តើ​ការ​ស្រលាញ់​គេ​ម្នាក់​ឯង​ ហៅ​ថា​ស្នេហា​ឬក៏​អត់?

  • 2019-10-31 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ការ​ស្រលាញ់​គេ​តែ​ម្ខាង​ គេ​ហៅ​ថា​ ស្នេហា​ឬ​អត់?

មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា​ ស្នេហា​កើត​មាន​ឡើង​នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​មាន​អារម្មណ៍​ល្អ​ជាមួយ​គ្នា​ មាន​ចិត្ត​លើ​គ្នា​ និង​ បារម្ភ​ពី​គ្នា។​ ចុះ​សម្រាប់​ការ​ស្រលាញ់​ដែល​មាន​ទៅ​ឱ្យ​គេ ​តែ​គេ​គ្មាន​សម្រាប់​យើង​វិញ​នោះ​ គេ​ហៅ​ថា​អ្វី​វិញ​ទៅ? អ្នក​ខ្លះ​ហៅ​វា​ថា​ជា ការ​ស្រលាញ់​តែ​ម្ខាង​​ ឬ​ ការ​ស្រលាញ់​គេ​តែ​ឯង​ ។​ ពាក់ពន្ធ័​ជាមួយ​ប្រធាន​បទ​នេះ ក៏​មាន​ការ​ជជែក​វែក​ញែក​ថា ការ​ស្រលាញ់​គេ​ម្នាក់​ឯង​មិន​មែន​ជា​ស្នេហា​នោះ​ទេ ឯ​អ្នក​ខ្លះ​ទៀត​ថា ទោះ​គេ​គ្មាន​ចិត្ត​មក​លើ​យើង​វិញ​ក៏​វា​ជា​ស្នេហា​ដែរ។​

ជាក់​ស្តែង គ្មាន​នរណា​ម្នាក់​អាច​ឱ្យ​និយមន័យ​ស្នេហា​បាន​យ៉ាង​ត្រឹមត្រូវ​ ពិត​ប្រាកដ ឬ ក៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ មាន​តែមនុស្ស​ដែល​ស្ថិត​ក្នុង​រឿង​រ៉ាវ​នោះ​ទេ​ ទើប​អាច​យល់​ច្បាស់​ថា​វា​មាន​និយមន័យ​ដូច​ម្តេច​សម្រាប់​ពួក​គេ។

រូបតំណាង

ដូច្នេះ​បើ​និយាយ​បែប​សាមញ​គឺ វា​ស្ថិត​នៅ​លើ​ថា​ ​តើ​ការ​ស្រលាញ់​គេ​តែ​ម្ខាង​នោះ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ? បើ​ការ​ដែល​អ្នក​សប្បាយ​ចិត្ត​ក្នុង​ការ​លះ​បង់​ពេល​វេលា​និង​ក្តី​ស្រលាញ់​របស់​អ្នក​ទៅ​ឱ្យ​ភាគី​ម្ខាង​ទៀត​ដោយ​មិន​ទាមទារ​ ការ​តប​ស្នង​អ្វី​ទាំង​អស់ ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ ហើយ​គ្រាន់​តែ​ប្រាថ្នា​ចង់​ឃើញ​គេ​បាន​សុខ នោះ​អ្នក​ប្រាកដ​ជា​រីករាយ​នឹង​ធ្វើ​រឿង​ទាំង​នោះ​សម្រាប់​គេ។ ដូចនេះ​ អ្នក​អាច​ហៅ​វា​ថា​ជា​ស្នេហា សម្រាប់​អ្នក ពី​ព្រោះ​អ្នក​រីករាយ​អបអរ​នឹង​ធ្វើ​វា។

រូបតំណាង

ដោយ​ឡែក​សម្រាប់​អ្នក​ដែល​មាន​ចិត្ត​លើ​គេ​តែ​ម្ខាង​ ហើយ​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​យក​ចិត្ត​គេ​ ធ្វើ​យ៉ាង​ណាឱ្យ​គេ​តប​ស្នង​ការ​ស្រលាញ់​វិញ មិន​ថា​ត្រូវ​ចំណាយពេល​ឬ​ លុយ​កាក់​អស់​ប៉ុន្មាន​ ថែម​ទាំង​ពេល​ខ្លះ​ភ្លេច​ធ្វើ​ជា​ខ្លួន​ឯង​ទៀត​ផង​។ ទង្វើ​ដែល​មិន​គប្បី​នឹង​ខ្លួន​ឯង​ មិន​ឱ្យ​តម្លៃ​ខ្លួន​ឯង​ដើម្បី​ភាគី​មួយ​ទៀត​នោះ គឺ​មិន​បាន​ចាត់​ទុក​ថា​ជា​ស្នេហា​នោះ​ទេ។

មនុស្ស​គ្រប់​រូប​ត្រូវ​ចាំ​ថា​ មិន​ថា​នៅ​ក្នុង​ស្ថានភាព​យ៉ាង​ណា យើង​ត្រូវ​ស្រលាញ់​ខ្លួន​ឯង​មុន​ នោះ​អ្នក​ដទៃ​នឹង​ឃើញ​ពី​តម្លៃ​របស់​យើង​ហើយ​តប​ស្នង​ក្តី​ស្រលាញ់​នោះ​ជា​មិន​ខាន៕

រូបតំណាង

អានបន្ត៖​ ៥ ចំណុចសំខាន់ៗមើលដឹងថាគេស្រលាញ់អ្នក ឬក៏អត់

អត្ថបទ៖ Siyou Tang