ហេតុ​អ្វី​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​​ល្អ​ចំពោះ​សុខ​ភាព​?

  • 2024-04-17 13:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បច្ចុប្បន្ន​មនុស្ស​​ជា​ច្រើន​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​ដែល​ត្រូវ​អង្គុយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​អ្នក​ខ្លះ​សឹង​តែ​​អង្គុយ​ជាប់​នឹង​កៅអី​​​ភ្លេច​ទាំង​ក្រោក​ដើរ​ផង​ក៏​មាន​។ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន​យ៉ាង​ដល់​សុខ​ភាព ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​​ឆាប់​ស្លាប់​ផង​ដែរ​។ ​ការ​សិក្សា​ខ្លះ​ទៀត​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​អង្គុយ​យូរ​​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម ឡើង​ទម្ងន់ ធ្លាក់​ទឹក​ចិត្ត ​បញ្ហា​ដំណេក និង​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ​។

​អង្គុយ​យូរ​ធ្វើ​ឲ្យ​ឈឺ​ខ្នង ចង្កេះ​

​ការ​ចំណាយ​ពេល​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​​បាន​ដាក់​សម្ពាធ​ទៅ​លើ​រចនាសម្ព័ន្ធ​ឆ្អឹង​ខ្នង​ ក៏​ដូច​ជា​សន្លាក់​ផ្សេង​ទៀត​ ដែល​រួម​មាន​ស្មា ត្រគាក​​ផង​ដែរ​។ ​ពេល​អង្គុយ​មុខ​កុំព្យូទ័រ ​យើង​តែង​ឱន​ទៅ​មុខ​ដែល​នេះ​ជា​​ឥរិយាបថ​ខុស​ប្រក្រតី​​​មួយ​។ ដូច​គ្នា​ដែរ អង្គុយ​យូរ​ក៏​បាន​ដាក់​សម្ពាធ​​បន្ថែម​លើ​ខ្នង​ផ្នែក​ខាង​ក្រោម និង​កាត់​បន្ថយ​ភាព​បត់​បែន​របស់​ឆ្អឹង​ខ្នង​ដែរ​ ​ដែល​ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ត្រង់​ខ្នង​ផ្នែក​ខាង​ក្រោម និង​ត្រគាក​។ ​ដូច​គ្នា​នេះ​ ការ​អង្គុយ​យូរ​ម៉ោង មិន​ធ្វើ​ចលនា​អាច​នាំ​​​ឲ្យ​ឆ្អឹង​​ចុះ​ខ្សោយ​ផង​ដែរ​។​

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ មនុស្ស​វ័យ​ចន្លោះ​ពី​១៨​ទៅ​៦៤​ឆ្នាំ គួរ​ហាត់​ប្រាណ​ដូច​ជា​ដើរ ជិះកង់ ឬ​ហែល​ទឹក​ឲ្យ​បាន​យ៉ាង​តិច​១៥០នាទី​ក្នុង​មួយ​សប្ដាហ៍​ បើ​សិន​ជា​យើង​មិន​អាច​ទៅ​ក្លឹប​ហាត់​ប្រាណ​បាន​។ ដូច​គ្នា​ដែរ​ពេល​ម៉ោង​ធ្វើ​ការ គួរ​ឧស្សាហ៍​ងើប​ដើរ​ឲ្យ​បាន​ញឹកញាប់ បើ​សិន​ជា​អាច​គួរ​ងើប​ដើរ​​​បន្តិច​​រាល់​៣០​នាទី​ម្ដង​​។​

អង្គុយ​យូរ​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់

​ការ​សិក្សា​ខ្លះ​ទៀត​​បាន​រក​ឃើញ​ពី​ភាព​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​អង្គុយ​យូរ​ម៉ោង និង​ការ​ឡើង​ទម្ងន់​​ជា​ពិសេស​មាន​ទំនាក់​ទំនង​ខ្លាំង​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​។ ​​អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​កាល​ពី​១០០​ឆ្នាំ​មុន​មនុស្ស​ធ្វើ​​ចលនា​ច្រើន​ជា​ប្រចាំ ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​ចំណាយ​ពេល​ច្រើន​នៅ​​មួយ​កន្លែង​ធ្វើ​ការ​​ អង្គុយ​ញ៉ាំ​អាហារ​មើល​ទូរទស្សន៍​ ដែល​ការណ៍​នេះ​អាច​នាំ​ឲ្យ​ពួក​គេ​ញ៉ាំ​អាហារ​កាន់​តែ​ច្រើន និង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​។

​ដូច​គ្នា​ដែរ ការ​អង្គុយ​យូរ​ម៉ោង​ គឺ​បាន​ន័យ​ថា​យើង​មិន​បាន​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​នោះ​ដែរ ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​បេះដូង ដែល​ជា​ជំងឺ​មួយ​​នាំ​មុខ​គេ​បណ្ដាល​ឲ្យ​បុរស​ស្រ្តី​បាត់​បង់​ជីវិត​។ ​អ្នក​ស្រាវ​ជ្រាវ​លើក​ឡើង​ថា​យើង​អង្គុយ​កាន់​តែ​យូរ ​យើង​ទំនង​ជា​កាន់​តែ​ប្រឈម​នឹង​បញ្ហា​គាំង​បេះដូង ឬ​ស្លាប់​ដោយ​សារ​គាំង​បេះដូង​។​​​

​ជំងឺ​មហារីក​

​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​មែន​ជា​ទម្លាប់​ល្អ​នោះ​ទេ​ ហើយ​ទម្លាប់​នេះ​ក៏​រួម​ចំណែក​ក្នុង​ការ​​បង្ក​ហានិភ័យ​ជំងឺ​​មហារីក​ដែរ ប្រៀប​ដូច​ទៅ​នឹង​ការ​ញ៉ាំ​សាច់​ក្រហម​ច្រើន ឬ​ជក់​បារី​អីចឹង​ដែរ​។ ដើម​ដោះស្រាយ​បញ្ហា​នេះ អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​ដូរ​ទម្លាប់ ​និង​បញ្ចេញ​សកម្ម​ភាព​ឲ្យ​បាន​ច្រើន​។​

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា

អត្ថបទថ្មី