វីធី ៤ យ៉ាងនេះធានាថាជួយកាត់បន្ថយស្ត្រេសបន្ទាប់ពីការងារ

  • 2020-11-05 06:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿថាគ្មានការងារណាដែលមិនធ្វើឲ្យអ្នកស្ត្រេសនោះទេ សូម្បីតែការងារដែលអ្នកស្រលាញ់និងចូលចិត្តបំផុត ។ ពេលខ្លះក៏នូវតែធ្វើអោយអ្នកមានអារម្មណ៍តានតឹង។ ចំពោះអ្នកដែលខិតខំព្យាយាមធ្វើការខ្លាំង មានអារម្មណ៍តានតឹងហត់នឿយអាចសាកគន្លឹះល្អៗទាំង ៤ យ៉ាងនេះបានដើម្បីជួយបំបាត់ស្ត្រេសបន្ទាប់ពីការងារ និងជួយបំបាត់ភាពតានតឹងខ្លះៗមុនពេលទៅផ្ទះ។

(មានស្ត្រេសត្រូវបញ្ឈប់ស្ត្រេស)

**១. ប្លែកអារម្មណ៍នៅហាងកាហ្វេមានសត្ចិញ្ចឹមវ**

យើងមានហាងកាហ្វេចិញ្ចឹមសត្វមួយចំនួនតូចនៅក្នុងប្រទេស នោះក៏ព្រោះតែហាងកាហ្វេទាំងនេះមានអត្ថប្រយោជន៍ណាស់ក្នុងការជួយកាត់បន្ថយភាពតានតឹងសម្រាប់អ្នកធ្វើការហត់។ ដូចយើងដឹងស្រាប់ហើយម្នាក់ៗខិតខំធ្វើការខ្លាំងពេក មានអារម្មណ៍ថាមានសម្ពាធឬភាពតានតឹងបន្ទាប់ពីការងារ។ ដូច្នេះគួរតែទៅអង្គុយលេងហើយសម្រាកនៅហាងកាហ្វេមានសត្វចិញ្ចឹមបន្តិច។ វាត្រូវបានគេជឿថាអាចជួយកាត់បន្ថយអារម្មណ៍តានតឹងបាន តែប្រសិនបើអ្នកមានប្រតិកម្មទៅនឹងរោមសត្វឬមិនចូលចិត្តសត្វ អាចទៅហាងកាហ្វេធម្មតាដែលមានភាពស្ងប់ស្ងាត់អាចអង្គុយស្ងៀមបន្ធូរអារម្មណ៍ស្រ្តេសរបស់អ្នក។

(បន្ធូរអារម្មណ៍ឲ្យស្រស់ថ្លា)

២. ទំនាក់ទំនងសង្គមជាមួយមិត្តភក្តិ

មិនចាំបាច់រង់ចាំដល់ថ្ងៃសម្រាកឬចុងសប្តាហ៍នោះទេ ប្រសិនបើអ្នកមានអារម្មណ៍ថាស្ត្រេសឬសម្ពាធពីការងារច្រើនពេកអាចណាត់ជួបមិត្តភក្តិឬមនុស្សជាទីស្រលាញ់ទៅអង្គុយផឹកញ៉ាំនិងនិយាយរឿងសប្បាយៗលេង បើទោះបីជាវាមានរយៈពេលខ្លីមុនពេលទៅផ្ទះក៏ដោយ វាពិតជាអាចជួយកាត់បន្ថយភាពតានតឹងរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះការចេញទៅក្រៅជាមួយមិត្តភក្តិក៏ជារឿងមួយដ៏សំខាន់ដែលអាចជួយលើកកម្ពស់ទំនាក់ទំនងរវាងមិត្តរួមការងារបាន។ តែមិនគួរបណ្តោយឲ្យខ្លួនអ្នកស្រវឹងទេ ព្រោះអ្នកអាចនិងក្រោកមិនរួចសម្រាប់ការងារនៅថ្ងៃបន្ទាប់។

(ធ្វើចិត្តឲ្យសប្បាយៗ)

៣. ការទិញឥវ៉ាន់ឬអ្វីដែលអ្នកចូលចិត្ត

ពេលដើរទិញឥវ៉ាន់កុំចាំតែពេលបើកប្រាក់ខែ នៅពេលអ្នកមានអារម្មណ៍ធុញថប់ពីការងារគួរផ្គាប់ចិត្តខ្លួនឯងជាមួយនឹងការទិញរបស់ដែលអ្នកចង់បាន។ ប៉ុន្តែសូមឲ្យមានកម្រិតបរិមាណឲ្យបានល្អដើម្បីការពារស្រ្តេសនៃការអត់លុយចាយនៅពេលក្រោយ។ ឬក៏ញ៉ាំអ្វីមួយដែលអ្នកចូលចិត្តមុនពេលចូលក្នុងផ្ទះ ព្រោះរឿងទាំងនេះអាចជួយកាត់បន្ថយស្ត្រេសបានច្រើនណាស់។

(ទិញរបស់តូចមួយផ្គាប់ចិត្តខ្លួនឯង)

៤. ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណវាគឺជាវិធីមួយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយស្ត្រេសបាន។ ដូចច្នេះអ្នកគួរតែយកសម្លៀកបំពាក់ហាត់ប្រាណមកជាមួយ នៅពេលអ្នកមានអារម្មណ៍ថាតានតឹងពីការងារ អ្នកអាចឈប់ហាត់មួយម៉ោងមុនពេលទៅផ្ទះ ល្អទាំងសុខភាពនិងអារម្មណ៍ផ្លូវចិត្ត។

អ្វីដែលសំខាន់បំផុតនោះ នៅពេលអ្នកមានស្ត្រេសគួរបញ្ឈប់ស្ត្រេសដោយអនុវត្តតាមវិធីមួយណាខាងលើនេះរៀងរាល់មុនពេលចូលផ្ទះ ពីព្រោះបើអ្នកចូលផ្ទះទាំងមានអារម្មណ៍តានតឹងវានឹងធ្វើឲ្យអ្នកមិនសប្បាយចិត្តពេញមួយយប់ដែលឈានដល់ស្ត្រេសនិងការបាក់ទឹកចិត្ត។

រូបភាព៖ Pexels

ប្រភព៖ Sanook ប្រែ​សម្រួល៖ Chrel Den