អាការៈលើរាងកាយទាំងបួនកើតចេញពីបញ្ហាធ្លាក់ទឹកចិត្ត
- 2024-04-16 02:56:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាការៈលើរាងកាយទាំងបួនកើតចេញពីបញ្ហាធ្លាក់ទឹកចិត្ត
យើងតែងតែគិតថាបញ្ហាសុខភាពផ្លូវចិត្តច្រើនមានរោគសញ្ញាទាក់ទងនឹងអារម្មណ៍ដូចជាសោកសៅ យំ និងមានអារម្មណ៍អស់សង្ឃឹមជាដើម។ ប៉ុន្តែការសិក្សាមួយចំនួនបានបង្ហាញថាបញ្ហាធ្លាក់ទឹកចិត្តក៏អាចស្ដែងចេញជាអាការៈឈឺចាប់លើរាងកាយដែរ។
ការស្វែងយល់ពីអាការៈលើរាងកាយអាចឲ្យយើងដឹងថាបញ្ហាធ្លាក់ទឹកចិត្តចាប់ផ្ដើមកើតមាន ឬអាចជាសញ្ញាថាយើងកំពុងមានបញ្ហាធ្លាក់ទឹកចិត្តហើយ។
យើងអាចដឹងថាអាការៈហត់នឿយ អស់កម្លាំងអាចកើតចេញពីបញ្ហាស្រ្តេស ប៉ុន្តែបញ្ហាបាក់ទឹកចិត្តក៏អាចធ្វើឲ្យយើងអស់កម្លាំងដូចគ្នា។ បញ្ហាខ្សោយ អស់កម្លាំងជារោគសញ្ញាទូទៅមួយរបស់អ្នកមានបញ្ហាធ្លាក់ទឹកចិត្ត។ ពេលខ្លះទៀត ការអស់កម្លាំងដោយសារការធ្លាក់ទឹកចិត្តនេះអាចធ្វើឲ្យប៉ះពាល់ដល់ការផ្ចង់អារម្មណ៍ និងមានអារម្មណ៍មិនស្ងប់ផងដែរ។ មួយវិញទៀត អ្នកខ្លះមិនទាំងមានចិត្តចង់ក្រោកពីគ្រែគេងផង ចង់ដេកមើលទូរទស្សន៍ មិនចង់ទៅណាទាំងអស់។
ការសិក្សាបានរកឃើញថាបញ្ហាធ្លាក់ទឹកចិត្ត និងការឈឺខ្នងមានទំនាក់ទំនងគ្នាដោយផ្ទាល់។ ក្រុមអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តជឿថាបញ្ហាផ្លូវអារម្មណ៍អាចបង្កឲ្យមានអាការៈឈឺចាប់រ៉ាំរ៉ៃ ដូចជាបញ្ហាធ្លាក់ទឹកចិត្ត និងការរលាកនៅក្នុងរាងកាយ។
ស្ទើរតែគ្រប់គ្នាសុទ្ធតែអាចធ្លាប់ឆ្លងកាត់បញ្ហាឈឺក្បាល។ ស្ត្រេសនឹងការងារអាចនាំឲ្យឈឺក្បាលម្ដងម្កាល ប៉ុន្តែពេលបើអាការៈឈឺក្បាលកើតមានជាប្រចាំ វាអាចជាសញ្ញានៃការធ្លាក់ទឹកចិត្តទៅវិញ។
ថ្វីបើអាការៈឈឺក្បាលប្រភេទនេះអាចដោះស្រាយតាមរយៈការប្រើថ្នាំដោយមិនត្រូវការវេជ្ជបញ្ជា តែវានឹងកើតឡើងជាថ្មីទៀត។ ពេលខ្លះការឈឺក្បាលខ្លាំងរ៉ាំរ៉ៃ ក៏ជាសញ្ញានៃបញ្ហាធ្លាក់ទឹកចិត្តធ្ងន់ធ្ងរដែរ។
បញ្ហាប្រព័ន្ធរំលាយអាហារដូចជាទល់លាមក ឬរាក អាចរំខានខ្លាំងដល់សកម្មភាពប្រចាំថ្ងៃ។ ការសិក្សាក្នុងឆ្នាំ២០២០ បានរកឃើញពីទំនាក់ទំនងរវាងបញ្ហាផ្លូវចិត្តដូចជាការសោកសៅ ថប់បារម្ភ សុទ្ធតែអាចរំខានដល់ប្រព័ន្ធរំលាយអាហារ។ ដូចគ្នាដែរ ថប់បារម្ភ និងបញ្ហាធ្លាក់ទឹកចិត្តក៏ជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាឈឺក្រពះពោះវៀនដូចដែរ។