សញ្ញាបញ្ជាក់ថាអ្នកហត់នឿយចិត្ត ច្រើនជាងហត់នឿយកាយ
- 2020-04-10 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាបញ្ជាក់ថាអ្នកហត់នឿយចិត្ត ច្រើនជាងហត់នឿយកាយ
តើអ្នកធ្លាប់មានអារម្មណ៍ថា អស់កម្លាំងខ្សោះក្នុងខ្លួនដែរទេ? តើអ្នកបានរកដំណោះស្រាយ ដោយសម្រាកឬធ្វើអ្វីផ្សេង នៅតែមិនបានផលមែនទេ? ជួនកាលវាមិនមែនបណ្តាលមកពីរាងកាយតែមួយមុខដែលអស់កម្លាំង បូករួមជាមួយនឹងហត់នឿយចិត្តបន្ថែមពីលើទៀត ទើបក្លាយជាបែបនេះ។ បើអ្នកសង្កេតឃើញមានសញ្ញាដូចខាងក្រោម មានន័យថាអ្នកកំពុងតែហត់នឿយក្នុងចិត្តខ្លាំង ដូច្នេះហើយត្រូវតាមដានយកចិត្តទុកដាក់ ប្រុងប្រយ័ត្នដើម្បីការពារខ្លួនមិនឲ្យធ្លាក់ដុនដាប ពិបាកកែខៃ។
**១. មានអារម្មណ៍ថាឈឺនៅក្នុងខ្លួនសុខធម្មតា**
ខួរក្បាល រាងកាយ និងបេះដូង មានទំនាក់ទំនងផ្សារភ្ជាប់គ្នា។ ក្នុងចំណោម៣នេះ បើមានមួយណាមិនស្រួលហើយ វានឹងប៉ះពាល់ទាំងអស់។ ប្រសិនបើអ្នកហត់ចិត្ត រាងកាយក៏បង្កផលរំខានទៅតាមហ្នឹងដែរ ដូចជា ឈឺចាប់ក្នុងខ្លួនពិបាកពន្យល់ វិលមុខ ចង់ក្អួតម្តងៗ ឈឺក្បាលខ្ទោកៗ ស្រវាំង ភើក្នុងក្រពះជាដើម។
២. ភ័យខ្លាចឬភ្លឹកម្តងៗ
ពេលណានៅក្នុងចិត្តហត់នឿយហើយ អ្នកច្បាស់ជាពិបាកស្វែងរកសេចក្ដីស្ងប់ឲ្យខ្លួនឯង ហើយមើលឃើញពិភពលោកហាក់បីជាងងឹតឈឹង។ ទោះព្យាយាមធ្វើរឿងដែលសប្បាយចិត្ត ក៏លែងមានប្រសិទ្ធភាពដូចមុន មានតែអារម្មណ៍ភ័យខ្លាច អស់សង្ឃឹម ឬភ្លឹកម្តងៗ។
៣. ពិបាកនឹងប្រឈមជាមួយបញ្ហា
ជីវិតមានចុះមានឡើង ប៉ុន្តែពេលជួបបញ្ហា អ្នកបែរជាមិនរឹងមាំដើម្បីតតាំងជាមួយឧបសគ្គតូចធំដែលកើតឡើងនៅចំពោះមុខ។ បើពិតជាបែបនេះមែន ត្រូវស្វះស្វែងស្រោចស្រង់ខ្លួនឯងឡើងវិញ ដោយវិធីណាក៏បាន មិនថាទៅហាត់យូហ្គា តាំងសមាធិ ដើរលេងលំហែកាយ ដើម្បីយកថាមពលមកវិញ។
៤. គេងមិនលក់
បើអ្នកមិនសប្បាយចិត្តស្មុគស្មាញច្រើន ទោះខំប្រឹងចូលគេងលឿនសំងំបិទភ្នែក២-៣ម៉ោង នៅតែគេងមិនលក់។ លុះពេលភ្ញាក់ឡើងអ្នកច្បាស់ជាមានអារម្មណ៍មិនស្រឡះ ល្វើយនិងអស់កម្លាំង ពិបាកផ្តោតអារម្មណ៍ក្នុងការធ្វើកិច្ចការផ្សេងៗ។
៥. ផ្លាស់ប្តូរអារម្មណ៍ខុសធម្មតា
អ្នកមួម៉ៅ ឆាប់ខឹង ឆាប់ច្រណែន ឆាប់អន់ចិត្ត ពិបាកគ្រប់គ្រងអារម្មណ៍។ ក្តីស្រលាញ់ ក្តីមេត្តាដែលធ្លាប់មាន មិនដូចកាលពីមុន ដោយសារតែអ្នកគ្មានកម្លាំងកំហែងនៅក្នុងចិត្តទាល់តែសោះ។
៦. មានអារម្មណ៍ថាឯកា ទោះបីកំពុងតែនៅជាមួយគ្នាច្រើនក៏ដោយ
អ្នកហាក់បីឯកាកណ្តោចកណ្តែងទោះមានគ្នាច្រើនក៏ដោយ គិតថាគ្មាននរណាយល់ចិត្តអ្នក មិនអាចទុកចិត្តមនុស្សនៅជុំវិញខ្លូនបាន ហើយចង់នៅស្ងាត់ៗម្នាក់ឯងមិនចង់មានអ្នករំខាន។
៧. បារម្ភពីអនាគតប៉ុន្តែមិនអាចធ្វើបានក្រៅពីខ្វល់ចិត្ត
ពេលអ្នកហត់ចិត្ត អ្នកគ្មានកម្លាំងសូម្បីគិតគូររៀបចំផែនការទៅថ្ងៃអនាគត។ អារម្មណ៍រសាត់អណ្តែតគ្មានទិសដៅពិតប្រាកដ។ នេះមូលហេតុមួយ ដែលធ្វើឲ្យអ្នកខ្វល់ខ្វាយច្រើន មិនអាចតាំងស្មារតីឲ្យនឹងន ដើម្បីរីករាយជាមួយជីវិតក្នុងបច្ចុប្បន្នកាល។
**វិធីសាស្រ្តក្នុងការជួយព្យាបាលជំងឺហត់នឿយចិត្ត មានដូចជា៖
១. យកចិត្តទុកដាក់គិតគូរពីសុខភាពផ្ទាល់ខ្លួនមុនគេបង្អស់ រឿងផ្សេងទុកមួយឡែកសិន។
២. សម្រាកឲ្យបានគ្រប់គ្រាន់ ជំនួសការលេងទូរសព្ទហើយងាកមកធ្វើសកម្មភាពផ្សេងៗ ដូចជាអានសៀវភៅ ហែលទឹក រាំច្រៀងជាដើម។
៣. ដើរលេងនៅកន្លែងធម្មជាតិ លំហែខួរឲ្យស្រឡះ។
៤. ព្យាបាលដោយវិធីធម្មជាតិដូចជា ឆ្ពុងឬម៉ាស្សាដើម្បីឲ្យស្រួលខ្លួននិងមានអារម្មណ៍ល្អ។
៥. ជៀសវាងបង្ខំខ្លួនឯងធ្វើអ្វីហួសសមត្ថភាព ហើយត្រូវរស់នៅដោយភាពអន់អោន ចិត្តមេត្តានិងក្តីស្រលាញ់
៦. ដកដង្ហើមឲ្យបានវែងៗ ហាត់ប្រាណ និងជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវ។
កម្លាំងចិត្តពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា កាលណាអ្នកមានកម្លាំងចិត្តគ្រប់គ្រាន់ ទើបអាចសម្រេចកិច្ចការផ្សេងៗបាន។ ហេតុនេះហើយ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវប្រកាន់ស្មារតីរឹងមាំជានិច្ច ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យក្នុងជីវិត៕
ចុចអានបន្ត៖ ស្រីៗដែលអង្គុយធ្វើការយូរងាយប្រឈមជំងឺ ៥ មុខនេះខ្ពស់បំផុត