ឆន្ទៈខ្ពស់ចង់ជួយសង្គមជម្រុញនារីខ្មែរឆ្នើមផ្នែកស្រាវជ្រាវ ជាប់អាហារូបករណ៍ រៀនតនៅចក្រភពអង់គ្លេស
- 2020-11-23 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆន្ទៈខ្ពស់ចង់ជួយសង្គមជម្រុញនារីខ្មែរឆ្នើមផ្នែកស្រាវជ្រាវ ជាប់អាហារូបករណ៍ រៀនតនៅចក្រភពអង់គ្លេស
បច្ចុប្បន្នបើនិយាយដល់នារីដែលសមត្ថភាពខ្ពស់ អមដោយប្រវត្តិការតស៊ូខ្ពស់ទៀតនោះ យើងនឹងអាចឃើញមានចំនួនកាន់តែល្អប្រសើរឡើង និងនៅតាមផ្នែកខុសៗគ្នា។ ទន្ទឹមនឹងនោះ ផ្នែកសំខាន់១ គឺជំនាញផ្នែកស្រាវជ្រាវ គឺជាកិច្ចការដែលទាមទារការអត់ធ្មត់ តស៊ូខ្ពស់ និងតម្រូវឲ្យមានការចុះឡើង ចល័តទីច្រើន អាចជារឿងពិបាកសម្រាប់ស្ត្រី។
ផ្តើមពីការស្រឡាញ់ផ្នែកស្រាវជ្រាវ នារីខ្មែរឆ្នើម វ័យក្មេងម្នាក់ មានឈ្មោះ ហ៊ន់ ច័ន្ទវត្តី វ័យ ២៣ឆ្នាំ ស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅទីក្រុងភ្នំពេញ បានបង្ហាញពីការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់គួរឲ្យសរសើរ។ មានបងប្អូនចំនួន ៤ នាក់ ហើយកញ្ញា គឺជាកូនពៅ វត្តី គឺជាអតីតសិស្សនៅវិទ្យាល័យព្រះយុគន្ធរ ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល ដើម្បីសិក្សាផ្នែក ការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ ២០១៤។ កញ្ញាបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំ ២០១៨។
បន្ទាប់មក កញ្ញាបានចាប់ផ្តើម ចូលរួមក្នុងការប្រកួតប្រជែង ផ្នែកស្រាវជ្រាវប្រចាំឆ្នាំ ២០១៨ ជាលទ្ធផល កញ្ញាទទួលបានចំណាត់ថ្នាក់លេខ ២។ កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានអភិវឌ្ឍន៍កម្ពុជា។
បច្ចុប្បន្ននេះ កញ្ញាបន្តធ្វើការជាអ្នកស្រាវជ្រាវ នៅអង្គការវេទិកាអនាគត (Future Forum) ដែលអង្គការនេះផ្តោត លើការសិក្សា វិភាគគោលនយោបាយសាធារណៈ និងសន្តិសុខទឹកកម្ពុជា។ ជាមួយគ្នានេះ អត្ថបទជាច្រើនរបស់កញ្ញា ដែលទាក់ទងនឹងបញ្ហាទឹកនៅកម្ពុជា ត្រូវបានចុះផ្សាយនៅលើ Southeast Asia Globe, Asia Times ជាដើម។
ជាក់ស្តែងអត្ថបទដែលទាក់ទងទៅនឹងផលប៉ះពាល់ ឬទឹកជំនន់នៅក្នុងទីក្រុងភ្នំពេញ និង Covid ១៩ បានឆ្លុះបញ្ចាំងពីវិសមភាពនៃការប្រើប្រាស់ទឹកនៅក្នុងប្រទេសកម្ពុជា។ កញ្ញាក៏បានបោះពុម្ភឯកសារស្រាវជ្រាវ លើប្រធានបទ “នយោបាយទឹក ៖ អនាគតនៃប្រទេសកម្ពុជា” ផងដែរ។
នេះជាលើកទីមួយ ដែលកញ្ញាដាក់ពាក្យសុំអាហារូបករណ៍ ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីដឹងថា៖ ខ្លួនបានជាប់អាហារូបករណ៍នោះ។ វាសឹងតែមិនគួរឱ្យជឿរហូតដល់ វត្តី បានសួរខ្លួនឯងថា " ហេតុអ្វីជាខ្ញុំ? ហេតុអ្វីបានជាខ្ញុំជាអ្នកទទួលបានអាហារូបករណ៍នេះ? ” ប៉ុន្តែអ្វីដែលគាត់អាចឆ្លើយតបបាននោះគឺ " វាជាសំណាងរបស់ខ្ញុំ និងការតស៊ូព្យាយាមខ្ពស់បំផុត"។
វត្តី បានបញ្ជាក់ថា រាល់បេក្ខជនដែលបានចូលរួមក្នុងការប្រកួតប្រជែងអាហារូបករណ៍នេះ ម្នាក់ៗសុទ្ធតែជាបេក្ខជនដែលមានចំណេះដឹង បទពិសោធន៍ខ្ពស់ និងមានការយល់ដឹងទូលំទូលាយ ឬអាចនិយាយបានថាសុទ្ធតែជាជើងខ្លាំង។ ពួកគាត់បានធ្វើការងារជាច្រើនដើម្បីចូលរួមចំណែកជួយក្នុងសង្គម គួរឲ្យគោរព និងសរសើរ។ វាជាការពិតណាស់ដែលលទ្ធផលអស្ចារ្យនេះ តែងកើតឡើងងាយៗទេ បើយើង គឺមិនបានមកពីការខិតខំប្រឹងប្រែងខ្លាំង តែពេលខ្លះ ឱកាស ឬសំណាងក៏ដើរតួយ៉ាងសំខាន់ដែរសម្រាប់អ្នកចេះចាប់យក។
ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវកន្លងមក បានហុចជាផ្លែផ្កា ដល់ វត្តី គឺនាងបានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិត Msc. Defense Development and Diplomacy តាមរយៈ Civil Society Leadership Award។ ប៉ុន្តែអាហារូបករណ៍នេះត្រូវបានពន្យាពេលអស់រយៈពេលមួយឆ្នាំ ដោយសារតែផលប៉ះពាល់ពី Covid-១៩។ អាហារូបករណ៍នេះ នឹងផ្តល់រយៈពេល ១ឆ្នាំពេញលេញ ហើយវាជាអាហារូបករណ៍ដែលផ្តល់ជូនប្រាក់ខែ ថ្លៃសិក្សា សំបុត្រយន្តហោះ និងធានារ៉ាប់រងទៅលើសុខភាព ដែលនឹងចាប់ផ្តើមនៅខែកញ្ញាឆ្នាំ ២០២១ នៅសាកលវិទ្យាល័យ Durham នៅទីក្រុង Durham ចក្រភពអង់គ្លេស។
វត្តី សង្ឃឹមថាអាហារូបករណ៍នេះអាចជួយកសាងសមត្ថភាពផ្ទាល់ខ្លួន ក្នុងការគិតពិចារណាលើបញ្ហាមួយចំនួននៅក្នុងសង្គម និងពីរបៀបដោះស្រាយបញ្ហាទាំងនោះ។ ហើយជាពិសេសនោះទៅលើការស្រាវជ្រាវរបស់កញ្ញា ក្នុងការជជែកវែកញែក និងការពិភាក្សាដើម្បីជួយឲ្យប្រជាជនកម្ពុជា ឲ្យយល់ដឹងកាន់តែច្បាស់អំពីសង្គម និងគោលនយោបាយរបស់រដ្ឋាភិបាល។
កញ្ញាវត្តី បានផ្តែរផ្តាំថាកុំខ្លាចលទ្ធផលខុសពីការរំពឹងទុកអី និងរឹតតែកុំបាត់បង់ក្តីសង្ឃឹមឲ្យសោះ ពីព្រោះយើងមិនដឹងថាអនាគត នឹងទៅជាយ៉ាងណានោះឡើយ។ ពេលខ្លះយើងតែងតែមាន មានអារម្មណ៍វិលវល់ មិនច្បាស់លាស់អំពីអ្វីដែលខ្លួនចង់បាន ឬចង់ធ្វើនៅថ្ងៃអនាគត តែវាជារឿងធម្មតាសម្រាប់មនុស្សទេ។
ជាបទពិសោធ វត្តី ទទួលបាននិទ្ទេស ត្រឹមតែ E នៅមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ប៉ុន្តែឥលូវនេះ នាងគឺជាសិស្សឆ្នើមហើយបានជាប់អាហារូករណ៍ទៅបរទេសទៀត។ វាជាមេរៀន ការជ្រើសរើសរៀនមុខវិជ្ជាតាមមិត្តភកិ្ត វាអាចជាការសម្រេចចិត្តខុស ឬត្រូវ ប៉ុន្តែវាជាមេវៀនជីវិត ទាល់តែធ្លាប់ខុសទើបដឹងថាអ្វីត្រូវ ហើយនេះមិនមែនមានន័យថា អ្នកមិនគួរទទួលយកដំបូន្មានពីអ្នកដទៃនោះទេ។ នេះគឺជាអ្វីដែលអ្នកគួរតែប្រយ័ត្ខខ្ពស់ជាងមុន។ អ្វីដែល វត្តី ចង់សង្កត់ធ្ងន់ នោះគឺការសំុដំបូន្មានពីអ្នកដទៃ តម្រូវឲ្យអ្នកត្រូវធ្វើការវិភាគ និងពិចារណាឲ្យបានម៉ត់ចត់មុននឹងធ្វើការសម្រេចចិត្តធ្វើអ្វីមួយ។
បន្ទាប់ពីបញ្ជប់ការសិក្សា ក្នុងនាមជាអ្នកស្រាវជ្រាវស្ត្រីម្នាក់ និងជាសមាជិកម្នាក់នៃសង្គម អ្វីដែលកញ្ញាសង្ឃឹមថានឹងចូលរួមចំណែកជួយដល់ស្ថានភាពស្ត្រីក្នុងសង្គមជាតិ និងពិភពលោកបាននោះ គឺការជំរុញឲ្យពួកគាត់រៀនគិតពិចារណា រៀនសួរសំណួរលើអ្វីគ្រប់យ៉ាង ដែលត្រូវបាននិយាយ ឬសរសេរ ហើយហ៊ានវែកញែក រកហេតុផលខុសត្រូវ មិនមែនគ្រាន់តែអាន ឬឆាប់ជឿគេ ពេលត្រឹនលឺព័ត៌មានមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក៏ជឿនោះទេ។ វត្តីក៏មានបំណងចង់ជួយស្ត្រី តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ស្ត្រី ការផ្តល់អំណាចដល់ស្ត្រី (Empower Women) និងការលើកកម្ពស់ការអប់រំស្ត្រីជាដើម។
យោងតាមការយល់ឃើញរបស់ វត្តី បានបកស្រាយថា " បើឲ្យត្រីទៅ គាត់អាចរស់បានមួយថ្ងៃ តែបើបង្រៀនគាត់ឲ្យចេះនេសាទត្រីវិញ គាត់អាចរស់បានមួយជីវិត"។ អ្នកនេសាទត្រូវការឧបករណ៍ និងបឹងទន្លេដើម្បីចាប់ត្រី ប៉ុន្តែបើគ្មានរបស់ទាំងនោះទេ ពួកគេនឹងគ្មានអ្វីចិញ្ចឹមជីវិត។ វាដូចគ្នាទៅនឹងការលើកកម្ពស់ការអប់រំ ផ្តល់សិទ្ធសេរីភាព នឹងទីផ្សារការងារ។ បើមានតែការអប់រំ និងការលើកកម្ពស់ ប៉ុន្តែគ្មានទីផ្សារការងារប្រៀបបានដូចអ្នកនេសាទដែលគ្មានឧបករណ៍នេសាទ និងទីកន្លែងនេសាទអញ្ចឹងដែរ ហើយនេះជាអ្វីដែលរដ្ឋាភិបាលគួរដោះស្រាយ និងយកចិត្តទុកដាក់បន្ថែម៕
អានបន្ត៖