វិធីសាស្រ្តបំបាត់ការក្អក បានរហ័ស
- 2020-02-12 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្រ្តបំបាត់ការក្អក បានរហ័ស
ក្អកជាជំងឺមួយដែលមិនអាចមើលស្រាលបានទេ។ មួយវិញទៀត ពេលក្អកម្ដងៗពិតជារំខានចិត្តណាស់មិនថាពេលយប់ឬថ្ងៃនោះទេ។ មានពេលខ្លះក្អកពេក មុខឡើងខ្មៅផងក្រហមពេកចង់លៀនភ្នែកហើយ។ បើក្អកនៅទីសាធារណៈ ឬលើឡានក្រុងទៀត កាន់តែគេមើលមុខ ពិបាកទ្រាំតែម្ដង។ យ៉ាងណាក៏ដោយ ដំណោះស្រាយងាយៗដើម្បីបំបាត់ការក្អក អ្នកអាចអនុវត្តដូចខាងក្រោម។
**១. ផឹកទឹកឲ្យច្រើន**
ជំហានដំបូងគឺត្រូវផឹកទឹកឲ្យបានច្រើន ដើម្បីផ្សើមបំពង់កកុំឲ្យស្ងួត។ បើសិនផឹកទឹក គួរជ្រើសយកទឹកក្ដៅឧណ្ហៗ ជំនួសទឹកត្រជាក់។ ដោយសារវាអាចបន្ថយស្លេះ ក៏ដូចជាផ្សើមបំពង់កពីខាងក្នុងបានយ៉ាងប្រសើរ។ អ្នកអាចបន្ថែមទឹកឃ្មុំលាយក្រូចឆ្មាជាមួយទឹកក្ដៅឧណ្ហៗ សម្រាប់ផឹកពេលថ្ងៃផងដែរ។
២. ងូតទឹកក្ដៅ
បើខាងក្នុងត្រូវការកម្ដៅ ខាងក្រៅក៏គួរផ្ដល់ឲ្យដូចគ្នា។ វាក៏ជួយឲ្យច្រមុះរបស់អ្នកស្រឡះបាត់ហៀរសំបោរបានទៀតផង។
៣. ដាក់ឧបករណ៍ផ្ដល់សំណើមក្នុងបន្ទប់
ជំនួសដោយការប្រើម៉ាស៊ីនត្រជាក់ គួរងាកមកប្រើឧបករណ៍ផ្ដល់សំណើមក្នុងបន្ទប់គេងវិញ។ សម្រាប់អ្នកមានបញ្ហាក្អក ឬបំពង់ក ភាពត្រជាក់ ខ្យល់ស្ងួតនឹងរឹតតែធ្វើឲ្យបំពង់កមិនល្អ រួមទាំងច្រមុះវិញក៏ពិបាកដែរ។ ដូច្នេះប្រើឧបករណ៍ផ្ដល់សំណើមក្នុងបន្ទប់គេង នឹងជួយកាត់បន្ថយអាការៈបំពង់កបានច្រើន។
៤. កុំជក់បារី
ជក់បារីនឹងរឹតតែធ្វើឲ្យស្ថានភាពបំពង់កអាក្រក់ឡើងៗ។ លើសពីនេះ វាអាចបណ្ដាលឲ្យស្ទះសរសៃឈាមក្នុងខួរក្បាល និងកើតជំងឺគ្រោះថ្នាក់ជាច្រើន។ បើអ្នកមិនបានជក់បារីទេ គួរតែនៅឲ្យឆ្ងាយពីអ្នកជក់ ឬក្រុមមនុស្សដែលជក់បារីជាការល្អ។
៥. កុំបាញ់ទឹកអប់ ឬស្រ្ពាយ
សារធាតុឆួលរបស់ទឹកអប់និងស្រ្ពាយ អាចបណ្ដាលឲ្យច្រមុះមិនសូវល្អ ដូច្នេះវាក៏ប៉ះពាល់ធ្វើឲ្យក្អកបានដែរ។
៦. ពេលចេញក្រៅត្រូវពាក់ម៉ាស
បរិយាកាសសព្វថ្ងៃកាន់តែអាក្រក់ឡើងៗ ដូច្នេះខណៈពេលដែលអ្នកកំពុងមានអាការៈក្អក គួរតែពាក់ម៉ាសដើម្បីការពារខ្លួនពីការបំពុលខ្យល់។ ខ្យល់ក្ដៅដែលចេញពីម៉ាស៊ីនត្រជាក់ក្នុងការិយាល័យ ផ្សែងខ្មៅចេញពីម៉ាស៊ីនឡាន ម៉ូតូ សុទ្ធតែបង្កឲ្យអ្នកក្អកកាន់តែខ្លាំង។
៧. សម្រាកគ្រប់គ្រាន់
បើចង់ឲ្យក្អកបានធូរស្រាលជាងមុន អ្នកគួរសម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះវាក៏ជួយជុសជុលភាពហត់នឿយរបស់រាងកាយបានដែរ។
៨. លេបថ្នាំ ឬទៅជួបគ្រូពេទ្យ
កុំគិតថា ក្អកនឹងបាត់ដោយងាយៗដោយខ្លួនឯង។ កុំបណ្ដោយឲ្យក្អកលើសពី ១ -២ សប្ដាហ៍ឲ្យសោះ ត្រូវប្រញាប់រកថ្នាំ ឬទៅជួបគ្រូពេទ្យបានឲ្យបានឆាប់៕
អានបន្ត៖ វីរុសថ្មីៗកើតឡើងហូរហែ វេជ្ជបណ្ឌិតណែនាំក្រុមអាហារគួរបរិភោគកុំឲ្យជំងឺវាយលុកស្រួល