៥ ចំណុចសំខាន់ៗមើលដឹងថាគេស្រលាញ់អ្នក ឬក៏អត់

  • 2019-10-30 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​ៗ​ មិន​ថា​ប្រុស​ស្រី​ ក្មេង​ចាស់​ទេ​ បើ​មាន​ចិត្ត​ស្រលាញ់​នរណា​ម្នាក់​ ប្រាកដ​ជា​បញ្ចេញ​តាម​សកម្មភាព​ឬ​ពាក្យ​សម្តី​ដែល​អាច​ហៅ​ថា​ ភាសា​នៃ​ការ​ស្រលាញ់​ បើទោះ​ជា​ពេល​ខ្លះ​ខំ​ប្រឹង​លាក់​បាំង​យ៉ាង​ណា​ក៏​ដោយ។

ដូច្នេះ​តាម​អ្នក​ជំនាញ មនុស្ស​ដែល​ស្រលាញ់​អ្នកនឹង​បញ្ចេញ​តាម​ ៥ ចំណុច​ខាង​ក្រោម៖

រូបតំណាង

**១. ពាក្យ​សម្តី**

ពាក្យ​សម្តី​អាច​ជា​សញ្ញា​មួយ​ដ៏​សំខាន់​ក្នុង​ការ​សង្កេត​មើល​ថា​តើ​មនុស្ស​ម្នាក់​ មាន​ចិត្ត​យ៉ាង​ណា​ចំពោះ​​អ្នក។ ​មនុស្ស​ដែល​ស្រលាញ់​​អ្នក ភាគ​ច្រើន​គេ​នឹង​បញ្ចេញ​តាម​រយៈ​ការ​និយាយ​ស្តី​របស់​គេ ដែល​សម្តី​នោះ​អាច​មាន​លក្ខណៈ​ខុស​ពី​សម្តី​ដែល​គេ​ប្រើ​ជាមួយ​អ្នក​ដទៃ។ គេ​អាច​នឹង​សរសើរ​ ឬ បង្អាប់​អ្នកជា​ញឹកញាប់​ ដែល​ជា​ទង្វើ​មួយ​គេ​មិន​សូវ​ធ្វើ​ជាមួយ​អ្នក​ផ្សេង​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត​ សម្តី​នោះ​អាច​ជា​សម្តី​ផ្អែម​ល្ហែម​ ឬ​ជា​ការ​ឌឺ​ដង​ជា​ដើម។

រូបតំណាង

២. កាដូ

កាល​បើ​មនុស្ស​ម្នាក់​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​ជាមួយ​​អ្នក ភាគ​ច្រើន​គេ​នឹង​មាន​ជា​កាដូ​សម្រាប់​អ្នក ដែល​កាដូ​នោះ​អាច​ជា​របស់​តិច​តួច​បំផុត​ ប៉ុន្តែ​បញ្ចាក់​ថា​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​អ្នក និង​គិត​ដល់​អ្នក។ កាដូ​នោះ​អាច​ជា​ របស់​ប្រើ​ប្រាស់​ អាហារ​ ភេសជ្ជៈ​ឬ​​​ ផ្កា​ជាដើម។

រូបតំណាង

៣. សេវាកម្ម

សេវាកម្ម​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា​ជា​ការ​ជួយ​យក​អាសារ​មក​លើ​អ្នក។​ ឱទាហរណ៍​នៃ​ការ​ជួយ​យក​អាសារ​រួម​មាន៖​ ជូន​អ្នកទៅ​ផ្ទះ​ ធើ្វ​ម្ហូប​ឱ្យ​អ្នកញុំា​ ជួយ​ជួស​ជុល​ទូរសព្ទ​ កុំព្យូទ័រ​ ឬ​ ជួយ​ទិញ​របស់​របរ​ប្រើ​ប្រាស់​ឱ្យ​ជា​ដើម។ ទង្វើ​ល្អៗ​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​សកម្មភាព​ដែល​សរ​បញ្ចាក់​ឱ្យ​ឃើញ​ថា​គេ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក។

រូបតំណាង

៤. ការ​ចំណាយ​ពេល​វេលា

មនុស្ស​ដែល​ស្រលាញ់​ ​អ្នកច្បាស់​ជា​ចង់​នៅ​ក្បែរ​​អ្នក ហើយ​ជានិច្ច​កាល តែង​តែ​ចំណាយ​ពេល​វេលា​របស់​គេ​ឱ្យ​អ្នកមិន​ថា​គេ​រវល់​យ៉ាង​ណា​ឡើយ។​ ដូច្នេះ​ អ្នកគួរ​សង្កេត​មើល​ថា​តើ​គេ​ចំណាយ​ពេល​ជាមួយ​អ្នកដោយ​សប្យាយ​ចិត្ត ឬ យ៉ាង​ណា។

រូបតំណាង

៥. ខ្លួន​ប្រាណ

បើ​តាម​អ្នក​ជំនាញ​ មនុស្ស​ដែល​ស្រលាញ់​អ្នកនឹង​ព្យាយាម​បង្ហាញ​តាម​រយៈ​ភាព​ស្និទ្ធ​ស្នាល​គឺ​ការ​ប៉ះ​ពាល់​រាងកាយ​អ្នកជាដើម។​ ការ​បង្ហាញ​នូវ​អារម្មណ៍​និង​ភាព​ស្និទ្ធ​ស្នាល​ អាច​ចេញ​ជា​ច្រើន​ទម្រង់​ ហើយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ធំ​គឺ​ តាម​ការ​ប៉ះ​ពាល់​ មាន​ដូច​ជា ការ​កាន់​ដៃ​ កៀកដៃ កៀកស្មា កាន់​ចង្កេះ អង្អែល​ក្បាល ឬ​ ការឱប​ ថើប ជាដើម៕

ចុចអាន៖ ​ ស្នេហា​ ៦​ប្រភេទ​​អាច​មើល​ដឹង​ពី​រឿង​ទៅ​ថ្ងៃ​អនាគត​ក្នុង​ជីវិត​ស្នេហា​អ្នក

ប្រភព៖ 5lovelanguage ប្រែ​សម្រួល៖ Siyou Tang