វិធីសាស្ត្រការពារខ្លួន និង ទារក សម្រាប់ស្ត្រីពពោះ អំឡុងពេលវីរុសកូរ៉ូណាថ្មីកំពុងរីករាលដាល
- 2020-01-28 10:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រការពារខ្លួន និង ទារក សម្រាប់ស្ត្រីពពោះ អំឡុងពេលវីរុសកូរ៉ូណាថ្មីកំពុងរីករាលដាល
វីរុសកូរ៉ូណាថ្មីដែលលាក់ខ្លួនក្រោមអាការៈផ្តាសាយ ក្អក ហៀរសំបោរ និង ក្តៅខ្លួនធម្មតានោះ កំពុងត្រូវបានបណ្តាថ្នាក់ដឹកនាំ និង ប្រជាជននៅតាមទូទាំងពិភពលោក ធ្វើការការពារទប់ស្កាត់យ៉ាងមុតមាំ។ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយពីភាពកាចសាហាវនៃអាការៈជំងឺរលាកសួតថ្មីនេះ ដូច្នេះយើងគប្បីប្រកាន់ឱ្យខ្ជាប់ខ្ជួននូវរាល់វិធីសាស្រ្តបង្ការការឆ្លងវីរុសប្រភេទថ្មីនេះ។ ពិសេសចំពោះ នារីមានផ្ទៃពោះគួរតែយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពរបស់ខ្លួនជាងអ្នកដទៃទ្វេដងក្នុងកាលៈទេសៈបែបនេះ ដែលក្នុងនោះរួមមាន៖
- ស្រ្តីមានផ្ទៃពោះគួរការពារខ្លួនពីជំងឺធ្ងន់ស្រាលគ្រប់ប្រភេទ ទោះជាគ្រុនផ្តាសាយ ឬ គ្រុនក្តៅធម្មតាក្តី ព្រោះកំឡុងពេលឈឺ ប្រព័ន្ធភាពសុំានៅក្នុងរាងកាយនឹងចុះខ្សោយ ហើយវាអាចប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃទៀតផង
ស្រ្តីមានផ្ទៃពោះមិនគួរចេញក្រៅ ជាពិសេសកន្លែងមានមនុស្សច្រើន។ ក្នុងករណីចាំបាច់ ដាច់ខាតត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ
ស្រ្តីមានផ្ទៃពោះគួរចៀសវាងរាល់ការប្រើប្រាស់ថ្នាំលេប ឬ ផឹកគ្រប់ប្រភេទ ជាពិសេសគឺប្រភេទថ្នាំផ្សះ។ ក្នុងករណីចាំបាច់ ត្រូវទៅពិគ្រោះជាមួយអ្នកជំនាញ ឬ វេជ្ជបណ្ឌិតឱ្យបានត្រឹមត្រូវមុនពេលប្រើ ចៀសវាងការប៉ះពាល់ដល់សុខភាពទាំងម្តាយ និង ទារកក្នុងផ្ទៃ ។
ស្ត្រីមានផ្ទៃពោះគប្បីយកចិត្តទុកដាក់ខ្លាំងទៅលើការបរិភោគចំណីអាហារនានា ជាពិសេស បន្លែឆៅ សាច់ឆៅ ឬ ចម្អិនមិនបានឆ្អិនល្អ ព្រោះអាចមានផ្ទុកមេរោគនានា
ស្ត្រីមានផ្ទៃពោះមិនត្រូវនៅក្បែរ ឬ មានការប៉ះពាល់ទៅលើបុគ្គលដែលមានអាការៈ ក្អក ហៀរសំបោរ ផ្តាសាយ ចៀសវាងការឆ្លងវីរុសតាមផ្លូវដង្ហើម និង ទឹកមាត់ផ្ទាល់។
វីរុសកាចសាហាវកូរ៉ូណា ត្រូវបានគេខ្លាចរអាគ្រប់ៗគ្នា មិនថាក្មេងចាស់ ប្រុសស្រី ព្រោះគ្មាននរណាម្នាក់មើលឃើញថានឹងមានរឿងអ្វីកើតឡើងនោះទេ។ វាក៏ប្រៀបបានដូចនឹងសុភាសិតខ្មែរមួយដែលលើកឡើងថា "ការពារប្រសើរជាងព្យាបាល” គឺ គ្រប់គ្នា និង ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលគេតែងឱ្យមានការប្រុងប្រយ័ត្នជានិច្ចនោះ ត្រូវថែរក្សាខ្លួន និង កូនក្នុងផ្ទៃឱ្យបានល្អ ពោលគឺមានសុខភាពល្អទាំងម្តាយ និងទារក៕
អានបន្ត៖ វិធីការពារកុមារពីវីរុសកូរ៉ូណាថ្មីដ៏កាចសាហាវ ប៉ាម៉ាក់គ្រប់រូបគួរយល់ដឹង
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព