីព​មួយ​នេះ​ គឺ​ជា​ផ្លូវ​ជោគជ័យ​ដ៏​ធំ​របស់​អ្នក​ស្រី។ ​បច្ចុប្បន្ន​ អ្នក​ស្រី​ជា​មហាសេដ្ឋី​​ស្រី​រក​ស៊ី​ដោយ​កម្លាំង​ញើស​ឈាម​​ឈាន​មុខ​គេ​ក្នុង​ចំណោម​ទាំង ៥៦​នាក់​​ប្រចាំ​ឆ្នាំ ២០១៧​ ពី​ជុំវិញ​ពិភព​លោក​៕

ចុចអាន៖

ប្រភព៖ Independent ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម