ញ៉ាំម្នាស់ក្រោយបាយ ជួយរំលាយអាហារបានល្អ

  • 2023-12-30 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្នាស់​ក្រៅ​ពី​សម្បូរ​ដោយ​វីតាមីន​ C ល្អ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ ក៏​មាន​ផ្ទុក​សារ​ធាតុ​សំខាន់ៗ​ផ្សេង​ទៀត​ពិសេស​ជាតិ​សរសៃ​ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​សុខ​ភាព​ពោះវៀន​​។ ​ម្នាស់​មាន​ប្រយោជន៍​ចំពោះ​ការ​រំលាយ​អាហារ​ក៏​ដោយសារ​មាន​វត្ត​មាន​សារធាតុ​ជាក់​លាក់ អង់ស៊ីម និង​ជាតិ​សរសៃ​។

ម្នាស់​និង​ការ​រំលាយអាហារ៖ បើ​សិន​ជា​យើង​ញ៉ាំ​អាហារ​មាន​សាច់​ច្រើន វា​អាច​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​រំលាយ​។ ការ​ញ៉ាំ​ម្នាស់​ក្រោយ​ពេល​ញ៉ាំ​បាយ​ អាច​ជួយ​ឲ្យ​មាន​ការ​រំលាយ​អាហារ​បាន​ល្អ នេះ​ក៏​ដោយសារ​ម្នាស់​ជា​ប្រភព​នៃ bromelain ដែល​ជា​អង់ស៊ីម​ជួយ​បំបែក​ប្រូតេអ៊ីន​។ ដោយសារ​តែ​មាន​អង់ស៊ីម​ប្រភេទ​នេះ​ហើយ​បាន​ជា​ម្នាស់​ត្រូវ​គេ​ប្រើ​សម្រាប់​ជួយ​ធ្វើ​ឲ្យ​សាច់​ផុយ​។ Bromelain ជួយ​បំបែក​ប្រូតេអ៊ី និង​ធ្វើ​ឲ្យ​សាច់​ដែល​យើង​ញ៉ាំ​ចូល​ទៅ​មាន​សភាព​ទន់ ធ្វើ​ឲ្យ​កាន់​តែ​ងាយ​រំលាយ និង​ឲ្យ​រាង​កាយ​ស្រូប​យក​សារជាតិ​ចិញ្ចឹម​បាន​ល្អ។​

ម្នាស់​ជួយ​ឲ្យ​បត់​ជើង​ស្រួល​៖​ ម្នាស់​ជា​ប្រភព​នៃ​ជាតិ​សរសៃ ពិសេស​សរសៃ​​មិន​រលាយ ដែល​វា​ជួយ​ធ្វើ​ឲ្យ​យើង​អាច​បត់ជើង​បាន​ស្រួល និង​ទៀង​ទាត់។ ដូច​គ្នា​ដែរ វា​ក៏​អាច​ជួយ​បង្ការ​បញ្ហា​ទល់​លាមក និង​ពង្រឹង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។​

​គាំទ្រ​សុខភាព​ពោះ​វៀន៖ ដោយសារ​តែ​ភាព​សម្បូរ​បែប​នៃ​ជាតិ​សរសៃ​ធ្វើ​ឲ្យ​ម្នាស់​មាន​ប្រយោជន៍​ចំពោះ​​​សុខភាព​ក្រពះ​ពោះ​វៀន​។ ជាតិ​សរសៃ​ដើរ​តួ​ជា​ប្រ៊ីបាយអូទិក ជំរុញ​​ដល់​ការ​លូត​លាស់​បាក់តេរី​ល្អ​ក្នុង​ពោះ​វៀន​។​ តុល្យភាព​បាក់តេរី​ក្នុង​ពោះ​វៀន​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ និង​ជួយ​ដល់​សុខភាព​ទូទៅ​ផង​ដែរ។

​ម្នាស់​ជួយ​ប្រឆាំង​អាការៈ​ចង្អោរ​៖ ​ម្នាស់​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​ជួយ​កាត់​បន្ថយ​អាការៈ​ចង្អោរ។ ដើម្បី​កាត់​បន្ថយ​អាការៈ​ចង្អោរ យើង​អាច​ញ៉ាំ​ម្នាស់ ឬ​ទឹក​ម្នាស់​។ ​ជាតិ​ផ្អែម​ធម្មជាតិ និង​អង់ស៊ីម bromelain ​ក្នុង​ផ្លែ​​ម្នាស់​ជួយ​​ឲ្យ​ក្រពះ​ដំណើរ​ការ​បាន​ល្អ។

ប្រភព៖ webmd ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម