ឧស្សាហ៍​ក្រោក​យឺត​ហើយ​ចង់​​​តែ​គេង​ត មិន​មែន​ខ្ជិល​ទេ​ តែ​អាច​ជា​​ជំងឺ​ផ្លូវ​ចិត្ត

  • 2020-07-17 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់​តែ​អាន​ចំណង​ជើង ក៏​ធ្វើ​ឲ្យ​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​ក្រោក​យឺត គេង​ជាប់​នៅ​លើ​គ្រែ ​ភ្ញាក់ព្រើត​ខ្លះ​បាត់​ទៅ​ហើយ ព្រោះ​អ្វី​ដែល​អ្នក​ធ្លាប់​តែ​ធ្វើ​ជា​ប្រចាំ​ រហូត​គិត​ថា​វា​ជា​ទម្លាប់​ ឬ​ភាព​ខ្ជិល​ច្រអូស​នេះ ការ​ពិត​ទៅ​អាច​ជា​​អាការ​បង្ហាញ​ថា អ្នក​កំពុង​មាន​ជំងឺ​ផ្លូវ​ចិត្ត។ ថា​តើ​មាន​វិធី​សង្កេត​យ៉ាង​ណា​ខ្លះ​​​ហើយ​ពាក់​ព័ន្ធ​នឹង​ជំងឺ​ផ្លូវ​ចិត្ត​យ៉ាង​ម៉េច​នោះ សូម​តាមដាន​ជាមួយ កញ្ញា ខាង​ក្រោម​នេះ៖

ជំងឺ Clinomania ឬ dysnania

គឺ​ជា​អាការ​របស់​អ្នក​ដែល​​ឆ្កួត​នឹង​ការ​គេង​លើ​គ្រែ ទោះ​បី​គេង​ពេញ​មួយ​ថ្ងៃ​ក៏​មិន​ធុញ ដែល​អាច​​ឈាន​ដល់​ការ​​ខ្សោយ​កម្លាំង មាន​អារម្មណ៍​មិន​ស្រស់​ថ្លា ធេងធោង និង​អាច​បង្ហាញ​ថា​អ្នក​ជំងឺ​កំពុង​មាន​​ទុក្ខ​កង្វល់​លាក់​ក្នុង​ចិត្ត។ អ្នក​ជំងឺ​ខ្លះ​អាច​មាន​អាការ​ស្ត្រេស ឬ​អាការ​បាក់​ទឹក​ចិត្ត​ថែម​ទៀត។

អ្នក​ដែល​ចូល​ចិត្ត​តែ​​ដេក​លេង​មិន​ចង់​ធ្វើ​អ្វី គ្មាន​កម្លាំង​ជំរុញ​ចិត្ត ឬ​គោលដៅ​ក្នុង​ជីវិត ចាត់​ទុក​ថា​ជា​អាការ​មួយ​របស់​មនុស្ស​ធ្លាក់​​ទឹក​ចិត្ត ឬ​មនុស្ស​ដែល​ស្ត្រេស​ធ្ងន់ធ្ងរ។

​សង្កេត​ចំណុច​ទាំង​នេះ​ដើម្បី​​​ថា​អ្នក​គ្រាន់​តែ​ខ្ជិល​ធម្មតា ឬ​មាន​ជំងឺ Clinomania៖

១. ត្រលប់​មក​ដល់​ផ្ទះ​មាន​អារម្មណ៍​ហត់​នឿយ​ខ្លាំង អ្វី​ដែល​​អ្នក​គិត​ដល់​មុន​គេ​ និង​ចង់​ធ្វើ​មុន​គេ​គឺ​គេង​លើ​គ្រែ។

២. គ្រាន់​តែ​ឃើញ​គ្រែ អ្នក​ក៏​ស្រមើស្រមៃ​ដល់​អារម្មណ៍​សុខ​ស្រួល​ដែល​បាន​គេង។

៣. អ្នក​មាន​អារម្មណ៍​ថា​​មិន​អាច​ខ្វះ​​ការ​គេង​បាន​ទាំង​ពេល​ថ្ងៃ ទាំង​ពេល​យប ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​មាន​ក្ដី​សុខ​បំផុត។

៤. មិន​ចង់​ធ្វើ​អ្វី មិន​ចង់​ក្រោក​ចេញ​ពី​កន្លែង​គេង បើ​ត្រូវ​ក្រោក​គឺ​ដូច​កំពុង​បង្ខំ​ចិត្ត​ខ្លួន​ឯង។

៥. ចូលចិត្ត​គិត​លេង​ៗ​ថា បើ​រាល់​ថ្ងៃ​​អាច​គេង​​ដល់​ថ្ងៃ​ៗ​បាន​ប្រហែល​ជា​ល្អ។

៦. អ្វី​ដែល​ចូលចិត្ត​ធ្វើ​ពេល​ទំនេរ​គឺ​គេង។

៧. មិន​ថា​មាន​សុខ​ឬ​ទុក្ខ ក៏​ចង់​ត្រលប់​ទៅ​គេង​លើ​គ្រែ។

៨. មាន​អារម្មណ៍​ខឹង​ច្រឡោត​ពេល​មាន​អ្នក​មក​រំខាន​ដំណេក​របស់​ខ្លួន។

៩. ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​បាន​លើ​គ្រែ មិន​ថា​ញ៉ាំ គេង ឬ​លេង​អ្វី​ផ្សេង​ៗ។

១០. បើ​ចាំបាច់​​ត្រូវ​ជ្រើសរើស គឺ​សុំ​រើស​គ្រែ អ្វី​ផ្សេង​ទៀត​អត់​ក៏​បាន។

១១. ចុច​បិទ​ម៉ោង​រោទិ៍​ ហើយ​គេង​បន្ត​ជានិច្ច។

១២. គិត​ថា​គ្មាន​អ្វី​ធ្វើ​ឲ្យ​ខ្លួន​សុខ​ស្រួល​ស្មើ​នឹង​ការ​គេង​នោះ​ទេ។

១៣. អ្នក​ណា​ៗ​ក៏​និយាយ​ថា​អ្នក​គឺ​ជា​មនុស្ស​ខ្ជិល និង​ចូល​ចិត្ត​គេង​ទ្រមក់។

បើ​ពិនិត្យ​មើល​ខ្លួន​ឯង​ហើយ​ឃើញ​ថា​មាន​ចំណុច​ទាំង​នេះ​ច្រើន គឺ​មាន​ន័យ​ថា​អ្នក​កំពុង​មាន​ជំងឺ Clinomania ហើយ អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ប្រឹក្សា​ស្វែង​រក​វិធី​ព្យាបាល​ដែល​ត្រឹមត្រូវ ព្រោះ​ថា​អ្នក​ជំងឺ​ខ្លះ​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​បាន​ឡើយ គឺ​ត្រូវ​ពឹង​ពាក់​លើ​​ក្បួន​វេជ្ជសាស្ត្រ ៕

ចុចអាន៖

អត្ថបទ៖ ស្វាយ វ៉ាន់ថន