បញ្ហា​ ៧យ៉ាង ​នឹង​កើត​ឡើង​ បើ​អ្នក​ចូល​គេង​ទាំង​មិន​បាន​លាង​ម្សៅ​ក្រែមជ្រះ​ល្អ

  • 2017-06-06 04:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​រឿង​មិន​អាច​ប្រកែក​បាន​ឡើយ​ដែល​ថា​គ្រឿង​សម្អាង​គឺ​ជា​​របស់​ដែល​មនុស្ស​ស្រី​ស្ទើរ​តែ​គ្រប់​គ្នា​តែង​មាន​និង​ប្រើប្រាស់​រៀងរាល់​ថ្ងៃ។ ក៏​ប៉ុន្តែ​ក្រៅ​ពីជួយ​ឲ្យ​នារី​ៗ​យើង​កាន់​តែ​ស្អាត និង​កាន់​តែ​ជឿជាក់​ហើយ វា​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​​បាន​ដែរ​ប្រសិន​បើ​យើង​មិន​បាន​សម្អាត​ស្បែក​មុខ​ឲ្យ​បាន​ស្អាត​ល្អ ជា​ពិសេស​ការ​ចូលគេង​ដោយ​មិន​បាន​សម្អាត​ម្សៅក្រែម​ចេញ។ ថ្ងៃ​នេះ​យើង​នឹង​នាំ​ប្រិយមិត្ត​មក​ស្វែង​យល់​ទាំង​អស់​គ្នា​ថា​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ចូល​គេង​ដោយ​មិន​បាន​លុបលាង​គ្រឿង​សម្អាង៖

១. ស្បែក​ស្ងួត

ការ​ដែល​មិន​បាន​លាង​គ្រឿង​សម្អាត​មុន​ចូល​គេង​នឹង​ធ្វើ​ឲ្យ​ស្បែក​គ្រប​ដណ្ដប់​ដោយ​សារធាតុ​គីមី​ និង​ជាតិ​ខ្លាញ់ ដែល​សុទ្ធ​តែ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​​មិន​អាច​រក្សា​សំណើម​បាន​តាម​ធម្មជាតិ ហើយ​ទី​បំផុត​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួតគ្រើម។

២. ស្បែក​ជាំ

ប្រិយមិត្ត​ដឹង​ឬ​អត់​ថា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​ជាំ​ខ្មៅ​នោះ​គឺ​ដោយ​សារ​ការ​កើន​ឡើង​នៃ​កោសិកា​ស្បែក​ងាប់​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​នេះ​ឯង ដែល​ប្រសិន​បើ​យើង​មិន​បាន​សម្អាត​​ស្បែក​មុខ​ឲ្យ​បាន​ស្អាត​ល្អ វា​នឹង​ធ្វើ​ឲ្យ​កោសិកា​ស្បែក​ងាប់​ទាំង​នោះ​នៅ​ផ្ដុំ​គ្នា​កាន់​តែ​ច្រើន។ ដូច្នេះ​ត្រូវ​លាង​សម្អាត​ម្សៅក្រែម​ឲ្យ​បាន​ស្អាត​គ្រប់​ពេល​មុន​ចូល​គេង ហើយ​​កុំ​ភ្លេច​ប្រើ​ផលិតផល Scrub ខ្លះ​ផង។

៣. កើត​មុន

បណ្ដា​សារធាតុ​កខ្វក់​ៗ​មិន​ថា​ធូលី ញើស ឬ​គ្រឿង​សម្អាង​ដែល​ជាប់​នៅ​លើ​មុខ​របស់​អ្នក​ពេញ​មួយ​ថ្ងៃ​នឹង​ក្លាយ​ជា​របស់​ដែល​រាំង​ស្ទះ​ស្បែក​មុខ​របស់​អ្នក និង​ធ្វើ​ឲ្យ​ស្បែក​អ្នក​កើត​មុន។​

៤. ស្បែក​ចាស់​ជាង​វ័យ

ការ​ដែល​អ្នក​មិន​បាន​សម្អាត​ស្បែក​មុខ​ឲ្យ​បាន​ម៉ត់ចត់ នឹង​ធ្វើ​ឲ្យ​សារធាតុ​កខ្វក់​កើន​ឡើង​កាន់​តែ​ច្រើន​លើ​ស្បែក ហើយ​នឹង​ធ្វើ​ឲ្យ​រន្ធញើស​ស្ទះ រួម​ទាំង​ធ្វើ​ឲ្យ​​កើត​​មាន​ពពួក​រ៉ាឌីកាល់សេរី​ដែល​នឹង​បំផ្លាញ​ខូឡាជែន (Collagen) នៅ​ខាង​ក្រោម​ស្បែក ដូច្នេះ​មិន​មាន​អ្វី​ប្លែក​ឡើយ​ដែល​អ្នក​នឹង​មើល​ទៅ​ចាស់​ជាង​វ័យ។

៥. កើត​ពពែ​ភ្នែក និង​ឆ្លង​មេរោគ

ប្រសិន​បើ​នារី​ៗ​មិន​បាន​លាង Make Up ​មុន​ចូល​គេង​ទេ បញ្ហា​មួយ​​ដែល​អាច​កើត​ឡើង​បាន​គឺ រោគ​ពពែភ្នែក។ ក្រៅ​ពី​នេះ​ប្រសិន​បើ​អ្នក​មាន​របួស​អ្វី​មួយ​នៅ​លើ​ស្បែក​មុខ​ហើយ​ចូល​គេង​ទាំង​មិន​បាន​សម្អាត​មុខ នោះ​នឹង​ធ្វើ​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ។

៦. ស្បែក​រលាក

ការ​ដែល​មិន​បាន​លាង​គ្រឿង​សម្អាង​ចេញ​មុន​ចូល​គេង​នឹង​ធ្វើ​ឲ្យ​សារធាតុ​កខ្វក់​ដក់​ជាប់​នៅ​លើ​ស្បែក​​ និង​ធ្វើ​ឲ្យ​ស្បែក​មិន​រឹង​មាំ ដែល​នោះអាច​នឹង​ធ្វើ​ឲ្យ​កើត​មាន​ការ​រលាក​បាន ដូច​ជា មាន​ស្នាម​កន្ទួល​ក្រហម មាន​អាការៈ​រមាស់ ក្រមរ​ ។ល។

៧. បបូរ​មាត់​ក្រៀម និង​របក

ស្បែក​នៅ​បរិវេណ​បបូរ​​មាត់​របស់​យើង​មាន​សភាព​ស្ដើង​ជាង​ស្បែក​​នៅ​ផ្នែក​ផ្សេង​ៗ​ទៀត​​នៃ​រាងកាយ ដូច្នេះ​ហើយ​ការ​ដែល​មិន​បាន​លាង​ក្រែម​ចេញ​មុន​ពេល​គេង​អាច​នឹង​ធ្វើ​ឲ្យ​កើត​មាន​ការ​រលាក ឬ​របក​មាត់​បាន​នៅ​ពេល​ព្រឹក​បន្ទាប់ ដែល​ធ្វើ​ឲ្យ​ការ​តុបតែង​មុខ​របស់​អ្នក​មិន​រលូន​ដូច​ធម្មតា៕

ចុចអាន៖

ប្រភព៖ Orami ប្រែសម្រួលៈ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម