ទម្លាប់មនុស្សអន់ទាំង១០ បើមិនព្រមកែចេញ កុំសង្ឃឹមជីវិតភ្លឺស្វាងនឹងគេ
- 2017-12-06 07:54:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់មនុស្សអន់ទាំង១០ បើមិនព្រមកែចេញ កុំសង្ឃឹមជីវិតភ្លឺស្វាងនឹងគេ
ទម្លាប់គឺជាទង្វើដែលយើងតែងធ្វើជាប្រចាំរហូតក្លាយជានិស្ស័យ និងចរិតផ្ទាល់ខ្លួន។ បើទម្លាប់ល្អ នោះនឹងនាំមកនូវសេចក្ដីសុខ និងជោគជ័យ ប៉ុន្តែបើទម្លាប់មិនល្អហើយ នោះនឹងមានតែរឿងក្ដៅក្រហាយ និងបរាជ័យចូលមកជាបន្តបន្ទាប់។ ប៉ុន្តែទម្លាប់គឺជាអ្វីដែលយើងអាចកែប្រែបាន ដូច្នេះបើដឹងថាខ្លួនឯងមានទម្លាប់ ១០យ៉ាងខាងក្រោមនេះ សូមចាប់ផ្ដើមកែប្រែវាតាំងពីថ្ងៃនេះ៖
១. ខ្ជិល
ទម្លាប់ខ្ជិលនាំមកនូវបរាជ័យឲ្យជីវិតច្រើនលើសពីអ្វីដែលអ្នកគិត។ បើសង្កេតមើលឲ្យល្អនឹងដឹងថាបុគ្គលដែលជោគជ័យគឺគ្មាននរណាជាមនុស្សខ្ជិលនោះទេ ព្រោះភាពខ្ជិលនឹងធ្វើឲ្យអ្នកលែងដឹងលែងស្គាល់ពីតួនាទីខ្លួនឯង គ្មានការទទួលខុសត្រូវអ្វីទាំងអស់។ បើដូច្នេះតើអ្នកអាចសម្រេចជោគជ័យបានដោយរបៀបណា?
២. ទម្លាប់ចាំស្អែក
នៅពេលខ្ជិល ទម្លាប់មួយទៀតដែលតាមមកជាមួយគ្នានោះគឺទម្លាប់ចាំស្អែក ពេលមានការងារត្រូវធ្វើ បែរជាខ្ជិលធ្វើ ដោយអាងថាទុកសិន ដែលធ្វើឲ្យការងារត្រូវបរាជ័យជាញឹកញាប់ ដោយសារធ្វើមិនទាន់ពេលកំណត់ ឬធ្វើប្រញាប់ប្រញាល់នៅនាទីចុងក្រោយដោយគ្មានគុណភាព។
៣. ចូលចិត្តដោះសា
មនុស្សដែលចូលចិត្តដោះសារមែងស្វែងរកហេតុផលផ្សេងៗដើម្បីឲ្យខ្លួនឯងបានរួចខ្លួនពីបញ្ហាអាក្រក់ៗបាន ប៉ុន្តែទម្លាប់ដោះសានេះហើយដែលបញ្ជាក់ថាអ្នកចូលចិត្តបន្ទច់បង្អាក់ខ្លួនឯងយ៉ាងណា ទាំងក្នុងការធ្វើការ ការអភិវឌ្ឍខ្លួន ព្រោះថានៅពេលណាអ្នកមានលេស ឬបន្ទោសអ្នកដទៃ នោះមានន័យថាអ្នកនៅមើលមិនឃើញកំហុសឆ្គងរបស់ខ្លួនឯង ហើយបើមិនព្រមមើលមកខ្លួនឯងបែបនេះ អ្នកនឹងគ្មានថ្ងៃកែលំអខ្លួនឯងបានឡើយ។
៤. ចូលចិត្តអួត
“មានតែមនុស្សល្ងង់ទេដែលចូលចិត្តអួត មនុស្សឆ្លាតមិនសូវនិយាយអីច្រើនទេ តែគេចាំស្ដាប់” ហើយមនុស្សដែលចូលចិត្តអួតរមែងមិនសូវឆ្លាតទេ។ មនុស្សប្រភេទនេះចូលចិត្តគិតថាខ្លួននៅពីលើអ្នកដទៃ ធ្វើឲ្យខ្លួនបាត់បង់ឱកាសក្នុងការទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីអ្នកដទៃ ក៏ដូចជាមិនបានអភិវឌ្ឍខ្លួនឯងដោយរវល់តែគិតថាខ្លួនឯងពូកែហើយ ល្អគ្រប់គ្រាន់ហើយ។
៥. ស្ទាក់ស្ទើរ គ្មានទំនុកចិត្ត
បើរវល់តែស្ទាក់ស្ទើរ គ្មានភាពមោះមុត អ្នកក៏គ្មានថ្ងៃទទួលបានជោគជ័យដែរ។ មនុស្សយើងត្រូវមានជំហរខ្លួនឯងមួយដែលច្បាស់លាស់ មិនមែនអ្នកណាថាអ្វី ក៏តាមគេ ឬគ្មានទំនុកចិត្តលើអ្វីដែលខ្លួនកំពុងធ្វើឡើយ។ ធ្វើបែបនេះនឹងធ្វើឲ្យគោលដៅរបស់យើងកាន់តែស្រពេចស្រពិល និងកាន់តែពិបាកសម្រេចបានជោគជ័យ។
៦. ពូកែច្រណែន
ការច្រណែនឈ្នានីសគឺជាទម្លាប់គ្រោះថ្នាក់ និងគួរឲ្យស្អប់បំផុត ព្រោះវាមិនត្រឹមតែដូចនាំភ្លើងទុក្ខមកដុតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែការច្រណែនដែលទ្រាំមិនបាននឹងឃើញគេល្អជាងខ្លួន ក៏ជាការបង្ហិនពេលវេលាឥតប្រយោជន៍មួយដែរ ព្រោះបើយើងរវល់តែច្រណែនគេ អារម្មណ៍របស់យើងនឹងអាប់អួរ គ្មានទឹកចិត្តធ្វើអ្វីៗរហូតភ្លេចអភិវឌ្ឍខ្លួនឯង។
៧. សេពគប់មនុស្សពាល
នៅពេលសេពគប់មិត្តភ័ក្ដិមិនល្អ គេនឹងនាំយើងដើរលើផ្លូវខុស ចំណាយពេលវេលាឥតប្រយោជន៍ ដូច្នេះគួរជ្រើសរើសសេពគប់មនុស្សណាដែលអាចនាំយើងដើរលើផ្លូវល្អ និងឆ្ពោះទៅរកភាពរីកចម្រើនវិញប្រសើរជាង។
៨. ចាយហួសមាឌ
ការចាយវាយលើសពីសមត្ថភាព លើសពីចំណូលដែលខ្លួនឯងរកបានរហូតកើតជាបំណុលដែលមិនចាំបាច់នោះ គឺជារឿងមិនល្អឡើយ។ បើចង់ឈានទៅរកភាពមានបាន គឺត្រូវចេះសន្សំលុយ និងចេះប្រើលុយឲ្យត្រូវកន្លែង។
៩. មើលមិនឃើញតម្លៃខ្លួនឯង
ការគិតថាខ្លួនឯងតូចទាប ធ្វើអ្វីក៏មិនបាន មិនចេះដឹងគ្រប់គ្រាន់ គឺជាការបិទឱកាសខ្លួនឯងតែម្ដង។ នៅពេលអ្នកមានការគិតបែបនេះ អ្នកនឹងគ្មានថ្ងៃធ្វើអ្វីជោគជ័យបានឡើយ ព្រោះតែងមើលរំលងគុណតម្លៃខ្លួនឯង ធ្វើឲ្យគ្មានទំនុកចិត្តក្នុងការធ្វើអ្វីទាល់តែសោះ ហើយទីបំផុតក៏មិនអាចសម្រេចអ្វីបានទាំងអស់។
១០. មិនដឹងថា “ពេលវេលា” គឺជារបស់មានតម្លៃ
មនុស្សគ្រប់គ្នាមានពេលវេលា ២៤ម៉ោងស្មើគ្នា ប៉ុន្តែតើអ្នកធ្លាប់សង្ស័យឬអត់ថាហេតុអ្វីមនុស្សមួយចំនួនប្រើពេលវេលាបានល្អ ធ្វើនេះ ធ្វើនោះបានច្រើនរហូតសម្រេចជោគជ័យគគោក ក្នុងខណៈដែលមនុស្សមួយចំនួនហាក់មើលមិនឃើញតម្លៃពេលវេលា បណ្ដោយឲ្យពេលវេលាកន្លងផុតទៅទទេៗ ដោយមិនធ្វើអ្វីឲ្យកើតជាប្រយោជន៍ទាល់តែសោះ។ ការពិតទៅពេលវេលាមានតម្លៃជាងមាសប្រាក់ទៅទៀត។ បើយើងចេះប្រើវាឲ្យមានប្រយោជន៍ ជីវិតនឹងមិនទំនេរចោល ដោយមានអ្វីត្រូវធ្វើ ត្រូវអភិវឌ្ឍខ្លួនឯងជាច្រើន។
ត្រូវចាំថាទម្លាប់របស់មនុស្សយើងអាចកែប្រែបាន ដោយអាស្រ័យទៅលើថាតើយើងចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងឬក៏អត់ ហើយបើចង់មានក្ដីសុខ ចង់ទទួលបានជោគជ័យគឺត្រូវបញ្ឈប់ទម្លាប់អាក្រក់ទាំងអស់នេះចេញ ៕
ចុចអាន៖
ផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយជានារីដ៏ទាក់ទាញម្នាក់តាមវិធីទាំងនេះ
សញ្ញា៨យ៉ាងរបស់មនុស្សដែលត្រូវស្ពាយទុក្ខជាប់ខ្លួនអស់មួយជីវិត