៥ សញ្ញា បញ្ជាក់ថារាងកាយរបស់អ្នក មិនបានទទួលយកពន្លឺថ្ងៃគ្រប់គ្រាន់
- 2021-10-22 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ សញ្ញា បញ្ជាក់ថារាងកាយរបស់អ្នក មិនបានទទួលយកពន្លឺថ្ងៃគ្រប់គ្រាន់
ពន្លឺព្រះអាទិត្យអាចជះឥទ្ធិពលទៅលើរាងកាយជាច្រើនរួមមានអារម្មណ៍ ទម្ងន់ និងសុខភាពរបស់អ្នក។ ហេតុនេះហើយទើបបានជាការស្រូបយកពន្លឺព្រះទិត្យឲ្យបានត្រឹមត្រូវ ពិតជាសារៈសំខាន់ខ្លាំងណាស់៕
តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើអ្នកមិនបានឲ្យរាងកាយប៉ះនឹងពន្លឺថ្ងៃគ្រប់គ្រាន់?
អ្នកប្រាកដជាបានដឹងហើយថា ប្រសិនបើត្រូវពន្លឺថ្ងៃយូរខ្លាំងពេក គឺអាចបង្កគ្រោះថ្នាក់ ប៉ុន្តែកុំភ្លេចថាសូម្បីតែការមិនបានស្រូបយកវាទាល់តែសោះ ក៏អាចបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះសុខភាពដែរ។
ស្របពេលដែលមានជំងឺកូវីដ១៩ កំពុងតែហាមឃាត់អ្នកឲ្យសំងំនៅក្នុងផ្ទះច្រើនជាងមុនផងនោះ មានមនុស្សមួយ អ្នកជំនាញនៃ CDC បានណែនាំឲ្យចេញស្រូបយកខ្យល់អាកាសខ្លះក៏មិនអីដែរ ប៉ុន្តែកុំភ្លេចប្រកាន់ខ្ជាប់នូវអនាម័យនិងការការពារឲ្យបានត្រឹមត្រូវ។ អ្នកអាចដើរលំហែនៅកន្លែងគ្មានមនុស្សកុះករ អាចអង្គុយនៅរានហានមុខផ្ទះ ឬអង្គុយនៅជាប់បង្អួតដែលមានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់។
ប្រសិនបើរាងកាយលេចចេញសញ្ញា ៥ យ៉ាងនេះ បញ្ជាក់ថាអ្នកមិនទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់នោះទេ។
១. មានអារម្មណ៍ឆាប់មួម៉ៅ និងពិបាកចិត្តច្រើន
ស្ថិតក្នុងអាកាសធាតុត្រជាក់ អាចនឹងធ្វើឲ្យអារម្មណ៍ប្រែជាអាប់អួ ដោយសារខ្វះពន្លឺថ្ងៃ។ តាមការអះអាងរបស់លោក Wesley Delbridge ដែលជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភនិងអាហារបំប៉ន បានបង្ហាញថា នៅពេលរាងកាយមិនបានស្រូបយកពន្លឺថ្ងៃគ្រប់គ្រាន់ កម្រិតនៃអ័រម៉ូនសេរ៉ូតូនីននៅក្នុងខួរក្បាលបានធ្លាក់ចុះ បណ្តាលឲ្យអ្នកមានអារម្មណ៍មិនល្អ ឆាប់ខឹងមួម៉ៅស្មុគស្មាញពិបាកចិត្តច្រើន។
២. ឡើងគីឡូ
ក្រៅពីផ្តល់វីតាមីន D មកឲ្យស្បែក ពន្លឺព្រះអាទិត្យមានសារធាតុចិញ្ចឹមនីត្រាតអុកស៊ីដ (nitric oxide) ដែលជួយឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អ និងកាត់បន្ថយការឃ្លានហួសប្រមាណ។ តាមការចុះផ្សាយនៅក្នុងទស្សនាវដ្ដីនៃជំងឺបានសរសេរទៀតថា ការប៉ះនឹងពន្លឺថ្ងៃគ្រប់គ្រាន់ អាចជួយបន្ថយការឡើងគីឡូ និងហានិភ័យនៃជំងឺទឹកនោមផ្អែមទៀតផង។ បញ្ហាឡើងគីឡូភាគច្រើនកើតមានក្នុងរដូវរងា ដែលមូលហេតុអាចបណ្តាលមកពីខ្វះពន្លឺថ្ងៃ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ជំនាញផ្នែកធម្មជាតិ នៃប្រទេសកាណាដាក្នុងឆ្នាំ២០១៧។ យ៉ាងណាមិញ ប្រសិនបើអ្នកមិនបានស្រូបយកពន្លឺថ្ងៃឬទទួលបានតិចតួចបំផុត គួរញ៉ាំព្យាយាមញ៉ាំអាហារណាដែលមានវីតាមីន D ជំនួសវិញ។
៣. ឈឺឆ្អឹងឆ្អែង
អ្នកប្រហែលជាមើលរំលង ពីជំងឺរលាកសន្លាក់ឬជំងឺរលាកសាច់ដុំ ដែលកើតមានទៅលើវ័យជំទង់ តាមការពិតវាក៏អាចបណ្តាលមកពីកង្វះវីតាមីន D ដោយសាររាងកាយមិនត្រូវពន្លឺគ្រប់គ្រាន់។ អ្នកអាចនឹងមានអារម្មណ៍ថាឈឺឬរោយក្នុងឆ្អឹង ឬឈឺចុកចាប់ពេញរាងកាយនៅពេលព្រឹក។ ជីវជាតិកាល់ស្យូម និងខូឡាជែន អាចធ្វើការជាមួយគ្នាបានល្អ ដើម្បីជួយឲ្យឆ្អឹងរឹងមាំ ប៉ុន្តែបើខ្វះវីតាមីន D ដំណើរការនឹងរអាក់រអួល ជាហេតុធ្វើឲ្យឆ្អឹងមានការឈឺចាប់ ឬមានអារម្មណ៍លោតកន្រ្តាក់ខុសធម្មតានៅក្នុងឆ្អឹង។
៤. គេងមិនស្កប់
កង្វះពន្លឺថ្ងៃពិតជាប៉ះពាល់ដល់រាងកាយខ្លាំងណាស់។ ការចំណាយពេលយូរ ជាមួយនឹងពន្លឺដែលចេញពីទូរសព្ទឬកុំព្យូរទ័រ អាចបង្កផលមិនល្អចំពោះដំណេក គេងមិនស្កប់ស្កល់ យូៗទៅអាចបណ្តាលទៅជាជំងឺគេងពុំលក់តែម្តង។
៥. បែកញើសលើសកម្រិត
ការបែកញើសខ្លាំងនៅលើថ្ងាស ជាពិសេសសូម្បីពេលមិនបានហាត់ប្រាណ ឬមិនស្ថិតក្នុងកន្លែងក្តៅ ប៉ុន្តែអ្នកនៅតែបែកញើសជោគ វាជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកកំពុងខ្វះវីតាមីន D ហើយ។ ប្រសិនបើអ្នកនៅបន្តមានបញ្ហាបែបនេះ គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីវាស់ស្ទង់ពីកម្រិតនៃវីតាមីន D ក្នុងរាងកាយឲ្យបានត្រឹមត្រូវ។ កាលណា វីតាមីន D មានកម្រិតទាបខ្លាំងពេក អ្នកអាចប្រឈមនឹងជំងឺផ្សេងៗដូចជា ទឹកនោមផ្អែម រលាកសន្លាក់ និងមហារីក៕
ចុចអានបន្ត៖ សញ្ញាបញ្ជាក់ថាអ្នកហត់នឿយចិត្ត ច្រើនជាងហត់នឿយកាយ