បើមានបញ្ហាខ្វះគ្រាប់ឈាមក្រហម​ អំឡុងពេលមានផ្ទៃពោះ តើម៉ាក់ៗត្រូវធ្វើយ៉ាងណា?

  • 2025-07-16 08:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើមានបញ្ហាខ្វះគ្រាប់ឈាមក្រហម​ អំឡុងពេលមានផ្ទៃពោះ តើម៉ាក់ៗត្រូវធ្វើយ៉ាងណា?

ភាពស្លេកស្លាំងជាស្ថានភាពដែលមនុស្សយើងមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់ ដើម្បីដឹកនាំអុកស៊ីសែនគ្រប់គ្រាន់ទៅចិញ្ចឹមគ្រប់កោសិការបស់យើង។ អំឡុងពេលមានផ្ទៃពោះ ស្ត្រីនឹងមានហានិភ័យខ្ពស់ជាងអ្នកដទៃក្នុងការខ្វះគ្រាប់ឈាមក្រហមដោយសារមូលហេតុកង្វះជាតិដែកជាចំបង។ ការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ អាចធ្វើឱ្យស្ត្រី និងទារកក្នុងផ្ទៃខ្សោយ និងហត់អស់កំលាំងជាងធម្មតា។

១. តើអ្វីដែលបណ្តាលឱ្យខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ?

បញ្ហាខ្វះគ្រាប់ឈាមក្រហមបណ្តាលមកពីកង្វះជាតិដែក ដែលរាងកាយរបស់មនុស្សយើងប្រើជាតិដែកដើម្បីផលិតអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ដែលមានតួនាទីដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមគ្រប់កោសិការបស់យើង។ អំឡុងពេលមានផ្ទៃពោះ តម្រូវការជាតិដែករបស់ស្ត្រីនឹងកើនឡើងទ្វេរដង ដើម្បីជួយទារកក្នុងការផលិតគ្រាប់ឈាមរបស់គេ។

ប្រសិនបើស្ត្រីមានផ្ទៃពោះមិនមានបរិមាណជាតិដែកស្តុកទុកបានគ្រប់គ្រាន់ ឬទទួលទានជាតិដែកមិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះ នោះនឹងងាយកើតមានភាពស្លេកស្លាំងដោយខ្វះជាតិដែក។ ក្រៅពីកង្វះជាតិដែក ជំងឺខ្វះគ្រាប់ឈាមក្រហម ក៏មានមូលហេតុផ្សេងៗដ៏ទៃទៀតដែរ ដូចជា ជំងឺអេម៉ូក្លូប៊ីន ឫជំងឺគ្រាប់ឈាមផ្សេងៗទៀត ករណីនេះ តម្រូវឲ្យអ្នកជំងឺទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងជំងឺឈាម ដើម្បីរករោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។

២. ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃអំឡុងពេលមានបញ្ហាខ្វះគ្រាប់ឈាមក្រហម៖

ស្លេកស្លាំងដោយខ្វះជាតិដែកអំឡុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬទារកកើតមកមានទម្ងន់ទាប ឬទារកខ្សោយ។

៣. កត្តាប្រឈម៖

ស្ត្រីដែលមានហានិភ័យខ្ពស់ក្នុងការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះរួមមាន:

  • ស្ត្រីដែលមានកូនច្រើនហើយញឹក
  • ស្ត្រីដែលមានផ្ទៃពោះដែលមានទារកច្រើនជាងមួយ(កូនភ្លោះ)
  • ស្ត្រីដែលដែលក្អួតញឹកញាប់ដោយសារចាញ់កូន
  • ស្ត្រីដែលពិសារជាតិដែកមិនបានគ្រប់គ្រាន់
  • ស្ត្រីដែលមានប្រវត្តិហូរឈាមរដូវច្រើន មុនពេលមានផ្ទៃពោះ។

៤. រោគសញ្ញានៃការខ្វះគ្រាប់ឈាមក្រហម៖

ក្នុងករណីភាពស្លេកស្លាំងនៅកម្រិតស្រាល នោះមិនមានរោគសញ្ញាណាមួយលេចចេញឡើយ គឺមានតែការពិនិត្យគ្រាប់ឈាមដោយឧបករណ៍វេជ្ជសាស្ត្រស្វ័យប្រវត្តិទើបអាចកំណត់រោគវិនិច្ឆ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបាន។ តែបើក្នុងករណីភាពស្លេកស្លាំងកំរិតមធ្យម ឬធ្ងន់ធ្ងរ រោគសញ្ញាអាចនឹងស្ដែងចេញដូចជា:

  • អស់កម្លាំងខ្លាំង និងទន់ខ្សោយ
  • ស្បែកស ស្លេកជាងធម្មតា
  • មានការញ័រទ្រូង ញ័របេះដូង
  • ហត់ ដង្ហើមខ្លីៗ
  • វិលមុខ ឬឈឺក្បាលជាដើម

ជាទូទៅរោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហម​ មួយចំនួនអាចស្រដៀងគ្នាទៅនឹង រោគសញ្ញានៃការមានផ្ទៃពោះ ទូទៅដែរ។ ទោះមាន ឫមិនមានរោគសញ្ញា គ្រប់ស្ត្រីមានផ្ទៃពោះនឹងត្រូវបានធ្វើតេស្តឈាម​ ក្នុងពេលពិនិត្យសុខភាពមុនសម្រាល។

៥. វិធីការពារ និងព្យាបាល៖

វិធីការពារបញ្ហាខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ ជាធម្មតាគឺការផ្តល់ថ្នាំវីតាមីនសំរាប់អ្នកមានផ្ទៃពោះដែលមានផ្ទុកជាតិដែកបរិមាណគ្រប់គ្រាន់។ ការទទួលទានពួកវីតាមីន និងជាតិដែក អាចជួយការពារ និងព្យាបាលភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ អ្នកត្រូវការជាតិដែក២៧ មីលីក្រាមក្នុងមួយថ្ងៃ។ អាហាររូបត្ថម្ភល្អអាចការពារភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។

៦. អាហារសំបូរជាតិដែករួមមាន:

  • សាច់ក្រហមគ្មានខ្លាញ់
  • សាច់មាន់
  • សាច់ត្រី
  • គ្រាប់ធញ្ញជាតិ
  • សណ្តែក និងបន្លែ។

ដើម្បីបង្កើនការស្រូបយកជាតិដែកពីប្រភពសាច់ រុក្ខជាតិ និងថ្នាំគ្រាប់ គួរពិសារជាមួយអាហារដែលមានវីតាមីនសេខ្ពស់ ដែលមានដូចជាទឹកក្រូចច្របាច់ ទឹកប៉េងប៉ោះឬ strawberries។ ប្រសិនបើអ្នកបានប្រើថ្នាំគ្រាប់ជាតិដែកជាមួយនឹងទឹកក្រូច គួរជៀសវាងការប្រើពពួកជាតិកាល់ស្យូមក្នុងពេលព្រមគ្នាតែមួយ។ ទោះបីជាសារធាតុចិញ្ចឹមកាល់ស្យូមមានសារៈសំខាន់អំឡុងពេលមានផ្ទៃពោះ ប៉ុន្តែជាតិកាល់ស្យូមអាចបន្ថយការស្រូបយកជាតិដែក៕

ប្រភព៖ Womenshealth ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទថ្មី