មានគន្លឹះ៥យ៉ាង ជួយបុរសនារី ពីការបាត់មុននៅលើខ្នង

  • 2024-02-22 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុនខ្នង គឺជាបញ្ហាដែលមិនត្រឹមតែធ្វើឱ្យស្ត្រីបាត់បង់ទំនុកចិត្តលើរូបរាងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កបញ្ហាជាច្រើនទៀតផងដែរ ជាពិសេសនៅពេលដែលស្ត្រីស្លៀកពាក់វាល។ ការកើតមុនអាចបណ្តាលមកពីមូលហេតុជាច្រើន ចាប់ពីអរម៉ូន របបអាហារ រហូតការថែទាំស្បែកមិនត្រឹមត្រូវ។ ថ្ងៃនេះ កញ្ញា នឹងចែករំលែកនូវគន្លឹះថែរក្សាស្បែក សម្រាប់អ្នកដែលមានមុននៅតំបន់ខ្នង៖

១ . ខាត់ស្បែកឱ្យបានទៀងទាត់

ដើម្បីរក្សាស្បែករបស់អ្នកឱ្យរលោង និងមិនចាំបាច់ព្រួយបារម្ភអំពីការកើតមុន ឬស្នាមប្រេះ ការសម្អាតគឺជារឿងសំខាន់ដំបូងក្នុងការថែរក្សាស្បែក។ ដូចនេះអ្នកត្រូវសំអាតឲ្យបានស្អាត និងបានទៀតទាត់ រួមទាំងការប្រើសាប៊ូដែលមានគុណភាពល្អ។

២ . ផ្លាស់ប្តូរ និងបោកខោអាវឲ្យបានស្អាតនិងទៀងទាត់

ជារៀងរាល់ថ្ងៃ នៅពេលដែលយើងសម្រាកប្រហែល 8 ម៉ោងនៅលើគ្រែ វាអាចជាកន្លែងដែលផ្ទុកបាក់តេរី ប្រេង និងក្លិនខ្លួនយ៉ាងច្រើន។ ហើយវាច្រើនតែជាមូលហេតុនៃអាឡែស៊ី និងមុន ដែលមនុស្សជាច្រើនតែងតែមិនអើពើ។ ដូច្នេះហើយ ការបោកគក់ខោអាវ កម្រាលពូក និងស្រោមខ្នើយរៀងរាល់សប្តាហ៍មានសារៈសំខាន់ណាស់ ដើម្បីជៀសវាងការរលាកស្បែក និងមុន ជាពិសេសសម្រាប់ស្បែកងាយប្រតិកម្ម។

៣ . ជ្រើសរើសឡេការពារដែលមានជាតិសំណើម

ដើម្បីរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អ ការប្រើឡេលាបខ្លួនក៏ជាកត្តាចាំបាច់ផងដែរ។ មិនចាំបាច់ជ្រើសរើសក្រែមព្យាបាលដែលពឹងផ្អែកខ្លាំងនោះទេ គ្រាន់តែជ្រើសរើសឡេការពារដែលមានភាពស្រាល ស្រូបយកលឿន និងផ្តល់សំណើមបានល្អគឺគ្រប់គ្រាន់ហើយ។ នេះជួយឱ្យស្បែករក្សាភាពរឹងមាំធម្មជាតិរបស់វា ដោយហេតុនេះការពារប្រឆាំងនឹងមុន និងការរលាកពីកត្តាខាងក្រៅ។

៤. រក្សាសក់របស់អ្នកឱ្យស្អាត

ប្រាកដណាស់មនុស្សជាច្រើននឹងមិនគិតថាការមិនកក់សក់របស់ពួកគេឱ្យបានហ្មត់ចត់អាចជាមូលហេតុនៃការកើតមុននោះទេ។ ប្រសិនបើអ្នកកក់សក់ និងងូតទឹកក្នុងពេលតែមួយ សូមយកចិត្តទុកដាក់ជាពិសេស ដើម្បីលុបសាប៊ូកក់សក់ ឬក្រែមបន្ទន់ដែលទុកនៅលើខ្នងរបស់អ្នក។ ប្រសិនបើមិនបានសម្អាតឱ្យបានហ្មត់ចត់ទេ សារធាតុទាំងនេះអាចស្ទះរន្ធញើស បណ្តាលឱ្យរលាក និងបង្កើតលក្ខខណ្ឌសម្រាប់មុនខ្នង។

៥ . សម្អាតរាងកាយរបស់អ្នកបន្ទាប់ពីមានញើសនៅលើខ្លួន

ការមានញើសនៅលើខ្លួន ពេលយើងធ្វើអ្វីមួយដោយបញ្ចេញកម្លាំង នោះវាអាចបង្កើតជាតិខ្លាញ់ ដែលបណ្តាលឲ្យស្ទះរន្ធញើស ដែលបណ្តាលឲ្យរលាក ប្រតិកម្មអាលែហ្សី នៅលើស្បែក។ ដូច្នេះហើយ ការសម្អាតរាងកាយក្រោយពេលមានញើស ជាវិធីសាស្រ្តដ៏សំខាន់មួយ ដើម្បីជួយឱ្យស្បែករក្សាភាពរលោងនិងមិនមានមុន។

ក្នុងការជ្រើសរើសសាប៊ូបំបាត់មុន អ្នកគួរតែផ្តល់អាទិភាពក្នុងការជ្រើសរើសសាប៊ូជាប្រភេទសាប៊ូដុំ ដើម្បីកាត់បន្ថយហានិភ័យនៃការស្ទះរន្ធញើស និងមានសមត្ថភាពសម្អាតបានល្អជាងសាប៊ូរាវ។

ប្រភព៖ emdep

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម