បោះ​​​ចោល១០​យ៉ាង​​​នេះ​បាន​ ទើប​ជីវិត​អ្នក​​​បាន​សុខ និង​​ជោគជ័យ​​ពិត​ប្រាកដ​

  • 2017-12-14 05:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​អាច​នឹង​កំពុង​មាន​ជាប់​ខ្លួន។ បោះបង់​គំនិត និង​ទម្លាប់​ទាំង​១០​យ៉ាង​នេះ​បាន ជីវិត​អ្នក​នឹង​កាន់​តែ​មាន​សេចក្ដី​សុខ និង​ភ្លឺ​ស្វាង​ជាង​បច្ចុប្បន្ន៖

១. បោះ​ចោលចរិត​ “​ច្រណែន”

នៅ​ពេល​អ្នក​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ វា​អាច​នឹង​ល្អ​បើ​វា​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អ្នក​កាន់​តែ​តស៊ូ និង​អភិវឌ្ឍ​ខ្លួន​ឯង ប៉ុន្តែវា​នឹង​ក្លាយ​ជា​រឿង​​អាក្រក់​ភ្លាម​ បើ​ភាព​ជោគជ័យ​​របស់​អ្នក​ដទៃ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ និង​មិន​អាច​សាទរ​ជាមួយ​គេ​បាន។ នេះ​ហើយ​គឺ​ជា​​ការ​នាំ​ទុក្ខ​ដល់​ខ្លួន​ឯង។

២. បោះ​ចោលចរិត “​ខ្លាច​ការ​ផ្លាស់​ប្ដូរ”

ជា​ច្រើន​លើក សូម្បី​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​យ៉ាង​ណា​ក្ដី មនុស្ស​យើង​ក៏​មិន​ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ ព្រោះ​ខ្លាច​ថា​អ្វី​ដែល​ថ្មី​អាច​ពិបាក​ជាង​នេះ។ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា ពេល​ខ្លះ​​អ្វី​ថ្មី​ៗ​អាច​នឹង​ល្អ​ជាង​អ្វី​ដែល​អ្នក​កំពុង​ជួប​ជា​ច្រើន​ដង​ក៏​ថា​បាន។ ដូច្នេះ​ហើយ​សូម​កុំ​ខ្លាច​ការ​ផ្លាស់​ប្ដូរ បើ​អ្នក​ចង់​បាន​អ្វី​ដែល​ល្អ​ជាង​បច្ចុប្បន្ន។

៣. បោះចោល​ចរិត “គ្រប់គ្រង​គ្រប់​រឿង”

មនុស្ស​មិន​តិច​នាក់​ឡើយ ដែល​ចូល​ចិត្ត​គិត​គ្រប់​សព្វ ចូលចិត្តឲ្យ​គ្រប់​យ៉ាង​អាច​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ដំណើរ​តាម​ផែនការ​របស់​ខ្លួន ប៉ុន្តែ​ពេល​វា​មិន​បាន​តាម​នោះ​ ក៏​កើត​ទុក្ខ​ភ្លាម។ ដូច្នេះ​ហើយ​​ត្រូវ​ចេះ​បណ្ដោយ​ៗ​ខ្លះ ខំ​ប្រឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព លទ្ធផល​យ៉ាង​ណា​​ក៏​ទទួល​យក​វា​តាម​នោះ ព្រោះ​​គ្មាន​អ្វី​ដែល​យើង​អាច​គ្រប់គ្រង​​បាន​ទាំង​ស្រុង​នោះ​ទេ។

៤. បោះ​ចោល​ចរិត “ធ្វើ​ការ​ច្រើន​ជ្រុល ជា​ពិសេស OT”

ដើម្បី​សម្រេច​ជោគជ័យ ដើម្បី​តំណែង​ការងារ ឬ​លុយ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​ធ្វើ​ការ​ធ្ងន់ លើស​កម្រិត​ដែល​សម​គួរ។ ដូច្នេះ​​បើ​កំពុង​វក់​នឹង​ការងារ​ខ្លាំង​ សូម​អ្នក​​ឈប់​បន្តិច ហើយ​ពិនិត្យ​មើល​ឡើង​វិញ​ថា​​រវាង​ជីវិត​ និង​ការងារ​ របស់​អ្នក​តើ​វា​មាន​តុល្យភាព ឬ Balance ហើយ​ឬ​នៅ? សូម​កុំ​​ខំ​ប្រឹង​ហួស​ហេតុ ព្រោះ​ទម្រាំ​ដល់​ថ្ងៃ​អ្នក​ទទួល​បាន​ជោគជ័យ អ្នក​អាច​បាត់បង់​អ្វី​ច្រើន​ទៀត​ដែល​មិន​អាច​ទាញ​យក​មក​វិញ​បាន​ ដូច​ជា​សុខភាព និង​ទំនាក់ទំនង​ផ្សេង​ៗ។

៥. បោះ​ចោល​ចរិត “បន្ទោស​អ្នក​ដទៃ ឬ​បញ្ហា​”

មនុស្ស​ជា​ច្រើន នៅ​ពេល​មាន​បញ្ហា​កើត​ឡើង គឺ​ត្រូវ​ស្វែង​រក​មនុស្ស ឬ​អ្វី​ផ្សេង​ដើម្បី​មក​ទទួល​ខុស​ជំនួស​ខ្លួន ដោយ​បន្ទោស​នេះ បន្ទោស​នោះ​គ្រប់ពេល។ សូម​បញ្ឈប់​ទម្លាប់​បែប​នេះ ហើយ​ងាក​មក​​អង្គុយ​គិត និង​ជួយ​គ្នា​ស្វែង​រក​​វិធី​ដោះស្រាយ​បញ្ហា​​វិញ​ប្រសើរ​ជាង។

ចុចអាន៖ ​មើល​តែ ​៩​ចំណុច​សាមញ្ញ​ទាំង​នេះ​ក៏អាចដឹងខ្លះដែរថាអ្នកក្លាយជាមនុស្សជោគជ័យឬអត់

៦. បោះចោល​ចរិត “រអ៊ូរ ឬ​រិះគន់​គ្រប់​ពេល​វេលា”

ជំនួស​ឲ្យ​ការ​រអ៊ូរ រិះគន់ ពី​រឿង​មិន​ល្អ ដែល​មិន​បាន​ដូច​ចិត្ត​ខ្លួន​ឯង​គ្រប់ពេល​នោះ អ្នក​គួរ​ផ្លាស់​ប្ដូរ​ការ​គិត​ និង​ការ​សម្លឹង​មើល​បញ្ហា​ជាថ្មី ថា​តើ​បញ្ហា​កើត​ឡើង​ដោយ​សារ​អ្វី ហើយ​ត្រូវ​ដោះស្រាយ​បែប​ណា។ ធ្វើ​បែប​នេះ​ជីវិត​អ្នក​នឹង​មាន​ក្ដី​សុខ​កាន់​តែ​ច្រើន។

៧. បោះចោល​ចរិត “គិត​ថា​ខ្លួន​ឯង​ត្រូវ​រហូត”

“ដំរី​ជើង​បួន​គង់​មាន​ភ្លាត់ អ្នក​ប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច” គ្មាន​អ្នក​ណា​ទៅ​ពូកែ​បាន​គ្រប់​រឿង​នោះ​ទេ។ ការ​ដែល​ត្រូវ​មក​​អង្គុយ​ស្ត្រេស ខ្លាច​ថា​​ខ្លួន​ឯង​មិន​ Perfect នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​​មិន​អាច​រក​ក្ដី​សុខ​ឃើញ​នោះ​ឡើយ។ ដូច្នេះ​ហើយ​ គួរ​តែ​បណ្ដោយ និង​ទទួល​ស្គាល់​ធម្មជាតិ​របស់​មនុស្ស​​ថា​មិន​អាច​ល្អ​ឥតខ្ចោះ​បាន​នោះ​ទេ។

៨. បោះបង់​ចរិត “ជឿ​​ថា​ខ្លួន​ឯង​ធ្វើ​មិន​បាន”

មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ជឿថា ខ្លួន​ឯង​ធ្វើ​នេះ​មិន​បាន ធ្វើ​នោះ​មិន​បាន ឬ​ធ្វើ​បាន​តែ​ប៉ុណ្ណេះ... ការ​គិត​ទាំង​អស់​នេះ​គឺ​ជា​ឧបសគ្គ​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​បាន ឬ​មិន​អាច​តស៊ូ​ពុះពារ​ដើម្បី​​ទៅ​ដល់​ភាព​ជោគជ័យ​បាន​ឡើយ។

៩. បោះចោល “មិត្ត​អាក្រក់​ៗ”

មនុស្ស​គឺ​ជា​សត្វ​ក្នុង​សង្គម និង​អាច​​ទទួល​ឥទ្ធិពល​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​បាន​ខ្ពស់​បំផុត ដូច្នេះ​ហើយ​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​បែប​ណា ការ​សេពគប់​មិត្តភ័ក្ដិ​គឺ​ជា​ចំណុច​សំខាន់ បើ​មិត្ត​ល្អ អ្នក​នឹង​បាន​ល្អ បើ​មិត្ត​មិន​ល្អ អ្នក​នឹង​បណ្ដោយ​ខ្លួន​ឲ្យ​មិន​ល្អ​ទៅ​ជាមួយ​ដែរ។

១០. បោះ​ចោល​ “អតីត”

អតីត​កាល​គឺ​ជា​បទពិសោធន៍​ដែល​​មាន​ទាំង​ល្អ និង​មិន​ល្អ។ វា​ជា​អ្វី​ដែល​នាំ​យើង​ឲ្យ​មាន​ថ្ងៃ​នេះ ប៉ុន្តែ​អ្វី​ដែល​យើង​គួរ​ចាំ​នោះ​​​មិន​គួរ​ជា​អ្វី​ដែល​​ជា​រឿង​ឈឺចាប់​ក្នុង​អតីត និង​ធ្វើ​​ឲ្យ​យើង​មិន​អាច​ដើរ​ទៅ​មុខ​បាន​នោះ​ទេ ៕

ចុចអាន៖

ប្រភព៖ fungtumpost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម