ប្រទេសចិនបានឈានដល់ការដោះស្រាយវប្បធម៌ការងារដ៏ឃោរឃៅហៅថា “៩៩៦”

  • 2021-09-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក Jack Ma ដែលសហស្ថាបនិកនឹងជាអតីតប្រធានប្រតិបត្តិនៃក្រុមហ៊ុន Alibaba បានពោលពាក្យនិយាយថា “វាគឺជាពរជ័យមួយ” សម្រាប់អ្នកដែលបានចូលរួមចំណែកនៅក្នុងវិស័យការងារមួយដែលត្រូវបានគេហៅថា “វប្បធម៌ការងារ ៩៩៦” ដែលតម្រូវឲ្យមនុស្សធ្វើការពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៩ យប់ក្នុងមួយថ្ងៃនឹងប្រាំមួយថ្ងៃក្នុងមួយសប្ដាហ៍។

កាលពីពេលថ្មីៗនេះអាជ្ញាធរចិនបានចេញសេចក្ដីព្រមានយ៉ាងម៉ឺងម៉ាត់ថាចំពោះក្រុមហ៊ុនណាដែលបង្ខំឲ្យបុគ្គលិករបស់ខ្លួនឲ្យធ្វើការបែបនេះនឹងត្រូវបានចាត់ទុកថា “ជាអំពើខុសច្បាប់”។ នេះបើយោងទៅតាមសេចក្ដីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ចុងសប្ដាហ៍មុន។

តុលាការកំពូល និងក្រសួងការងាររបស់ប្រទេសចិនបានរៀបរាប់លម្អិតអំពីសេចក្តីសម្រេចរបស់តុលាការចំនួន ១០ ទាក់ទងនឹងវិវាទការងារដែលភាគច្រើនពាក់ព័ន្ធទៅនឹងកម្មករដែលត្រូវបានគេបង្ខំឲ្យធ្វើការថែមម៉ោង។ ករណីនេះបាននឹងកំពុងកើតឡើងសឹងតែនៅលើគ្រប់វិស័យដែលមានចាប់ពីវិស័យបច្ចេកវិទ្យា វិស័យប្រព័ន្ធផ្សព្វផ្សាយ និងរហូតទៅដល់វិស័យសំណង់។ តាមសេចក្តីជូនដំណឹងបានព្រមានថា តាមច្បាប់កម្មករនិយោជិតមានសិទ្ធិទទួលបានសំណង និងពេលវេលាសម្រាកក្នុងអំឡុងពេលធ្វើការ ឬក៏ថ្ងៃឈប់សម្រាកលំហែលកាយ។ បន្ថែមពីនេះសេចក្ដីជូនដំណឹងបានព្រមានថាគ្រប់និយោជកទាំងអស់មានកាតព្វកិច្ចក្នុងការគោរពម៉ោងធ្វើការថ្នាក់ជាតិដែលបានកំណត់ដោយច្បាប់របស់ក្រសួងការងារនៃប្រទេសចិន។

ប៉ុន្ដែតើការជូនដំណឹងនឹងការព្រមាននេះអាចជួយដោះស្រាយទៅលើការផ្លាស់ប្ដូរសម្រាប់ប្រជាពលរដ្ឋដែលកំពុងធ្វើការហួសម៉ោង ហួសកម្លាំងបានពិតប្រាកដដែលឬទេ?

បើយោងទៅតាមច្បាប់នៃក្រសួងការងាររបស់ប្រទេសចិនថ្ងៃធ្វើការស្តង់ដារមួយមានរយះពេល ៨ ម៉ោងដោយអតិបរមា ៤៤ ម៉ោងក្នុងមួយសប្ដាហ៍ ហើយការងារណាដែលលើសពីនេះគឺទាមទារឲ្យមានប្រាក់បន្ថែមម៉ោង ប៉ុន្ដែវាហាក់ដូចជាមិនសូវបានអនុវត្តត្រឹមត្រូវឡើយ។ ទោះជាយ៉ាងណាក៏ដោយវាមានការរអ៊ូរទាំរហូតដល់មានយុទ្ធនាការតវាប្រឆាំងកាលពីពេលថ្មីៗនេះ។

វប្បធម៌ការងារ ៩៩៦ នេះត្រូវបានគេចាត់ទុកថាជាកត្តាជំរុញឲ្យក្រុមហ៊ុនទាំងនោះទទួលបានជោគជ័យ និងភាពលេចធ្លោនៅលើឆាកអន្តរជាតិ។ ប៉ុន្តែការខឹងសម្បារបស់សាធារណៈបានធ្វើឲ្យអាជ្ញាធរមិនអាចបិទភ្នែកបានទៀតទេ ពីព្រោះវាបានឈានដល់ចំណុចធ្ងន់ធ្ងរមួយដោយសារមានកម្មករពីរនាក់បានស្លាប់ កម្មករក្មេងម្នាក់ទៀតបានស្លាប់ក្នុងអំឡុងពេលត្រលប់ទៅផ្ទះវិញបន្ទាប់ពីធ្វើការអស់ជាច្រើនម៉ោង ហើយនឹងមានម្នាក់ទៀតបានស្លាប់ដោយសារការធ្វើអត្តឃាត និងមានការស្លាប់ជាច្រើនតៗទៀត។

មនុស្សជាច្រើនបាននិយាយថានៅពេលដែលអាជ្ញាធរបន្ដធ្វើការបង្ក្រាបទៅលើក្រុមហ៊ុនធំៗមួយចំនួនដើម្បីទប់ទល់ឥទ្ធិពលរបស់ពួកគេ ក្រុមហ៊ុនដទៃនឹងមិនហ៊ានទៀតឡើយ។ លោកបណ្ឌិតចាន់ ក៏មានប្រសាសន៍ថា “នៅក្នុងសារដ៏ច្បាស់មួយចំពោះនិយោជកប្រសិនបើអ្នកមិនធ្វើល្អចំពោះកម្មកររបស់អ្នកទេអ្នកនឹងបាត់បង់” ហើយវាហាក់ដូចជាបានចាប់ផ្តើមដំណើរការហើយ។

លោកស្រី Angela Zhang សាស្ត្រាចារ្យច្បាប់មកពីសាកលវិទ្យាល័យហុងកុងបាននិយាយថា “ខ្ញុំរំពឹងថាកម្មករកាន់តែច្រើននឹងទាមទារសិទ្ធិរបស់ពួកគេក្រោមច្បាប់ការងារនៅពេលពួកគេមានអារម្មណ៍ថាពួកគេត្រូវបានធ្វើបាបឬកេងចំណេញ”។ ឥឡូវនេះកម្មករប្រហែលជាមានអារម្មណ៍ក្លាហានជាងមុនដើម្បីតវាជាមួយថៅកែរបស់ពួកគេនៅថ្ងៃមុខ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម