យល់ដឹងពីការអស់ឈាមរដូវរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈាមរដូវ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?
- 2025-09-15 04:12:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ដឹងពីការអស់ឈាមរដូវរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈាមរដូវ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?
ការអស់រដូវ គឺជាដំណាក់កាលធម្មជាតិរបស់ជីវិតមនុស្សស្រី ដែលជាធម្មតាចាប់ផ្តើមកើតឡើងនៅចន្លោះពីអាយុ ៤៥ ទៅ ៥៥ ឆ្នាំ។ ការអស់រដូវ គឺជាការបញ្ឈប់ជារៀងរហូតនៃការមកឈាមរដូវរាល់ខែ និង ជាការបញ្ចប់ដំណើរការនៃប្រព័ន្ធបន្តពូជរបស់ស្ត្រី។ អំឡុងពេលអស់ឈាមរដូវ អូវែស្ត្រីនឹងឈប់ផលិតពងញី ដែលបណ្តាលមកពីកម្រិតអ័រម៉ូន Estrogen និង Progesterone ធ្លាក់ចុះ។
ស្ត្រីឈានដល់ការអស់រដូវនឹងសម្គាល់ដោយបាត់ឈាមរដូវក្នុងរយៈពេល ១២ ខែ ហើយទន្ទឹមគ្នានេះ អាចប្រឈមនឹងរោគសញ្ញា ផលពិបាក និង បញ្ហាសុខភាពជាច្រើន ដែលប៉ះពាល់ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ការយល់ដឹងអំពីការអស់រដូវ អាចឱ្យស្ត្រីត្រៀមខ្លួនរួចរាល់ក្នុងការបង្ការ ការថែទាំសុខភាព ក៏ដូចជាផ្លាស់ប្តូរជីវិតរស់នៅក្រោយពេលអស់រដូវប្រកបដោយសុខុមាលភាព។
• ដំណាក់កាលនៃការអស់រដូវ
១. មុនពេលអស់រដូវ (Perimenopause)
ជាដំណាក់កាលមិនទាន់អស់ឈាមរដូវទាំងស្រុង ដែលស្ត្រីនឹងមានរោគសញ្ញា រដូវមិនទៀង មានការក្តៅភាយៗនៅលើមុខ និង ក ប្រែប្រួលអារម្មណ៍ ស្ងួតទ្វារមាស និង សម្រាន្តមិនលក់ស្រួល។ រោគសញ្ញាអាចកើតឡើងក្នុងចន្លោះពី ២ ទៅ ៨ ឆ្នាំ។ ជាធម្មតា ដំណាក់កាលនេះកើតឡើងនៅចន្លោះពីអាយុ ៤០ ដល់ ៥០ ឆ្នាំ។
២. អំឡុងពេលអស់រដូវ (Menopause)
នៅពេលដែលស្រ្តីមិនមករដូវជាប់ៗគ្នាក្នុងរយៈពេល ១២ ខែ។ ដំណាក់កាលនេះ អ័រម៉ូន Estrogen និង Progesterone ធ្លាក់ដល់កម្រិតទាបបំផុត ហើយ អូវែ ឬ កន្សោមពងរបស់ស្ត្រី ឈប់ផលិតមេជីវិតញី ដែលនេះមានន័យថា ស្ត្រីមិនអាចមានកូនតាមធម្មជាតិតទៅទៀតបានឡើយ។
៣. ក្រោយពេលអស់រដូវ (Postmenopause)
ក្រោយពេលអស់រដូវស្ត្រីអាចប្រឈមបញ្ហាសុខភាពដូចជា ជំងឺពុកឆ្អឹង និង ជំងឺបេះដូង ដោយសារកម្រិតចុះអ័រម៉ូន Estrogen ធ្លាក់ចុះទាបបំផុត គួបផ្សំទម្លាប់រស់នៅប្រចាំថ្ងៃ។
• រោគសញ្ញាសម្គាល់
ឈានដល់អាយុអស់រដូវ ក្នុងរយៈពេលច្រើនខែ ឬ ច្រើនឆ្នាំ ស្ត្រីអាចមានរោគសញ្ញាដូចជា ៖ រដូវមិនទៀងទាត់, ទ្វារមាសស្ងួត, ញាក់, ក្តៅភាយៗ, បែកញើសពេលយប់, បញ្ហានៃការគេង, អារម្មណ៍ផ្លាស់ប្តូរ, ស្ត្រេស, ឡើងទម្ងន់, ការរំលាយអាហារយឺត, បាត់បង់ភាពពេញលេញនៃសុដន់, សក់ស្តើង និង ស្បែកស្ងួត។ រីឯស្ត្រីខ្លះទៀតអាចមានរោគសញ្ញាដូចជា ៖ បេះដូងលោតញាប់, ឈឺក្បាល, ឈឺចុកចាប់សន្លាក់ និង សាច់ដុំ, បាត់បង់ចំណង់ផ្លូវភេទ និង តម្រូវការផ្លូវភេទ និង ភ្លេចភ្លាំងច្រើន ជាដើម។
• បញ្ហាសុខភាពប្រឈម
ដោយសារការធ្លាក់ចុះនៃកម្រិតអ័រម៉ូន Estrogen ក្រោយពេលអស់រដូវទាំងស្រុង ស្ត្រីអាចប្រឈមជំងឺចម្បងពីរ ដែលគប្បីធ្វើការតាមដានជាមួយគ្រូពេទ្យជំនាញ ដើម្បីប្រាកដថា ជំងឺនេះមិនវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ។
១. ជំងឺពុកឆ្អឹង
អ័រម៉ូន Estrogen ដើរតួយ៉ាងសំខាន់នៅក្នុងឆ្អឹង ធ្វើឱ្យឆ្អឹងរឹងមាំ មិនផុយស្រួយ មិនងាយបាក់។ ជាមធ្យមស្ត្រីនឹងបាត់បង់ម៉ាស់ឆ្អឹង ២៥% ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់អាយុ ៦០ ឆ្នាំ។ ដូច្នេះដើម្បីប្រាកដថាឆ្អឹងនៅតែរឹងមាំ គ្រូពេទ្យជំនាញនឹងធ្វើការតេស្តភាពរឹងមាំនៃឆ្អឹង ដោយប្រើបច្ចេកវិទ្យាម្យ៉ាងហៅថា Bone Densitometry ឬ ការថតវាស់កំហាប់ឆ្អឹង ដែលជាវិធីដ៏រហ័ស មានប្រសិទ្ធភាព និង សុវត្ថិភាពបំផុត ក្នុងការរកមើលកម្រិតកាល់ស្យូមនៅក្នុងឆ្អឹង។
២. ជំងឺសរសៃឈាមបេះដូង
វាកើតឡើងពីកត្តារួមបញ្ចូលគ្នា មានការធ្លាក់ចុះអ័រម៉ូន Estrogen ផង ការកើនឡើងសម្ពាធឈាមផង និង ទម្លាប់ជាប្រចាំនៃការជក់បារី ផឹកភេសជ្ជៈជាតិអាកុល ឬ បរិភោគអាហារមិនល្អចំពោះសុខភាពផងដែរ។ លើសពីនេះ ការអសកម្មរាងកាយ ក៏អាចធ្វើឱ្យឡើងកូលេស្តេរ៉ូល ឬ លើសជាតិខ្លាញ់។'
• តើស្ត្រីអាចការពារមិនឱ្យមានការអស់រដូវបានឬទេ?
ចម្លើយគឺមិនអាចនោះទេ! ប៉ុន្តែស្រ្តីអាចមានវិធានការថែទាំ ដើម្បីទទួលបានសុខភាពល្អក្រោយអស់រដូវ។ កាលណាស្រ្តីទទួលបានការថែទាំបង្ការទាន់ពេល ស្រ្តីអាចមានអាយុវែង អាចកាត់បន្ថយអត្រាស្លាប់ដោយជំងឺសរសៃឈាមបេះដូង កាត់បន្ថយជំងឺពុកឆ្អឹង រួមទាំងអាការរោគ ក្តៅមុខមាត់ បែកញើស ហើយធ្វើឱ្យគេងលក់ស្រួល និង មានទំនាក់ទំនងផ្លូវភេទបានល្អប្រសើរ។
នេះគឺជាគន្លឹះខ្លះៗដើម្បីបង្កើនគុណភាពជីវិតស្ត្រីក្នុងវ័យអស់រដូវ ៖
• ដើម្បីបង្ការជំងឺសរសៃឈាមបេះដូង ជំងឺពុកឆ្អឹង និង ជំងឺមហារីកផ្សេងៗ ស្ត្រីត្រូវថែទាំសុខភាពនៅវ័យកណ្តាលឱ្យបានល្អ ពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញឱ្យទៀងទាត់ មិនចាំបាច់ទាល់តែមានរោគសញ្ញានោះទេ។
• អនុវត្តទម្លាប់រស់នៅប្រចាំថ្ងៃឱ្យបានល្អ ដោយទទួលទានអាហារ ដែលមានតុល្យភាព អាហារដែលមានជាតិកាល់ស្យូម និង វីតាមីន D និង បន្លែផ្លែឈើផ្សេងទៀត, រក្សាទម្ងន់កុំឱ្យធាត់, ធ្វើលំហាត់ប្រាណ, ចូលគេងទៀងទាត់ និង ចៀសវាងអាហារជំរុញឱ្យមានការក្រហល់ក្រហាយ ដូចជា អាហារហឹរ អាហារផ្អែម ភេសជ្ជជាតិអាកុល និង កាហ្វេអ៊ីន ជាពិសេស ញុំានៅពេលយប់។
• មិនថាមុនអស់រដូវ ឬ ចាប់ផ្តើមអស់រដូវភ្លាម ស្ត្រីត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីទទួលបានការតាមដាន និង ព្យាបាលតាមវិធីណាមួយ ដែលមានមុខងារជួយកែលម្អបញ្ហា ធ្វើឱ្យគុណភាពជីវិតក្នុងវ័យនេះមានភាពល្អប្រសើរ។
• ករណីមិនប្រក្រតី ចាំបាច់ជួបគ្រូពេទ្យជំនាញភ្លាម!
ក្នុងវ័យអស់រដូវ ពេលខ្លះការធ្លាក់ឈាមមិនទៀងទាត់អាចបង្ហាញសញ្ញាដទៃនៃស្ថានភាពសុខភាព។ បើស្ត្រីសម្គាល់ឃើញសញ្ញាមិនប្រក្រតីដូចខាងក្រោម អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ៖
• ធ្លាក់ឈាមរដូវច្រើនខុសពីធម្មតា
• មករដូវច្រើនជាង ៧ ថ្ងៃ
• អំឡុងមករដូវតិចជាង ២១ ថ្ងៃ
• បាត់រដូវទាំងស្រុងមុនអាយុ ៤៥ ឆ្នាំ
• ឈាមរដូវកកដុំៗ
• ហូរឈាមបន្ទាប់ពីរួមភេទ។
ដូចបានរៀបរាប់នៅខាងដើម ការអស់ឈាមរដូវ ជាដំណាក់កាលធម្មជាតិរបស់មនុស្សស្រី ហើយក៏ជាដំណើរវិវឌ្ឍន៍ធម្មតាឈានទៅរកវ័យចំណាស់។ យ៉ាងណាមិញ រោគសញ្ញាផ្លូវកាយ និង អារម្មណ៍នៃការអស់រដូវ អាចជាបញ្ហាប្រឈម និង មិនងាយស្រួលឡើយសម្រាប់ស្ត្រី។ ស្ត្រីមិនត្រូវបណ្តោយ ឬ ដោះស្រាយវាតែឯងនោះទេ គប្បីប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីរកវិធីបង្ការ ឬ ព្យាបាលណាមួយជួយដល់គុណភាពជីវិតឱ្យល្អប្រសើរ។ បើមានចម្ងល់អ្វីមួយ ឬ ចង់ដឹងបន្ថែមអំពីសុខភាពរដូវ យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បានចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម :
Hotline: 012 999 124/ 078 999 124/ 010 485 585
Facebook Page: https://www.facebook.com/viyacambodiapsi
Telegram: https://t.me/viyacambodia
TikTok: @viya.cambodia
Instagram: viyacambodia
Website: https://www.viyahealth.com.kh