៨ សញ្ញានៃជំងឺការថប់អារម្មណ៍កើតឡើងចំពោះកុមារដែលឪពុកម្តាយមិនបានដឹងឡើយ

  • 2021-05-12 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលកុមារមានអារម្មណ៍អាក់អន់ចិត្តដោយសារឪពុកម្ដាយឬបងប្អូនស្ដីបន្ទោស និងមិនអាចបញ្ចេញអារម្មណ៍ធ្វើការឆ្លើយតបទៅវិញបាន ហើយទុកតែក្នុងចិត្តខ្លួនឯងនោះនឹងធ្វើឲ្យពួកគេមានជំងឺថប់អារម្មណ៍ដែលអាចវិវដ្ដទៅជាជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរបាន។ ជាទូទៅអាការថប់អារម្មណ៍នេះមិនមែនជាប្រភេទជំងឺដែលធ្វើឲ្យកុមារឈឺឡើយ ប៉ុន្តែពួកគេនឹងបញ្ចេញសកម្មភាពខុសពីធម្មតាដែលឪពុកម្ដាយតែងតែគិតថាគឺជាអតចរឹតខិលខូចរបស់កូន។

ស្ថានភាពសុខភាពបែបនេះអាចធ្វើឲ្យកុមារគិតនឹងមានអារម្មណ៍ថាខ្លួនឯងមានលក្ខណៈខុសពីធម្មតា ហើយប្រសិនបើឪពុកម្ដាយមិនយកចិត្តទុកដាក់ទៀត វានឹងបណ្ដាលឲ្យគាត់ឈានទៅរកជំងឺបាក់ទឹកចិត្តបាន។ ជាទូទៅកុមារតែងតែបង្ហាញពីអារម្មណ៍របស់ពួកគេ មិនដូចជាមនុស្សធំឡើយដែលតែងតែលាក់បាំងពីអារម្មណ៍របស់ពួកគេ។ ទាំងនេះគឺជាសញ្ញានៃជំងឺថប់អារម្មណ៍ដែលកើតឡើងចំពោះកុមារដែលអ្នកមិនបានដឹងឬចាប់អារម្មណ៍ឡើយថាវាជាជំងឺនោះ៖

  • គាត់ផ្ចង់អារម្មណ៍ខ្លាំងទៅលើអ្វីមួយដោយភាពស្ងៀមស្ងាត់បំផុត
  • គាត់មានអាការឈឺពោះ (មិនមែនដោយសារអាហារឬភេសជ្ជឡើយ)
  • គាត់ទទួលរងការរំខានដោយងាយទៅលើរឿងគ្រប់យ៉ាង
  • គាត់បដិសេធមិនព្រមញ៉ាំ ធ្វើអ្វីមួយ ឬចូលគេង
  • គាត់បដិសេធមិនទៅសាលារៀន ឬចូលរួមធ្វើសកម្មភាពផ្សេងៗទៀត
  • ការព្រួយបារម្ភអំពីអនាគតរបស់ខ្លួន ឬរបស់ឪពុកម្ដាយ
  • ការភ័យខ្លាចចំពោះរឿងគ្រប់យ៉ាងដែលគាត់គម្រោងនឹងធ្វើ
  • និងការយំដោយគ្មានមូលហេតុ (អ្នកគិតថាកូនខូច ដែលអ្នកគួរតែសួរនាំរកហេតុផលវិញ)

ជំងឺថប់អារម្មណ៍ចំពោះកុមារគឺមានស្ថានភាពស្មុគស្មាញ តាមការសិក្សាបង្ហាញថាកុមារភាគច្រើនដែលមានជំងឺផ្លូវចិត្តនេះច្រើនតែចាប់ផ្តើមពីការលាក់បាំងអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់ឪពុកម្ដាយ ឬក៏ឪពុកម្ដាយមិនដែលចាប់អារម្មណ៍សួរនាំអំពីអារម្មណ៍របស់កូន តែបែរជាធ្វើការស្ដីបន្ទោសទៅវិញ។ ក្នុងនាមជាឪពុកម្តាយអ្នកត្រូវតែមានការប្រុងប្រយ័ត្ន និងដឹងជានិច្ចអំពីរោគសញ្ញានៃជំងឺថប់អារម្មណ៍របស់កូន ហើយត្រូវរិះរកវិធីដើម្បីដោះស្រាយ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម