មកដឹងអត្ថន័យរបស់របាំត្រុដិដែលប្រជាជនខ្មែរមានជំនឿបណ្តេញឧបទ្រពចង្រៃនឹងសម្តែងនារដូវបុណ្យចូលឆ្នាំខ្មែរ
- 2023-04-15 02:08:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងអត្ថន័យរបស់របាំត្រុដិដែលប្រជាជនខ្មែរមានជំនឿបណ្តេញឧបទ្រពចង្រៃនឹងសម្តែងនារដូវបុណ្យចូលឆ្នាំខ្មែរ
របាំត្រុដិគឺជារបាំដ៏មានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ក្នុងចំណោមរបាំប្រពៃណីខ្មែរ ហើយតាមជំនឿគេលេងរបាំត្រុដិដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី ។ ជាទូទៅការសម្តែងរបាំត្រុដិនេះច្រើនធ្វើឡើងនៅថ្ងៃឆ្លងឆ្នាំ ព្រោះពាក្យ «ត្រុដិ» នេះគឺសំដៅដល់ពេលដែល «ឆ្នាំចាស់ដាច់ដើម្បីត្រាច់ចូលឆ្នាំថ្មី» ហើយអ្វីដែលជាជំនឿដែរនោះគឺប្រសិនបើយើងមិនបានប្រារព្ធពិធីបុណ្យឆ្លងឬមិនចូលរួមអបអរសាទរជាមួយរបាំនេះ ដោយប្រការណាមួយអាចនាំមកនូវអំពើទុក្ខសោកជាក់ជាមិនខាន ។
ជាធម្មតា ក្នុងពេលរាំនៅមុខផ្ទះអ្នកណាម្នាក់តួទាំង៦នាក់ ត្រូវសម្តែងនូវក្បាច់របាំត្រុដិ និងបង្ហាញពីគោលបំំណងជួយដេញស្ទាក់ប្រើសឱ្យចូលក្នុងគន្លងព្រានដើម្បីជួយព្រានឱ្យដេញបាញ់ប្រើសឱ្យបាន ។ ក្រៅពីនោះ ក៏នៅមានតួអ្នកកាន់កញ្ឆែចាប់ពី២ទៅ៦នាក់ ជាអ្នកគោះបុក ជាចង្វាក់លម្អវង់របាំ និងតំណាងឱ្យព្រៃព្រឹក្សា អារុក្ខ អារក្ស ទេវតា អ្នកតាដែលជួយជ្រោមជ្រែងជួយព័ទ្ធខ្ទប់ស្ទាក់ប្រើសឱ្យព្រានព្រៃបាញ់ដូចគ្នា ។ ទន្ទឹមនោះ របាំត្រុដិក៏មានក្រុមតន្ត្រីករ អ្នកកាន់ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី និងអ្នកច្រៀងមួយចំនួនទៀត ។ ចំណែកអាចារ្យដែលស្លៀកសពាក់សបាំងឆត្រម្នាក់ ក៏មានភារកិច្ចដើរតាមវង់របាំ និងត្រួតពិនិត្យមើលបច្ច័យដែលរៃអង្គាសបានដើម្បីឱ្យប្រាកដថា ប្រាក់ដែលទទួលបានទាំងអស់នោះមិនត្រូវយកទៅចាយផ្តេសផ្តាសទេ គឺយកទៅសម្រាប់ជាកុសលក្នុងវត្តអារាមប៉ុណ្ណោះ។
ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ ។ ប៉ុន្តែបើយើងមិនធ្វើតាមរបៀបនេះទេគឺជាប្រការខុសឆ្គងមួយដែរ ដែលគេមានជំនឿថាក្នុងឆ្នាំខាងមុខអ្នកនោះនឹងមិនទទួលបានសិរីសួស្តីឡើយ ។ ខាងលើនេះ ជាពិធីនៃរបាំត្រុដិដែលជារបាំប្រពៃណីខ្មែរយើង ។ វត្តមានរបស់តួអង្គនៃរបាំត្រុដិ មានការបែងចែកនូវសភាវៈល្អ និងសភាវៈអាក្រក់ និងបង្ហាញនូវលក្ខណៈពិសេសនៃរបាំត្រុដិ ។ របាំនេះផងដែរ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ។ ម្យ៉ាងទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា ។
ជាទូទៅគេតែងតែឃើញរបាំត្រុដិ សម្តែងនាឱកាសបុណ្យចូលឆ្នាំខ្មែរ។ តើរបាំត្រុដិមានអត្ថន័យយ៉ាងដូចម្ត៉េច? “ត្រុដិ” ភាសាសំស្ក្រិត មានន័យថា “ផ្ដាច់” ឆ្នាំចាស់ ដើម្បីផ្លាស់ចូលឆ្នាំថ្មី អ្នកស្រុកតែងមានជំនឿថាប្រសិនបើមានសត្វព្រៃណាមួយ (ដូចជា៖ ឈ្លូស ប្រើស ឬរមាំង) ចូលមកក្នុងស្រុក វានឹងធ្វើឲ្យ ភូមិស្រុកនឹងកើត អព្ភូតហូតហេតុអាក្រក់ ឧបទ្រុបចង្រៃបែបណាមួយមិនខាន។ ដូច្នេះគេប្រើប្រាស់ របាំត្រុដិនេះ ដើម្បីដេញ ឧបទ្រពចង្រៃ នឹងប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ទទួលយកភាពសម្បូរណ៍ សប្បាយ របាំត្រុដិន គេរៀបចំឲ្យឡើង ដោយត្រូវមានសត្វ ប្រើស ទន្សោង ក្ងោក និង ប្រដាប់ប្រដារ ផ្សេងៗទៀត ដែលមានអត្ថន័យដូចខាងក្រោម៖
ប្រភព៖ សៀវភៅប្រវត្តិរបាំខ្មែរ / រូបភាព៖ ផានិត