ការសិក្សា៖ ស្រ្តីធ្វើការក្រោមកម្ដៅថ្ងៃខ្លាំងប្រឈមហានិភ័យកូនស្លាប់ក្នុងផ្ទៃទ្វេដង
- 2024-04-10 13:44:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសិក្សា៖ ស្រ្តីធ្វើការក្រោមកម្ដៅថ្ងៃខ្លាំងប្រឈមហានិភ័យកូនស្លាប់ក្នុងផ្ទៃទ្វេដង
ការសិក្សានៅប្រទេសឥណ្ឌាបានរកឃើញថាការធ្វើការក្នុងបរិយាកាសក្ដៅអាចធ្វើឲ្យស្រ្តីមានផ្ទៃពោះប្រឈមនឹងបញ្ហាកូនស្លាប់ក្នុងផ្ទៃ ឬរលូតទ្វេដងខ្ពស់ជាងអ្នកធ្វើការនៅកន្លែងមានបរិយាកាសត្រជាក់។ ការសិក្សានេះធ្វើឡើងនៅប្រទេសឥណ្ឌា លើស្រ្តីមានផ្ទៃពោះចំនួនប្រាំបីពាន់នាក់ចាប់ពីឆ្នាំ២០១៧ និងត្រូវបានចុះផ្សាយលើសារព័ត៌មានBBC កាលពីខែមីនា ឆ្នាំ២០២៤។
កន្លែងធ្វើការដែលមានបរិយាកាសក្ដៅ ដែលការសិក្សាមួយនេះរាប់បញ្ចូលរួមមានស្រ្តីធ្វើការក្នុងវិស័យកសិកម្មដូចជាចម្ការអំពៅ នៅស្រែអំបិល និងឡឥដ្ឋ។ ទីតាំងមួយចំនួនទៀតដូចជាសាលារៀន ឬមន្ទីរពេទ្យថ្វីបើនៅក្នុងអគារមានបរិយាកាសត្រជាក់ តែក៏មានបុគ្គលិកខ្លះប្រឈមនឹងការបំពេញការងារនៅកន្លែងដែលមានបរិយាកាសក្ដៅដូចគ្នា។ យ៉ាងណា ការសិក្សាមិនបានបញ្ជាក់ថាតើសីតុណ្ហភាពកម្រិតណាដែលថាក្ដៅខ្លាំង និងប៉ះពាល់សុខភាពរាងកាយនោះដែរ។
តាមលទ្ធផលសិក្សាបានបង្ហាញថាស្រ្តីដែលធ្វើការនៅកន្លែងដែលមានបរិយាកាសក្ដៅ គឺមានអត្រាប្រឈមខ្ពស់នឹងការរលូតកូន កូនកើតមុនខែឬកូនស្លាប់ក្នុងផ្ទៃ និងកើតមិនគ្រប់គីឡូមានប្រហែលពីរដងខ្ពស់ជាងស្រ្តីដែលធ្វើការនៅកន្លែងមានបរិយាកាសត្រជាក់។
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថានៅចុងសតវត្សនេះសីតុណ្ហភាពផែនដីនឹងកើនឡើង៣អង្សាខ្ពស់ជាងមុនយុគឧស្សាហកម្ម។ ការណ៍នេះ អង្គការសុខភាពពិភពលោកថាការឡើងកម្ដៅនេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្រ្តីមានផ្ទៃពោះ។ ទោះយ៉ាងនេះក្ដី ការសិក្សានៅមិនទាន់រកឃើញពីយន្តការជាក់លាក់ និងគួរឲ្យយល់បានដែលថាកម្ដៅធ្វើឲ្យមានបញ្ហាដល់ស្រ្តីមានផ្ទៃពោះ និងការលូតលាស់របស់គភ៌នៅឡើងដែរ។
ទ្រឹស្ដីមួយដែលក្រុមអ្នកស្រាវជ្រាវបានលើកឡើងគឺថានៅពេលស្រ្តីមានផ្ទៃពោះត្រូវកម្ដៅថ្ងៃខ្លាំង ឈាមដែលធ្លាប់តែរត់ទៅកាន់គភ៌នឹងបែរទិសដៅមកកាន់រាងកាយម្ដាយវិញ ដើម្បីជួយបញ្ចុះកម្ដៅដល់រាងកាយម្ដាយ។
ក្រុមអ្នកស្រាវជ្រាវលើកទឹកចិត្តឲ្យស្រ្តីដែលធ្វើការក្រោមកម្ដៅថ្ងៃខ្លាំងកាត់បន្ថយរយៈពេលត្រូវកម្ដៅថ្ងៃ ស្វែងរកម្លប់ជ្រកឲ្យបានញឹកញាប់ កាត់បន្ថយការចេញក្រៅអគារ បើមេឃមានសភាពក្ដៅខ្លាំង។ បន្ថែមពីនេះ គួរញ៉ាំទឹកឲ្យបានច្រើនជាងពេលធម្មតាផងដែរ។