ស្រីៗមាន ៦ចំណុចនេះអាចពិចារណាជាមួយនឹងជីវិតគូបានហើយ

  • 2024-01-15 04:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការជ្រើសរើស ឬព្រមទទួលនរណាម្នាក់ឱ្យចូលមកក្នុងជីវិតរបស់យើង ដើម្បីរួមដំណើរជីវិតទៅជាមួយគ្នា វាមិនមែនជារឿងដែលងាយនោះឡើយ។ ខ្លួនឯងត្រូវតែរឹងប៉ឹង នឹងធឹង ដឹងខុសដឹងត្រូវ ស្គាល់ល្អអាក្រក់។

ភាពរឹងមាំ រឹងប៉ឹង និងការយល់ដឹង ដឹងខុសត្រូវក៏ជាចំណែកសំខាន់ផងដែរ នៅពេលដែលយើងរឹងមាំគ្រប់គ្រាន់ ហើយមានការយល់ដឹងខ្ពស់ ស្គាល់ខុសត្រូវ នោះយើងក៏អាចនឹងចេះបែងចែកក្នុងការជ្រើសរើសដៃគូដែលល្អ ត្រឹមត្រូវ ឱ្យសក្តិសម និងសមប្រកបជាមួយនឹងយើងផងដែរ។ មនុស្សរឹងមាំ និងយល់ដឹងច្រើន ការជ្រើសរើសដៃគូក៏ប្រសើរ ព្រោះត្រូវប្រើខួរក្បាលទៅជ្រើសរើស មិនមែនចិត្ត និងអារម្មណ៍មួយឆាវនោះឡើយ។ យ៉ាងណាក៏ដោយ មុននឹងសម្រេចចិត្តជ្រើសរើសគូជីវិត ក៏ត្រូវតែគិតលើ៦ចំណុចនេះជាគោលឱ្យបានច្បាស់លាស់ខាងក្រោមមានឬក៏យ៉ាងណាចាំពិចារណារឿងគូជីវិត៖

១. ត្រូវចេះប្រើជីវិតដោយខ្លួនឯងជាមុនសិន

ជារឿងដែលសំខាន់ ដែលយើងចាំបាច់ត្រូវតែមានការយល់ដឹងអំពីការប្រើប្រាស់ជីវិតខ្លួនឯងឱ្យបានល្អជាមុនសិន ត្រូវដឹងថា យើងអាចថែរក្សាខ្លួនឯងបានហើយ ទើបយើងមិនពិបាកក្នុងការមើលថែដៃគូ ឬធ្វើឱ្យដៃគូមានការលំបាកក្នុងការមើលថែ និងការពារយើង។ លើសពីនេះ បើយើងច្បាស់លាស់ថា អាចរស់នៅក្នុងជីវិតខ្លួនឯងបានល្អ អាចមើលថែខ្លួនឯងបានហើយ វាក៏ជាលក្ខណៈត្រៀមទុកមួយដែរ ដែលថាយើងនឹងមិនបាច់ត្រូវឈឺចិត្តស្អិតទ្រូង ប្រសិនបើជីវិតគូរបស់យើងស្រាប់តែឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខ នោះគឺមានន័យថា មានគេក៏បាន អត់គេក៏បាន យើងក៏នៅតែជាយើង អាចរស់នៅក្នុងជីវិតយើងខ្លួនឯងបានមិនពិបាក។

២.មានសមត្ថភាព

មិនមែនសមត្ថភាពត្រឹមមើលថែទាំកូនៗ ឬផ្ទះសម្បែងទេ តែអាចធ្វើការរកស៊ី មានចំណូលគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងអាចរកចំណូលសល់សម្រាប់ខ្លួនឯង នៅពេលដែលយើងអាចមានទ្រព្យសល់ខ្លះហើយ នោះនៅពេលដែលយើងរៀបការ យើងក៏នឹងមានសមត្ថភាពសម្រាប់គ្រួសារយើងផងដែរ។

៣. មានភាពអត់ធ្មត់បានខ្ពស់

ទោះមានបញ្ហាណាមួយកើតឡើងក៏ដោយ ក៏ត្រូវតែក្លាហាន ក្នុងការប្រឈមមុខដោះស្រាយ កុំចេះតែគេចវេះ ឬប្រើភាពឆេវឆាវមកដោះស្រាយបញ្ហា ការអត់ធ្មត់គឺជាចំណុចសំខាន់ ដែលអ្នកដែលមានគ្រួសារ ឬប្ដីប្រពន្ធត្រូវតែមាន ព្រោះជីវិតគូនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនដែលយើងមិនអាចស្មានដឹង ដូច្នេះ ត្រូវតែមានភាពអត់ធ្មត់ឱ្យខ្ពស់ ចិត្តធ្ងន់ បើពុំនោះទេ ជីវិតប្ដីប្រពន្ធ មិនអាចកាន់ដៃគ្នាបានយូរអង្វែងឡើយ។

៤. មានទំនួលខុសត្រូវខ្ពស់

មិនថាចំពោះសម្ដី និងទង្វើដែលខ្លួនបានធ្វើ ត្រូវហ៊ានទទួលខុសត្រូវ មនុស្សធំៗអស់ហើយ ត្រូវតែមានទំនួលខុសត្រូវខ្ពស់ចំពោះជីវិតខ្លួនឯង ទើបយើងអាចទៅទទួលខុសត្រូវចំពោះជីវិតដៃគូដូចគ្នាដែរ ជាពិសេសគឺ យើងត្រូវមានទំនួលខុសត្រូវលើជីវិតកូនៗរបស់យើងថែមទៀតផង។

៥. ជាមនុស្ស ដែលមានហេតុផលគ្រប់គ្រាន់

ភាពមានហេតុផល ចេះស្ដាប់សម្ដី ចេះបែងចែក ចេះគិតពីចិត្ត និងអារម្មណ៍អ្នកក្បែរខ្លួន វាក៏ដូចគ្នាដែលយើងចេះខ្វល់ពីអារម្មណ៍ដៃគូ នោះហើយដែលយើងត្រូវតែមាន មានចំណុចទាំងនេះ ទើបយើងមិនងាយឈ្លោះទាស់ប្រកែកគ្នាជាមួយដៃគូ។ ម្យ៉ាងវិញទៀត ភាពមានហេតុផលក៏បញ្ជាក់ថា យើងជាមនុស្សដែលមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការគ្រប់គ្រងលើសតិ និងការគិតរបស់យើងខ្លួនឯងផងដែរ។

៦. មានចិត្តទូលំទូលាយ

ចិត្តទូលាយ មិនមែនមានន័យថា ឱ្យគេអស់ៗនោះទេ តែចិត្តដែលមិនតឹងរឹង មិនខឹង ប្រចណ្ឌ និងច្រណែនគ្នាផ្ដេសផ្ដាស ហើយត្រូវស្គាល់ចិត្តខ្លួនឯងឱ្យច្បាស់ថា ខ្លួនឯងស្រឡាញ់មនុស្សបែបណា ហើយត្រូវប្រាកដចិត្តថា ខ្លួនឯងអាចទទួលយកគ្រប់យ៉ាងនៃគេបានទាំងអស់ មិនថាជាកំហុសឆ្គង រឿងល្អ អាក្រក់ ជាពិេសេសគឺអតីត និងទម្លាប់របស់គេតទៅថ្ងៃមុខ ...។ ហើយអ្វីដែលពិសេគឺមិនមែនទទួលយកតែចណុចល្អគ្នាទើបស្រលាញ់ ចំណុចអាក្រក់ក៏ព្រមជួយកែលម្អគ្នាដើម្បីផ្លួវជីវិតរួមគ្នា៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម