ស្ញប់ស្ញែង! ប្រវត្តិតស៊ូ ឈឺន ស្រីពេជ្រ សកម្មការងារសង្គម មិនខ្វល់ថាខ្លួនពិបាកយ៉ាងណា
- 2020-12-14 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ញប់ស្ញែង! ប្រវត្តិតស៊ូ ឈឺន ស្រីពេជ្រ សកម្មការងារសង្គម មិនខ្វល់ថាខ្លួនពិបាកយ៉ាងណា
នេះរាប់ថាជារឿងដ៏គួរឱ្យស្ញប់ស្ញែងមួយ ដែលមិនសូវមានបុគ្គលច្រើនទេ ដែលហ៊ានលះបង់ និងធ្វើវាឡើង ខណៈខ្លួនឯងកំពុងជួបរឿងពិបាក។ ក្នុងកិច្ចសម្ភាសជាមួយក្រុមងារតាមបណ្តាញសង្គម កញ្ញា នារីវ័យក្មេងម្នាក់ បានប្រាប់រឿងពិតដ៏គួរឱ្យសរសើរ ដែលនាងបានឆ្លងកាត់ការលំបាក ព្យាយាមជម្នះ និងដើរទៅមុខមិនខ្លាចនឿយហត់។ នោះគឺកញ្ញា ឈឺន ស្រីពេជ្រ។ បច្បុន្ននេះ នាងមានអាយុ ២៧ ឆ្នាំ មានបងប្អូន ៦ នាក់ ប្រុស ៣ ស្រី ៣ ចំណែកស្រីពេជ្រ គឺជាកូនពៅនៅក្នុងគ្រួសារ។ ស្រុកកំណើតរបស់នាង គឺនៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បច្ចុប្បន្ននេះ កញ្ញាវិញរស់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ័្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រស់នៅជាមួយពិការភាពអស់រយៈ ២៤ ឆ្នាំ
រំលឹកបកទៅក្រោយ គឺពេលដែលនាងដឹងថាខ្លួនមានពិការភាព តាំងពីខ្លួនមានអាយុជាងបីឆ្នាំមកម្លេះ ដោយសារតែឆ្អឹងខ្វះជាតិកាសស្យូម ជួបបញ្ហាជាច្រើន ត្រូវគេធ្វើបាប ការដួលធ្លាក់ពី កង់ ម៉ូតូ ពីកាំជណ្តើរ តុរៀន និងពីលើគ្រែគេងជាដើម ដែលជាហេតុធ្វើឲ្យឆ្អឹងដៃជើងបាក់ គ្រិចថ្លោះជាច្រើនដង។ លុះពេលជាវិញឆ្អឹងមានសភាពមិនដូចដើមឡើយ។ គិតដល់សព្វថ្ងៃនេះ ប្អូនស្រីបានរស់នៅជាមួយពិការភាពអស់រយៈ ២៤ ឆ្នាំមកហើយ។ ក្រៅពីនេះ នៅមានបញ្ហាខ្លះទៀត ដែលប្អូនស្រីតែងតែជួបប្រទះ នោះ គឺកាលនោះសាលានៅឆ្ងាយពីផ្ទះ ហើយផ្លូវលំបាកខ្លាំងច្រើនណាស់ ជាហេតុធ្វើឱ្យនាងទៅរៀនមិនសូវទាន់ម៉ោងទេ។ ម្យ៉ាងវិញទៀត ក៏ត្រូវមានអ្នកចាំជូនទៅ និងជូនមកវិញជារៀងរាល់ថ្ងៃ ដើម្បីសម្រួលការធ្វើដំណើរ។
ក្រៅពីនេះ នាងក៏ពិបាកក្នុងការចេញទៅក្រៅខ្លាំងណាស់ ពីព្រោះស្ថានបញ្ហាសុខភាព គឺមិនសូវរឹងមាំ ឧស្សាហ៍ដួលធ្លាក់ជាញឹកញាប់ ជម្រុញឱ្យប្អូនត្រូវផ្អាកការរៀនសូត្រជាច្រើនខែទៀត។ មិនត្រឹមតែពិការភាពផងទេ ជីវភាពក្រុមគ្រួសារ ក៏មានភាពខ្វះខាតផងដែរ។ ដូច្នេះហើយ ទើបនៅពេលដំបូងៗ ធ្វើឱ្យស្រីពេជ្រ មានការភ័យខ្លាចច្រើន និងខ្មាសអៀនច្រើន សឹងតែមិនហ៊ានទទួលយកការពិតថាខ្លួនមានភាពពិការភាពឡើយ។
ផ្តល់ក្តីសង្ឃឹមជូនខ្លួនឯង
គិតចុះ គិតឡើង ម្យ៉ាងឆន្ទះក៏មានស្រាប់ ទើបស្រីពេជ្រ ផ្តល់ក្តីសង្ឃឹមជូនខ្លួនឯង គឺនាងបានសម្រេចចិត្តមករស់នៅភ្នំពេញ ម្នាក់ឯងអស់រយៈពេលជិត ២ ឆ្នាំ ព្រោះតែចង់សិក្សា និងចង់សាកល្បងរៀនរស់នៅដោយឯករាជ្យ ក្លាយជាមនុស្សរឹងមាំ ប្រើជីវិតនៅសល់ធ្វើអ្វីដែលខ្លួនគិតថាអាចធ្វើដោយខ្លួនឯងបាន និងអាចជួយអ្នកដ៏ទៃបាន ត្បិតតែប្អូនស្រីមានភាពពិការភាពក៏ដោយ។
ពិតជាមិនខុសទេ អ្វីដែលប្អូនស្រីជម្នះបានកន្លងមកនោះ គឺជាជោគជ័យសម្រាប់ជីវិត និងចំគម្រោងដែលខ្លួងប៉ងប្រាថ្នាស្រាប់។ ការទទួលយកការពិត ពីភាពពិការភាពរបស់ខ្លួន បានជម្នះអស់នូវភាពភ័យខ្លាច ភាពខ្មាសអៀន និងលើសពីនេះក៏បានចូលរួមចំណែកក្នុងការងារសង្គមជាច្រើនផងដែរ។ ជាលទ្ធផលដ៏ធំជាងគេ គឺប្អូនស្រីបានទទួលការបញ្ចប់ការសិក្សា ទទួលបានការងារដូចជាអ្នកដ៏ទៃ អាចជួយការងារសង្គមទៅតាមអ្វីដែលខ្លួនអាចជួយបានតាមរយៈសកម្មភាពផ្សេងៗ និងបានសម្រេចបំណងរបស់អ្នកមានគុណ និងក្រុមគ្រួសារ គឺមិនដែលឲ្យឪពុកម្តាយមានការព្រួយបារម្ភ។
មកដល់ពេលបច្ចុប្បន្ននេះ ស្រីពេជ្រ បានមកធ្វើការងារនៅមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យ នៃជនពិការភ្នំពេញ (PPCIL) ផ្នែកស្វែងរកមតិគាំទ្រ ហើយនាងគឺជាសមាជិករបស់ក្រុម Women With Disabilities Leadership and Advocacy Network (WWD-LAN) និងជាសហស្ថាបនិកម្នាក់ដែលរបស់កម្មវិធីមួួយ ដែលមានឈ្មោះថា " ចលនាទម្លុះ "។
រឹសគល់មួយទៀត ដែលជំរុញឲ្យប្អូនចូលរួមសកម្មភាពសប្បុរសជនជាច្រើន គឺព្រោះចង់ឲ្យស្ថាប័នដែលពាក់ព័ន្ធកាន់តែជុំរុញ និងបង្កលក្ខណៈងាយស្រួលដល់ជនពិការដូចជាប្រទេសគេដទៃទៀត។ ចង់ឲ្យមានការពង្រឹងការផ្សព្វផ្សាយទៅដល់សាធារណៈជន ដែលពាក់ព័ន្ធឲ្យបានដឹងកាន់តែច្រើនអំពីសិទ្ធិសេរីភាពរបស់ជនពិការ បញ្ហាប្រឈមនានា តម្រូវការ ដំណោះស្រាយ សម្រាប់ជនពិការ។ ហើយជាពិសេសនោះចង់ឲ្យរាជរដ្ឋាភិបាលបង្កើតប្រព័ន្ធសេវាជំនួយក្នុងស្រុកខ្លួនឯង សម្រាប់ជនពិការដែលមានសភាពធ្ងន់ធ្ងរ និងជំនួយបន្ទាន់ផងដែរ។
កម្លាំងចិត្តដ៏ធំបំផុតសម្រាប់ប្អូនស្រីដែលមិនបោះបង់ចោលឆាកជិវិតនោះគឺ ការទទួលយកការពិត និងមានការជុំរុញលើកទឹកចិត្តពីលោកឪពុកអ្នកម្តាយ បងប្អូន មិត្តភក្កិ និងមនុស្សជុំវិញខ្លួននៅក្នុងសង្គម។ ធ្វើឲ្យ ស្រីពេជ្រ ចង់ជួយសង្គមទៅតាមអ្វីដែលខ្លួនអាចជួយបាន តាមរយៈសកម្មភាពផ្សេងៗ ជាមួយអង្គការ និងក្រសួងដែលពាក់ព័ន្ធ។
ប្អូនស្រីបានសង្គត់ពាក្យមួយឃ្លាថា " ជីវិតខ្លីណាស់ បើរវល់តែយំសោកកើតទុក តើបានអ្វីមកវិញ?" ។ អ្វីដែលសំខាន់ទៅទៀតនោះ គឺដើម្បីតបស្នងសងគុណចំពោះការខិតខំចិញ្ចឹមបីបាច់របស់ឪពុកម្តាយ និងអ្នកដែលតែងតែជួយជុំរុញប្អូនស្រីឲ្យមានថ្ងៃនេះ។ ប្អូនស្រីចាំពាក្យពេចន៍ប្រៀនប្រដៅដ៏សំខាន់របស់លោកឪពុកថា មនុស្យយើងម្នាក់ៗគឺជាផ្នែកមួយរបស់សង្គមដែលមិនអាចខ្វះអ្នកណាម្នាក់បានឡើយ កុំស្លាប់ដូចពស់រស់ដូចកង្កែប ត្រូវធ្វើអ្វីដែលខ្លួនឯងស្រឡាញ់នឹងចូលចិត្ត ប្រសើរជាការបញ្ចប់ជីវិតដោយគ្មានន័យអ្វីសោះ។
ក្នុងអំឡុងពេលមានបញ្ហាជំងឺ កូវីដ-១៩ នេះស្រីពេជ្រ ក៏មិនខុសពីប្រជាពលរដ្ឋធម្មតា ដែលមានការប្រឈមនឹងបញ្ហាសេដ្ឋកិច្ចគឺមានការថយចុះ រីឯភាពស្និតស្នាលរវាងសង្គមមនុស្សក៏ត្រូវកាត់បន្ថយ និងប្តូរមករួមគ្នារក្សាគម្លាត ដើម្បីការពារសុខភាពឱ្យបានខ្ពស់ ខណៈការរាលដាល នៃជំងឺ កូវីដ-១៩ ។
ប្អូនស្រីចង់ផ្តាំផ្ញើដល់ជនមានពិការភាពថា សូមកុំអស់សង្ឃឹមក្នុងជីវិត ព្រោះយើងម្នាក់ៗមិនអាចបង្វិលពេលវេលាឲ្យថយក្រោយបានឡើង ដូច្នេះត្រូវចេះទទួលយកការពិត និងខិតខំព្យាយាមដុសខាតអភិវឌ្ឍន៍នូវចំណុចខ្វះខាតផ្នែកចំណេះដឹងឲ្យបានប្រសើរឡើង។ គ្រប់បញ្ហាគឺជាមេរៀន បង្រៀនឲ្យអ្នករឹងមាំជាងមុន ទោះពេលខ្លះពុំទទួលបានលិទ្ធផលដែលខ្លួនចង់បានក៏ដោយ តែយ៉ាងហោចណាស់វាក៏ជាមេរៀនជីវិតដ៏ប្រសើរសម្រាប់អនាគត។
ស្រីពេជ្រ ក៏សូមផ្តាំផ្ញើចំពោះអ្នកដែលមិនពិការសូមកុំអស់សង្ឃឹមក្នុងជីវិត សូមកុំបញ្ចប់ជីវិតអ្នកព្រោះតែបញ្ហាតិចតួច ដោយហេតុថាក្តីស្រឡាញ់ និងការខិតខំចិញ្ចឹមបីបាច់របស់ឪពុកម្តាយហត់ខ្លាំងណាស់។ សូមអាណិតដល់ចិត្តលោកទាំងពីរផង។ បើពិបាកចិត្តខ្លាំង ស្មុកស្មាញខ្លាំងគួរចេញក្រៅ ធ្វើអ្វីដែលគិតថា ជាប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គម។ ត្រូវសម្លឹងមើលអ្នកដែលលំបាកជាងខ្លួន និងផ្តល់ស្នាមញញឹមចំពោះខ្លួនឯង ព្រមទាំងអ្នកនៅជុំវិញ។
ក្រៅពីអ្វីដែលបានចែករំលែកខាងលើ ស្រីពេជ្រក៏នៅមានគោលបំណងបន្ថែមមួយទៀត គឺចង់មានក្រុមហ៊ុនផ្ទាល់ខ្លួននៅថ្ងៃអនាគត និងចង់បន្តការសិក្សាក្រៅប្រទេស បើសិនជាអាច នឹងចង់រៀនបន្តផ្នែកទំនាក់ទំនងទាក់ទងពិការភាព ដើម្បីយកចំណេះដឹងទាំងនោះ ជួយអភិវឌ្ឍន៍ដល់បងប្អូនមានពិការភាព ដូចជាប្អូនឲ្យមានចំណេះដឹង ជំនាញពិតប្រាកដ ដែលអាចរួមគ្នាជួយអភិវឌ្ឍន៍ជាតិ។
អានបន្ត៖