បីយ៉ាងគួរអនុវត្តពេលព្រឹកសម្រាប់អ្នកមានបញ្ហាលើសសម្ពាធឈាម
- 2024-04-15 04:22:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បីយ៉ាងគួរអនុវត្តពេលព្រឹកសម្រាប់អ្នកមានបញ្ហាលើសសម្ពាធឈាម
បញ្ហាលើសសម្ពាធឈាម សម្រាប់មនុស្សភាគច្រើន មិនបង្ហាញរោគសញ្ញា ឬសញ្ញាព្រមានណាមួយនោះទេ។ ការអាចដឹងបានថាខ្លួនយើងមានបញ្ហាលើសសម្ពាធឈាមឬអត់គឺតាមរយៈការវាស់សម្ពាធឈាម។
ការលើសសម្ពាធឈាមយូរអង្វែងមិនបានត្រួតពិនិត្យព្យាបាលត្រឹមត្រូវគឺអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយជាច្រើនមានដូចជាប៉ះពាល់សរសៃឈាម បេះដូង ខួរក្បាល តម្រងនោម និងភ្នែកជាដើម។
យ៉ាងណាក៏មានវិធីមួយចំនួនដែលយើងអាចជួយបញ្ចុះសម្ពាធឈាមតាមបែបធម្មជាតិដែរ។ តើវិធីទាំងនោះមានអ្វីខ្លះ? សាកល្បងអនុវត្តចំណុចទាំងនេះនៅពេលព្រឹកដើម្បីជួយគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ។
អ្នកមានទម្លាប់ញ៉ាំកាហ្វេទំនងជាពិបាកបន្តិចហើយបើឲ្យកម្រិតការញ៉ាំកាហ្វេនោះ។ ប៉ុន្តែការកម្រិតការញ៉ាំមិនមែនមានន័យថាមិនអាចញ៉ាំបានទេ គ្រាន់តែការញ៉ាំមានបរិមាណតិចជាងមុន។ ការញ៉ាំកាហ្វច្រើនពែងក្នុងមួយថ្ងៃ អាចនាំឲ្យប៉ះពាល់ដល់សុខភាពសរសៃឈាមផងដែរ។
កាហ្វេអ៊ីនអាចជំរុញឲ្យសម្ពាធឈាមកើនឡើង។ ថ្វីបើមូលហេតុជាក់លាក់ដែលនាំឲ្យកើតមានបញ្ហានេះនៅតែមានការជជែកគ្នានៅឡើយ ក៏អ្នកជំនាញខ្លះជឿថាកាហ្វេអាចរារាំងដល់អ័រម៉ូនដែលជួយបើកសរសៃឈាម។ អ្នកជំនាញខ្លះទៀតជឿថាកាហ្វេអ៊ីន ធ្វើឲ្យក្រពេញលើតម្រងនោមបញ្ចេញអ័រម៉ូនអាឌ្រីណាលីន (adrenaline) កាន់តែច្រើន។ ការញ៉ាំកាហ្វេចាប់ពីពីរពែងឡើង ឬកាហ្វេអ៊ីនប្រហែល២០០ទៅ៣០០មិល្លីក្រាមអាចធ្វើឲ្យសម្ពាធឈាមកើនឡើង ហើយការកើនឡើងនេះ អាចមានរយៈពេលបួនម៉ោង។
ការមានទម្លាប់រំលងអាហារពេលព្រឹកក៏ជាផ្នែកមួយដែលអាចប៉ះពាល់ដល់សម្ពាធឈាមដូចគ្នា។ ព្រឹត្តិបត្រសុខភាពអន្តរជាតិស្ដីពីបញ្ហាលើសសម្ពាធឈាមបានចុះផ្សាយកាលពីឆ្នាំ២០២២ ថាការរំលងអាហារពេលព្រឹកមានទំនាក់ទំនងនឹងបញ្ហាលើសសម្ពាធឈាមចំពោះមនុស្សពេញវ័យ។
សម្រាប់អាហារពេលព្រឹកមិនសំដៅតែម៉ោងពេលយើងញ៉ាំនោះទេ ប៉ុន្តែក៏គិតពីអ្វីដែលយើងត្រូវញ៉ាំផងដែរ។ អាហារពេលព្រឹកមានទាំងបន្លែ ផ្លែឈើ និងគ្រាប់ផ្លែឈើ គឺអាចជួយដល់ការគ្រប់គ្រងសម្ពាធឈាមបានល្អ។
យ៉ាងណាអាហារពេលព្រឹកដែលមាននំផ្អែម ដូចជាដូណាត់ ជាដើម មិនសូវល្អសម្រាប់អ្នកមានបញ្ហាលើសសម្ពាធឈាមញ៉ាំនៅពេលព្រឹកនោះដែរ។ ជាតិស្ករក្នុងអាហារប្រភេទនេះអាចប៉ះពាល់ដល់សម្ពាធឈាម។
ការហាត់ប្រាណពេលព្រឹកជាប្រចាំពិតជាមានផលល្អសម្រាប់សុខភាពអ្នកមានបញ្ហាលើសសម្ពាធឈាម។ ការហាត់ប្រាណកម្រិតមធ្យមដូចជាជិះកង់ ហែលទឹក រាំអេរ៉ូបិច (aerobic) ត្រឹមពីរម៉ោងកន្លះក្នុងមួយសប្ដាហ៍ ក៏រួមចំណែកបញ្ចុះសម្ពាធឈាមដែរ។ ដូចគ្នាដែរ ការហាត់ប្រាណដូចជាយោហ្កា ពី៩០នាទីទៅ១៥០នាទីក្នុងមួយសប្ដាហ៍ក៏មានប្រយោជន៍ក្នុងការគ្រប់គ្រងសម្ពាធឈាមដូចគ្នា។