ពីក្មេងស្រីធម្មតាម្នាក់ទៅជាស្ត្រីជំនួញដែលជួយសង្គមការងារនឹងបរិស្ថានយ៉ាងខ្លាំង
- 2021-02-24 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីក្មេងស្រីធម្មតាម្នាក់ទៅជាស្ត្រីជំនួញដែលជួយសង្គមការងារនឹងបរិស្ថានយ៉ាងខ្លាំង
ជារៀងរាល់ឆ្នាំមានស្ត្រីរាប់រយនាក់បានខិតខំព្យាយាមចូលរួមជួយក្នុងវិស័យសង្គម ទាំងភាពក្រីក្រនឹងបរិស្ថាន ដើម្បីក្លាយជាស្ត្រីជោគជ័យ ស្ត្រីឆ្នើមមួយរូបសម្រាប់ពិភពលោកយកជាគំរូ។ ហេតុដូចច្នេះយើងសូមបង្ហាញប្រាប់លោកអ្នកអំពីស្ត្រីឆ្នើមវ័យក្មេងមួយរូបដែលបានជួយសង្គមការងារនឹងបរិស្ថានយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ។
អ្នកនាង សួរ រដ្ឌាកញ្ញា មានស្រុកកំណើតនឹងរស់នៅក្នុងខេត្តសៀមរាប។ គាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យតាំងពីឆ្នាំ ២០១១ ហើយបានទទួលអាហារូបករណ៍បន្តការសិក្សានៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ក្នុងខេត្តសៀមរាបខាងផ្នែកភាសាអង់គ្លេស។ បន្ទាប់ពីបញ្ចប់ការសិក្សា អ្នកនាងបានប្រឡូកចូលវិស័យការងារក្នុងក្រុមហ៊ុនទេសចរណ៍ ជាគ្រូបង្រៀនភាសា ជាអគ្គលេខាធិកានៃក្រុមហ៊ុនផលិតតន្ត្រី និងការងារមួយចំនួនទៀត។
ឆ្នាំ ២០១៤ អ្នកនាងបានចាប់ផ្តើមមុខជំនួយផ្ទាល់ខ្លួនជាមួយដៃគូរបស់គាត់ដែលជាជនជាតិជប៉ុន។ វាគឺជាគម្រោងនៃការបង្កើតផលិតផលដែលចេញមកពីដើមចេកដែលគេមិនត្រូវការ ដែលបង្កើតបានជាផលិតផលជាច្រើនប្រភេទក្នុងការប្រើប្រាស់។ ពួកគាត់បានគំនិតនេះឡើងដោយការឃើញវាត្រូវបានធ្វើរួចទៅហើយនៅក្នុងប្រទេសអាហ្រិ្វក។
គោលបំណងរបស់ រដ្ឌាកញ្ញា គឺចង់ជួយកាត់បន្ថយនៃការបំផ្លាញបរិស្ថានដោយសារសំរាម ជាពិសេសនោះគឺនៅកន្លែងដែលគាត់បានរស់នៅ វាបានផ្តល់ការងារដល់ស្ត្រីដែលគ្មានចំណេះដឹងនឹងស្ត្រីក្រីក្រឲ្យមានលទ្ធភាពរកចំណូលបាន ទាំងនេះជាហេតុដែលជុំរុញឲ្យគាត់បង្កើតគម្រោងនេះមកធ្វើ ដើម្បីកាត់បន្ថយកាកសំណល់ និងកែច្នៃឲ្យទៅជាវត្ថុអានុសាវរីយ៍ដ៏ស្រស់ស្អាត។
ដំបូងឡើយពួកគាត់មានគ្នាបីបួននាក់តែប៉ុណ្ណោះដើម្បីធ្វើការប្រមូលសំរាមដែលអាចធ្វើការកែច្នៃ ជាពិសេសនោះគឺសំណល់ពីដើមចេក។ ពួកគាត់បានព្យាយាមធ្វើវា រៀនបង្កើតវាឲ្យចេញជាប្រភេទក្រដាសពិសេសដែលអាចផលិតជាវត្ថុអានុស្សាវរីយ៍បាន ហើយវាចំណាយពេលជាង ២ ឆ្នាំទម្រាំតែគម្រោងនោះទទួលបានជោគជ័យ រហូតមកដល់ឥលូវនេះមានស្ត្រីដែលគ្មានចំណេះដឹងនឹងស្ត្រីក្រីក្រជាង ២០ នាក់ទទួលបានការងារធ្វើក្នុងគម្រោងនោះ។
អ្នកនាង រដ្ឌាកញ្ញា បានបន្តប្រាប់ទៀតថា រាល់ការងារ របររកស៊ី មុខជំនួញគឺមិនដែលងាយស្រួលនោះទេគឺតែងតែជួបឧបសគ្គ ហើយឧបសគ្គដែលគាត់បានជួបនោះគឺទៅលើ ថវិកា ដើម្បីផ្គត់ផ្គត់ស្ត្រីទាំងនោះក្នុងអំឡុងពេលដែលមុខរបរមិនទាន់ដំណើរការបានល្អ ការលក់ផលិតផលចេញមិនទាន់បានទំលំទូលាយនៅឡើយ ប៉ុន្តែពួកគាត់ខិតខំព្យាយាមបង្កើតវាឲ្យមានគុណភាពកាន់តែប្រសើរឡើង នោះគឺអាចការពារការជ្រាបទឹកបានល្អ ធ្វើឲ្យផលិតផលនោះទទួលបានការគាំទ្រយ៉ាងខ្លាំងមកដល់បច្ចុប្បន្ននេះ។
អត្ថប្រយោជន៍ដ៏សំខាន់ពីមុខរបរនោះ គឺការផ្តល់ ការងារ ហើយវាជាផលិតផលតែមួយគត់ដែលបានបង្កើតចេញពីសំណល់ដើមចេក ហើយវាជាផលិតផលដែលបានបង្កើតឡើងដោយដៃស្ត្រីដែលមកពីកន្លែងរើសសំរាម ជាផលិតផលស្រស់ស្អាត ប្លែក និងមានគុណភាពខ្អស់។ អ្នកនាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានជួយស្ត្រីទាំងនោះឲ្យមានការងារ រកចំណូលជួយផ្គត់ផ្គង់គ្រួសារ និងជាពិសេសនោះគឺជួយ សម្អាតបរិស្ថាន បានយ៉ាងច្រើន។
អ្នកនាង បានធ្វើការសំណូមពរ និងផ្តាំផ្ញើ ទៅកាន់ស្ត្រីទាំងអស់ ក្មេងជំនាន់ក្រោយ ឬក៏បុរសៗឲ្យយល់នឹងកុំមានគំនិតថាជនជាតិដទៃឆ្លាតជាង ឬល្អប្រសើរជាងយើងនោះ។ ជាគំរូ នាងខ្ញុំគឺជាស្ត្រីធម្មតានឹងជាខ្មែរមួយរូប តែខ្ញុំអាចបង្កើតរបស់អត់ប្រយោជន៍ របស់ដែលគេបោះបង់ចោលឲ្យក្លាយទៅជារបស់ប្រើប្រាស់ និងជាវត្ថុអានុស្សាវរីយ៍ដ៏ស្រស់ស្អាត។ អ្វីដែលអ្នកត្រូវធ្វើនោះគឺមានភាពជឿជាក់ទៅលើខ្លួនឯង គិតតែលើភាពវិជ្ជមាន និងមិនដែលចុះចាញ់ មិនរាថយឡើយចំពោះឧបសគ្គ។
ក្នុងនាមខ្ញុំជាខ្មែរមួយរូប ខ្ញុំចង់ឲ្យប្រទេសយើងមានផលិតផលនាំចេញឲ្យច្រើនជាងការនាំចូលពីប្រទេសដទៃទៀត។ ខ្ញុំជឿថាយើងទាំងអស់គ្នាអាចធ្វើបាន។
លោកអ្នកអាចចូលរួមជួយពួកគាត់តាមរយៈ Shop និងគាំទ្រ Ashi ដើម្បីផ្តល់ការងារឲ្យកាន់តែច្រើនសម្រាប់ស្ត្រីក្រីក្រគ្មានចំណេះដឹងដូចជាពួកគាត់៕