វិធីសាស្ត្រ៨យ៉ាងជួយឲ្យស្បែកស្អាត មានសុខភាពល្អ និងក្មេងជាងវ័យ

  • 2024-05-08 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាការពិតណាស់នៅពេលដែលស្បែករបស់យើងមានសុខភាពល្អ ស្រស់ថ្លា នោះយើងនឹងមើលទៅ ស្រស់ស្រាយ ហើយក្មេងជាងវ័យ ។

បើយោងទៅតាម វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន ឯកទេសសើស្បែកប្រចាំការនៅ គ្លីនិក មៀរ៉ា បានឲ្យដឹងថា ការថែរទាំស្បែកនៅផ្ទះដោយខ្លួនឯងគឺសាមញ្ញ និងងាយស្រួលមែនទែន ដោយគ្រាន់តែអនុវត្តតាម៨ចំណុចខាងក្រោមនេះ ៖

១ ចាប់ផ្តើមពីការលាងមុខឲ្យបានស្អាត៖ ជាពិសេសអ្នកដែលឧស្សាហ៍ផាត់មុខ ត្រូវលាងមុខ២តង់ដើម្បីឲ្យប្រាកដថា គ្រឿងសម្អាងជ្រះបានល្អ និងមិនសល់នៅលើស្បែកមុខ។

២ ជម្រុះកោសិកា ៖ ជួយជម្រុះនូវកោសិកាចាស់ៗចេញពីស្បែកមុខ ដើម្បីកាត់បន្ថយការប្រមូលផ្តុំ នៃកោសិកាចាស់ៗទាំងនោះដែលងាយឲ្យស្ទះរន្ធរោម និងបង្កទៅជាមុន។ សម្រាប់អ្នកមានស្បែកប្រេងអាចជម្រុះកោសិកាបាន៤ដងក្នុង១សប្តាហ៍ ហើយអ្នកដែលមានស្បែកមុខស្ងួតអាចជម្រុះ កោសិកាបានតែ១ដង ប៉ុណ្ណោះក្នុង១សប្តាហ៍។

៣ ការស្ទីមមុខ៖ ការប្រើផ្សែងឬ ចំហាយទឹកក្ដៅឧណ្ហៗបន្ទាប់ពីជម្រុះកោសិការួច ធ្វើឲ្យរន្ធរោមបើក រំលាយ កាកសំណល់គ្រឿងសម្អាងដែលលាងមិនបានស្អាត និងខ្លាញ់ដែលកកក្នុងរន្ធរោម ហើយកាត់បន្ថយអត្រានៃការកើតមុនក្បាលខ្មៅ។

៤ ការញេចមុនចេញ៖ បន្ទាប់ពីស្ទីមមុខរួចប្រសិនបើយើងមានមុនក្បាលខ្មៅស្រាប់យើងគួរតែញេចយកវាចេញភ្លាមៗដោយប្រើប្រាស់ឧបករណ៍ញេចឲ្យបានត្រឹមត្រូវ សម្អាតបានល្អ និងញេចថ្នមៗបំផុតដើម្បីកុំឲ្យខូចខាតដល់កោសិកា នៅជុំវិញមុននោះ។

៥ បិតម៉ាស៖ ជ្រើសរើសម៉ាសមកបិតឲ្យត្រូវជាមួយស្បែក។ ឧ៖ ស្បែកស្ងួតត្រូវបិតម៉ាសសន្លឹក

៦ ព្យាបាលបញ្ហាស្បែក៖ ប្រសិនបើស្បែកយើងមានបញ្ហាស្នាមជ្រួញ ស្នាមអុចខ្មៅ យើងត្រូវជ្រើសរើសសេរ៉ូម ឬគ្រីមដែលមានសារធាតុជួយទៅលើបញ្ហាស្បែករបស់យើង។

ឧ៖ សេរ៉ូមវីតាមីនC ជួយទៅលើបញ្ហាស្នាមអុចខ្មៅ។

៧ ផ្តល់សំណើម ៖ ជាដំណាក់កាលដែលងាយនិងសាមញ្ញ ដែលការផ្តល់សំណើមដល់ស្បែកគឺជួយផ្តល់សារធាតុ ចិញ្ចឹម និងទប់ជាតិទឹកក្នុងស្បែក យើងគួរតែលាបក្រោយពេលលាបសេរ៉ូម នោះវានឹងជួយឲ្យសេរ៉ូមកាន់តែមាន ប្រសិទ្ធភាព។

៨. ការម៉ាស្សាមុខ៖ វាជួយសម្រួលដល់ប្រព័ន្ធលំហូរទឹករងៃនៃផ្ទៃមុខ ដែលនឹងធ្វើឲ្យស្បែកមុខកាត់បន្ថយនូវ សភាពហើម ស្ពុលៗ កាត់បន្ថយការរោល និងសម្រួលដល់ចលនាឈាមរត់ទៅចិញ្ចឹមកោសិកាឲ្យមានសុខភាពល្អ។

វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន បានបន្ថែមថា ដើម្បីដឹងច្បាស់អំពីស្ថានភាពរបស់ស្បែក និងទទួលបានការព្យាបាលត្រឹមត្រូវ គួរតែទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសសើស្បែកជាមុនសិន ។

ប្រភព៖ គ្លីនិក មៀរ៉ា

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម