មកដឹងពីវិធីការពារ និងព្យាបាលជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើងរបស់ស្ត្រីក្រោយសម្រាលកូនមានអ្វីខ្លះ?

  • 2025-04-08 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់ស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវតែមកពិនិត្យផ្ទៃពោះជាប្រចាំតាមការណាត់របស់គ្រូពេទ្យដែលយ៉ាងតិចណាស់ ៤ដងក្នុងអំឡុងពេលមានផ្ទៃពោះដើម្បីតាមដានរករោគសញ្ញាដែលកើតមានដែលពុំមានសញ្ញាប្រមានមុនហើយស្ត្រីមិនបានដឹងខ្លួន។

មកដឹងពីវិធីការពារ និងព្យាបាលជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើងរបស់ស្ត្រីក្រោយសម្រាលកូនមានអ្វីខ្លះខាងក្រោម៖

ការតាមដាន និងការគិតទុកមុន៖ ជាទូទៅ គ្រប់ស្រ្តីដែលមានបញ្ហាបែបនេះទោះបីធ្ងន់ឬស្រាល ត្រូវតែសម្រាកក្នុងមន្ទីរពេទ្យដើម្បីថែទាំ និងតាមដានសុខភាពពីសំណាក់បុគ្គលិកពេទ្យដោយគេត្រូវតាមដានសញ្ញាជីវិតជាប្រចាំ ទឹកនោមប្រៃ និងទារកក្នុងផ្ទៃ។ ប្រសិនបើក្នុងករណីបម្រុងក្រឡាភ្លើងស្រ្តីនឹងបានជាសះស្បើយក្រោយពីបញ្ចប់គភ៌ ដោយពុំមានផលវិបាកអ្វីទាំងអស់។ សម្ពាធឈាមអាចចុះមកធម្មតាវិញ ក្រោយរយៈពេល៦សប្តាហ៍ និងទឹកនោមប្រៃអាចបាត់ក្នុងរយៈពេល ៦សប្តាហ៍ផងដែរ។

ការព្យាបាល៖ ក្នុងករណីធ្ងន់ធ្ងរ ការព្យាបាលត្រូវមាន៣ដំណាក់កាល៖

• ការថែទាំ

• ការប្រើប្រាស់ថ្នាំទប់ស្កាត់ការប្រកាច់(MgSO4) និងថ្នាំបញ្ចុះសម្ពាធឈាម (Hydralazine...)

• ចាំបាច់ត្រូវបញ្ចប់គភ៌ដើម្បីបំបាត់មូលហេតុរបស់វា។

វិធីសាស្រ្តការពារ៖ ចំពោះស្រ្តីដែលមានប្រវត្តិធ្លាប់ឡើងសម្ពាធឈាមនិងបញ្ហាតម្រងនោម សូមពិសាកាល់ស្យូមឲ្យបានរាល់ថ្ងៃ និងថ្នាំអាស្ពីរីន ៨០មិល្លីក្រាម ១ថ្ងៃ ១គ្រាប់ចាប់ផ្តើមពីពេលមានគភ៌ភា្លម ឬមុនពេលមានគភ៌ (ត្រូវទៅពិគ្រោះប្រឹក្សាជាមួយគ្រូពេទ្យឯកទេសខាងសម្ភព)។ លើសពីនេះ អ្នកអាចអនុវត្តវិធីសាស្រ្តប្រចាំថ្ងៃដោយ៖

• ញ៉ាំទឹកឲ្យបានច្រើនតាមដែលអាចធ្វើបាន

• ហូបចំណីអាហារដែលសម្បូរជីវជាតិល្អ កុំញ៉ាំអាហារដែលមានជាតិប្រៃពេក និងអាហារផ្អាប់ ដូចជាប្រហុក ផ្អក…

• សម្រាកផ្អៀងមកខាងឆ្វេងឲ្យបានច្រើន

• សម្រាកការងារធ្ងន់ៗ និងការងារដែលអាចប៉ះ ពាល់ដល់អារម្មណ៍

• សម្រាកឲ្យបានគ្រប់គ្រាន់

• ធ្វើលំហាត់ប្រាណជាប្រចាំ

• ប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យ និងពិនិត្យភ្លាមក្នុងករណីដែលមានភាពមិនប្រក្រតីនៅក្នុងខ្លួន។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី