៨សញ្ញាដំបូងៗនៃជំងឺមហារីកសួតដ៏សាហាវដែលស្ត្រីគ្រប់រូបគួរដឹង កុំឲ្យហួសពេលទាន់
- 2018-01-30 08:29:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨សញ្ញាដំបូងៗនៃជំងឺមហារីកសួតដ៏សាហាវដែលស្ត្រីគ្រប់រូបគួរដឹង កុំឲ្យហួសពេលទាន់
ជំងឺមហារីកសួត គឺជាជំងឺមហារីកដែលកើតឡើងច្រើនលំដាប់ទីពីរលើពិភពលោក។ សមាគមជំងឺមហារីកអាមេរិកបានប៉ាន់ប្រមាណថាក្នុងឆ្នាំ២០១៦ ជំងឺមហារីកសួតចំនួន ២២៤ ៣៩០ករណីត្រូវបានគេរកឃើញ ហើយមនុស្សប្រហែល ១៥៨ ០៨០នាក់អាចស្លាប់ដោយសារជំងឺនេះ។ បុរសម្នាក់ក្នុងចំណោម ១៤នាក់ មានឱកាសកើតជំងឺមហារីកសួត។ ប៉ុន្តែតើអ្នកដឹងទេថាស្ត្រីដែលមានអត្រាជក់បារីតិចជាបុរស ក៏មានឱកាសកើតជំងឺនេះ ១ នាក់ក្នុងចំណោម ១៧ នាក់ដែរ? ជម្ងឺនេះធ្ងន់ធ្ងរហើយក៏អាចសម្លាប់មនុស្សដែរ ដូច្នេះការសង្កេតដឹងរោគសញ្ញាគឺមានសារៈសំខាន់ណាស់ក្នុងការព្យាបាលវាឱ្យបានទាន់ពេល។
១. ក្អកមិនឈប់
ការក្អកជាធម្មតាគឺដោយសារការឆ្លងមេរោគផ្តាសាយ ឬបញ្ហាផ្លូវដង្ហើមហើយជំងឺទាំងនេះច្រើនតែបាត់ទៅវិញក្នុងរយៈពេល ១ ឬ ២ សប្ដាហ៍។ ការក្អកជាប់រហូតដែលមិនងាយជាសោះ អាចជាសញ្ញាមួយនៃជំងឺមហារីកសួតជាពិសេសប្រសិនបើការក្អកកាន់តែខ្លាំងទៅៗ។
២. ក្អកមានលក្ខណៈមិនប្រក្រតី
ប្រសិនបើអ្នកក្អកញឹកញាប់ហើយមានអារម្មណ៍កាន់តែខ្លាំងទៅៗ ឬមានសម្លេងស្អក នោះគឺដល់ពេលដែលត្រូវទៅជួបគ្រូពេទ្យហើយ។ រោគសញ្ញាក្អកផ្សេងទៀតដែលអាចទាក់ទងនឹងជំងឺមហារីកសួតគឺអាចមានឈាម ឬស្លេសច្រើនជាងធម្មតា។
៣. ពិបាកដកដង្ហើម
ប្រសិនបើជំងឺមហារីកសួតរារាំង ឬបង្រួញផ្លូវដង្ហើម ឬប្រសិនបើសារធាតុរាវចេញពីដុំសាច់សួតចាប់ផ្តើមដុះនៅក្នុងទ្រូង អ្នកនឹងមានអារម្មណ៍ថាមានដង្ហើមខ្លី។ ប្រសិនបើអ្នកមានអារម្មណ៍ថប់ដង្ហើមដោយការកាន់គ្រឿងទេស ដើរចម្ងាយខ្លី ឬធ្វើការងារផ្ទះធម្មតា សូមណាត់ជួបជាមួយអ្នកជំនាញថែទាំសុខភាព។
៤. ឈឺទ្រូង
មហារីកសួតអាចនាំឱ្យមានការឈឺចាប់នៅក្នុងទ្រូង ស្មា និងខ្នង។ អ្នកត្រូវប្រាកដថាការឈឺចាប់នោះខ្លាំង ស្ទំៗ ម្ដងម្កាល ញឹកញាប់ ឬយ៉ាងណា ហើយត្រូវប្រាប់គ្រូពេទ្យភ្លាមៗ។ ការឈឺទ្រូងអាចបង្ហាញពីបញ្ហាសុខភាពជាច្រើន រួមទាំងជំងឺមហារីកសួតដែរ។
៥. ដកដង្ហើមឮសូរក្រេតក្រត
នៅពេលដែលផ្លូវដង្ហើមរឹតត្បិត ស្ទះ ឬរលាក អ្នកនឹងសម្គាល់ឃើញថាមានបញ្ហាឮសូរសំឡេង នៅពេលដកដង្ហើម។ ការដកដង្ហើមមានសំឡេងនេះក៏អាចជាសញ្ញានៃជំងឺហឺតឬអាឡែហ្ស៊ីផងដែរ ប៉ុន្តែវាជាការល្អបំផុតដែលអ្នកត្រូវរកអ្នកជំនាញឲ្យពិនិត្យមើលឲ្យបានច្បាស់។
៦. សំឡេងស្អក
ប្រសិនបើអ្នកចាប់ផ្តើមកត់សំគាល់ថាសំឡេងអ្នកមានការប្រែប្រួលទៅជាស្អកខ្លាំងខុសធម្មតា សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យ។ ការស្អកអាចបណ្តាលមកពីជំងឺផ្តាសាយប៉ុន្តែប្រសិនបើរោគសញ្ញានេះបន្តកើតឡើងយូរ នោះវាអាចទាក់ទងនឹងមហារីកសួត។
៧. ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
ភាគច្រើន ទម្ងន់យើងពេលខ្លះក៏ឡើង ពេលខ្លះក៏ចុះ ប៉ុន្តែការស្រកទម្ងន់ចាប់ពីបួនប្រាំគីឡូ ឬច្រើនជាងនេះដោយគ្មានមូលហេតុនោះ គឺអាចជាប់ទាក់ទងនឹងបញ្ហាសុខភាពរួមទាំងជំងឺមហារីកសួត។ កោសិកាមហារីកអាចប្រើថាមពលនៅក្នុងខ្លួនទាល់តែអស់ និងផ្លាស់ប្តូររបៀបដែលរាងកាយប្រើប្រាស់អាហារដើម្បីទាញយកថាមពល។ ប្រសិនបើអ្នកមិនបានធ្វើអ្វីដើម្បីសម្រកទំងន់ហើយអ្នកស្រកទម្ងន់ច្រើននោះ វាអាចជាបញ្ហាហើយ។
៨. ឈឺឆ្អឹងឆ្អែង
ជំងឺមហារីកសួតប្រហែលជាមិនបង្ហាញរោគសញ្ញាច្រើនទេរហូតដល់វារីករាលដាល។ ជម្ងឺមហារីកដែលរាលដាលទៅឆ្អឹងអាចបង្កើតនូវការឈឺចាប់នៅខាងក្រោយ ឬនៅកន្លែងផ្សេងទៀតនៃរាងកាយ។ វាអាចឈឺកាន់តែខ្លាំងនៅពេលយប់។ ជំងឺមហារីកសួតក៏អាចបណ្ដាលឲ្យមានការឈឺចុកចាប់ស្មា ដើមដៃ ឬ ក ដែរ។ ប្រសិនបើអ្នកកំពុងមានការឈឺចាប់កន្លែងណាមួយខុសប្រក្រតី សូមប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យ ៕