ពេលស្រ្តេសកុំផឹកស៊ីកាត់សាញអី គួរសាកវិធីទាំង ៨ នេះវិញ
- 2020-11-12 08:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលស្រ្តេសកុំផឹកស៊ីកាត់សាញអី គួរសាកវិធីទាំង ៨ នេះវិញ
ស្ត្រេសតែងតែមាននៅក្នុងជីវិតប្រចាំថ្ងៃ វាមិនងាយស្រួលទេក្នុងការដោះស្រាយនិងគ្រប់គ្រងពួកវា។ អាងអីទៅផឹកដើម្បីបន្ថយភាពតានតឹងផ្ទុយទៅវិញ វាមិនល្អសម្រាប់រាងកាយនិងផ្លូវចិត្តរបស់អ្នកឡើយ។ ការសេពគ្រឿងស្រវឹង ការជក់បារី និងការលេងល្បែងស៊ីសងក៏មិនមែនជាដំណោះស្រាយស្ត្រេសនោះដែរ។
ប៉ុន្តែតើវិធីណាដែលអ្នកបានប្រើដើម្បីកាត់បន្ថយកម្រិតស្ត្រេស? តើវិធីណាខ្លះដែលវិជ្ជមាននិងមានប្រយោជន៍សម្រាប់ទាំងរាងកាយនិងផ្លូវចិត្តអ្នក? វិធីទាំង ៨ យ៉ាងខាងក្រោមនេះត្រូវបានណែនាំពីអ្នកចិត្តសាស្រ្ត៖
**១. ធ្វើលំហាត់ប្រាណ ដកដង្ហើមវែងៗនិងយូកា**
វាជាវិធីដ៏ល្អមួយដើម្បីជួយឲ្យរាងកាយរបស់អ្នកសម្រាកបានស្រួលតាមរយៈការធ្វើយូកា អាចបន្ធូរអារម្មណ៍តានតឹងដោយការដកដង្ហើមវែងៗនឹងធ្វើចិត្តឲ្យស្ងប់ ហើយអ្នកខ្លះទៀតយល់ឃើញថាវាអាចជួយឲ្យពួកគេគេងលក់ស្រួល។
២ ទំពារស្ករកៅស៊ូ
វិធីងាយៗនិងរហ័សដែលអាចកាត់បន្ថយពីស្ត្រេសបាននោះគឺការទំពារស្ករកៅស៊ូ។ អ្នកដែលទំពារស្ករកៅស៊ូជាប្រចាំត្រូវបានគេរកឃើញថាមានកម្រិតស្ត្រេសទាបនិងមានអារម្មណ៍វិជ្ជមានច្រើនជាងអ្នកដទៃ ពីព្រោះសកម្មភាពនៃការទំពារជួយឲ្យឈាមរត់បានល្អនៅក្នុងខួរក្បាល។
៣ ទទួលភាពកក់ក្តៅពីការឱប
នៅពេលដែលអ្នកទទួលបានការឱបវាអាចជួយក្នុងការកាត់បន្ថយកម្រិតស្ត្រេសបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត ជាពិសេសនោះគឺនៅពេលមានមនុស្សជាទីស្រឡាញ់ឱបយើង។ នេះគឺដោយសារតែការឱបបានបញ្ចេញនូវអរម៉ូនវិជ្ជមានហៅថា (អុកស៊ីតូស៊ីន) ជាប្រព័ន្ធសរសៃប្រសាទឬអាចនិយាយបានថាប្រតិកម្មរាងកាយនឹងរាងកាយដែលជុំរុញឲ្យមានអារម្មណ៍ល្អ។
៤ សើច
តាមការស្រាវជ្រាវត្រូវបានគេដឹងថាការសើចផ្តល់នូវភាពធូរស្បើយក្នុងស្ថានភាពស្ត្រេសសូម្បីតែក្នុងកាលៈទេសៈធ្ងន់ធ្ងរបំផុតក៏ដោយ។ ទោះការសើចនោះក្លែងក្លាយឬពិត វានូវតែជួយយ៉ាងមានប្រសិទ្ធិភាព ធ្វើឲ្យអារម្មណ៍តានតឹងថយចុះនិងធ្វើឲ្យអារម្មណ៍ប្រសើរឡើង។
៥ ស្តាប់ចម្រៀងសប្បាយៗ
តើអ្នកធ្លាប់កត់សម្គាល់ទេថាការស្តាប់តន្ត្រីជួយឲ្យអ្នកមានអារម្មណ៍ធូរស្បើយ? តន្ត្រីមួយចំនួនអាចកាត់បន្ថយអរម៉ូនស្រ្តេសខណៈពេលតន្រ្តីមួយចំនួនទៀតអាចធ្វើឲ្យអ្នកកាន់តែសោកសៅ។ ជាទូទៅតន្ត្រីបែបចង្វាក់យឺតៗមានលទ្ធផលល្អ ហើយត្រូវចាំថាកុំស្តាប់បទក្រៀមក្រំឲ្យសោះ។
៦ លេងជាមួយសត្វចិញ្ចឹម
សត្វចិញ្ចឹមពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ផ្តល់នូវការគិតវិជ្ជមាន ហើយអាចជួយកាត់បន្ថយភាពតានតឹង។ មានសត្វចិញ្ចឹមក៏ដូចជាមានដៃគូលួងចិត្តដែរ ជួយធ្វើឲ្យអ្នកសកម្មនិងជួយអ្នកឲ្យអ្នកមិនសូវមានអារម្មណ៍ឯកកោ។
៧ គូរូបឬ DIY
សិល្បៈមិនត្រឹមតែល្អសម្រាប់ធ្វើអោយខួរក្បាលរបស់អ្នកមានភាពច្នៃប្រឌិតប៉ុណ្ណោះទេតែវាក៏ជាមធ្យោបាយដ៏ល្អដើម្បីបំបាត់ភាពតានតឹងនិងស្រ្តេសផងដែរ។ វាត្រូវបានគេស្គាល់ថាមានឥទ្ធិពលវិជ្ជមានទៅលើរាងកាយនិងផ្លូវចិត្តជាពិសេសវាល្អសម្រាប់អ្នកគិតច្រើន។
៨ ដើរលេងខាងក្រៅ
ការធ្វើលំហាត់ប្រាណគឺជាវិធីដ៏ល្អដើម្បីបំបាត់ភាពតានតឹងបានយ៉ាងឆាប់រហ័ស។ អ្នកមិនចាំបាច់មានទម្លាប់ហាត់ប្រាណយូរនិងស្មុគស្មាញឡើយ ការដើរសាមញ្ញរយៈពេលពីរបីនាទីក៏អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញភ្លាមៗ។ យោងតាមការស្រាវជ្រាវ ៖ វាមានប្រសិទ្ធភាពណាស់សម្រាប់ការបន្ធូរភាពតានតឹង។ ដូចច្នេះកុំអាងតែលើគ្រឿងស្រវឹងអៃ សាកវិធីមួយណាខាងលើនេះទៅ៕
រូបភាព៖ Pexels
អានបន្ត៖ វីធី ៤ យ៉ាងនេះធានាថាជួយកាត់បន្ថយស្ត្រេសបន្ទាប់ពីការងារ