វិធីសាស្ត្រក្នុងការផ្លាស់ប្ដូរពីភាពស្ត្រេសឲ្យទៅជាអត្ថប្រយោជន៍សម្រាប់ខ្លួនឯងវិញ
- 2021-10-23 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រក្នុងការផ្លាស់ប្ដូរពីភាពស្ត្រេសឲ្យទៅជាអត្ថប្រយោជន៍សម្រាប់ខ្លួនឯងវិញ
ជារឿយៗមនុស្សភាគច្រើនតែងតែទទួលរងនូវអារម្មណ៍ស្ត្រេសដែលវាអាចបណ្ដាលមកពីកត្តាជាច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ទាំងបញ្ហាការងារ គ្រួសារនឹងស្នេហាជាដើម។ ស្ត្រេស មិនមែនតែងតែជារឿងអវិជ្ជមាននោះទេ ពីព្រោះបើតាមការសិក្សារបស់លោកបណ្ឌិតសាស្ត្រាចារ្យផ្នែកចិត្តវិទ្យាបានរកឃើញថា អ្នកអាចប្រើស្ត្រេសដើម្បីបង្កើតផលល្អៗសម្រាប់ខ្លួនឯងបាន។
បើយោងទៅតាមការសិក្សាកាលពីពេលថ្មីៗនេះ និងការធ្វើបទពិសោធន៍ជាមួយអ្នកជំនាញផ្នែកចិត្តវិទ្យាបានបង្ហាញលទ្ធផលថា ជាទូទៅមនុស្សអាចទទួលរងបទពិសោធន៍នៃស្ត្រេសបានដោយងាយ តែវាអាស្រ័យទៅលើពួកគេក្នុងការផ្លាស់ប្ដូរឲ្យទៅជារឿងវិជ្ជា ឬអវិជ្ជមាន។
ក្នុងកំឡុងពេលសិក្សា អ្នកស្រាវជ្រាវ បានបង្រៀនពីរបៀបវាយតម្លៃនៃភាពតានតឹងរបស់មនុស្សដោយឲ្យពួកគេព្យាយាម និងធ្វើការផ្លាស់ប្តូរស្ថានភាពស្ត្រេសអវិជ្ជមានឲ្យទៅជាស្ថានភាពស្ត្រេសប្រភេទប្រឈម ហើយនឹងការសម្របខ្លួនទៅតាមប្រភេទស្ត្រេសនោះ។ គោលបំណងគឺមិនមែនដើម្បីតែបំបាត់ ឬកាត់បន្ថយភាពតានតឹងតែប៉ុណ្ណោះទេ តែវាជាការប្រើភាពតានតឹងទាំងនោះឲ្យទៅជាឧបករណ៍ដើម្បីទទួលបានអត្ថប្រយោជន៍ និងភាពជោគជ័យ។
ការយល់ដឹងអំពីរបៀបនៃការឆ្លើយតបទៅនឹងស្ត្រេសរបស់ពួកគេ អាចផ្ដល់ផលប្រយោជន៍ដល់ពួកគេក្នុងអំឡុងពេលបំពេញការងារ ឬនៅពេលសិក្សាជាដើម។ អ្នកស្រាវជ្រាវក៏បានរកឃើញទៀតថា អ្នកអាចប្រើភាពតានតឹងដើម្បីជួយកាត់បន្ថយការថប់បារម្ភបាន និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលទាក់ទងទៅនឹងស្ថានភាពសុខភាពផ្លូវចិត្ត។
ប្រសិនបើអ្នកគិតថាស្ត្រេសជាកម្លាំងដែលរុញច្រានអ្នកទៅរកភាពអវិជ្ជមាននោះ អ្នកត្រូវតែធ្វើការប្រកួតប្រជែងខ្លួនឯងជាមួយនឹងភាពតានតឹង ឬស្ត្រេសទាំងនោះដើម្បីភាពល្អប្រសើរឡើងវិញ។ អ្នកក៏ត្រូវតែដឹងដែលថា ចំពោះមនុស្សណាដែលមិនធ្លាប់ជួបប្រទះជាមួយស្ត្រេស ពួកគេងាយនឹងមានភាពធុញទ្រាន់ ឬអារម្មណ៍ទ្រឹងៗដូចបាត់បង់សតិណាស់។ ដូច្នេះនៅពេលណាដែលអ្នកជួបបញ្ហាស្ត្រេស អ្នកត្រូវរៀនសម្របខ្លួនជាមួយវា ទុកពេលសម្រាប់ខ្លួនឯងដើម្បីស្វែងយល់អំពីឬសគល់នៃភាពតានតឹងដែលកើតឡើង ការធ្វើសមាធិ ឬសកម្មភាពផ្សេងទៀតដែលនាំឲ្យអ្នកមានអារម្មណ៍ស្ងប់ក៏អាចជាដំណោះស្រាយក្នុងការផ្លាស់ប្ដូរទៅជារឿងល្អៗសម្រាប់ខ្លួនឯងបានដែរ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖