សម្ដីមាសខុងជឺ៖ ឧស្សាហ៍ខុសក្បួន ៥ប្រការដែលប្រឹងយ៉ាងណាក៏នៅតែក្រ
- 2017-11-28 05:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដីមាសខុងជឺ៖ ឧស្សាហ៍ខុសក្បួន ៥ប្រការដែលប្រឹងយ៉ាងណាក៏នៅតែក្រ
ទស្សនវិទូចិន ខុងជឺ បានពោលកាលពីជាងពីរពាន់ឆ្នាំមុនថា៖
មនុស្សឆ្លាតនិងឧស្សាហ៍ គួរតែលើកតម្កើងឲ្យក្លាយជាមេទ័ព
មនុស្សឆ្លាតនិងខ្ជិល គួរចិញ្ចឹមទុកធ្វើទាហានចាំរៀបគម្រោងការនៅសមរភូមិក្រោយ
មនុស្សល្ងង់ ហើយខ្ជិលគួរទុកប្រើការតាមប្រើបាន
តែបើមនុស្សល្ងង់ ហើយឧស្សាហ៍ គឺត្រូវយកទៅកាត់ក្បាលសម្លាប់ចោលភ្លាម ព្រោះអាចនឹងធ្វើឲ្យខូចការ និងបង្កភាពក្ដៅក្រហាយមិនចេះចប់។
មិនថាអ្នកគឺជាមនុស្សឆ្លាត ឬល្ងង់ តែការឧស្សាហ៍ដោយមិនដឹងកាលៈទេសៈ ឧស្សាហ៍ធ្វើអ្វីខុសៗ ម្ដងហើយម្ដងទៀត នឹងអាចបង្ករការខាតបង់ជាច្រើនទម្រាំរកផលប្រយោជន៍បាន។ ចាប់ផ្ដើមពីថ្ងៃនេះក៏មិនទាន់ហួសពេលដែរ គឺត្រូវបញ្ចប់វប្បធម៌ខំប្រឹងធ្វើការខុសទំនង។ ខាងក្រោមនេះគឺជាហេតុផលល្អៗដែលយើងមិនគួរឧស្សាហ៍ខុសបែបបទ៖
ប្រការទី១៖
ការខំប្រឹងធ្វើការដោយគិតសំខាន់លើបរិមាណដោយមិនប្រើខួរក្បាល គ្មានផ្លូវអាចឲ្យសម្រេចការងារដែលមានគុណភាពបានទេ។ សាកល្បងផ្លាស់ប្ដូរវិធីធ្វើការជាថ្មី គិតឲ្យបានល្អិតល្អន់មុនចុះដៃធ្វើ និងត្រូវចេះរៀបលំដាប់ការងារណាសំខាន់ៗមុន នោះការងារអ្នកនឹងអាចសម្រេចបានលឿនជាងមុនឆ្ងាយតែម្ដង ថែមទាំងមានគុណភាពផងដែរ មិនមែនចេះតែធ្វើៗទៅ ដោយមិនមានរៀបចំគម្រោងច្បាស់លាស់នោះទេ។
ប្រការទី២៖
ការធ្វើការរំលងអាធ្រាត្រ ចូលគេងយប់ជ្រៅ ហើយប្រញាប់ក្រោក គឺនឹងបំផ្លាញគំនិតច្នៃប្រឌិតថ្មីៗ ព្រោះខួរក្បាលដែលមិនស្រស់ថ្លា នឹងមិនអាចគិតអ្វីចេញនោះទេ។ មិនត្រឹមតែបំផ្លាញខួរក្បាល ប៉ុន្តែការធ្វើការមិនស្គាល់ថ្ងៃមិនស្គាល់យប់នឹងធ្វើឲ្យសុខភាពយើងទ្រុឌទ្រោមដូចគ្នា។
ប្រការទី៣៖
បើអ្នកជាចៅហ្វាយនាយរបស់គេ គួរតែធ្វើជាគំរូល្អរបស់កូនចៅ ជាពិសេសការគ្រប់គ្រងពេលវេលា។ មនុស្សចេះធ្វើការ មិនចាំបាច់ត្រូវប្រើពេលវេលាក្នុងការិយាល័យដល់យប់អាធ្រាត ដើម្បីសម្រេចការងារតិចតួចនោះទេ។
ប្រការទី៤៖
អ្នកធ្វើការភាគច្រើនឈ្ងោកធ្វើការងារដដែលៗ នៅក្នុងការិយាល័យមួយថ្ងៃៗជិត១០ម៉ោង ដោយមិនធ្លាប់សួរខ្លួនឯងថា អ្វីដែលកំពុងធ្វើរាល់ថ្ងៃនេះ មានប្រយោជន៍ដល់ជីវិតប៉ុណ្ណា ធ្វើឲ្យខ្លួនឯងរីកចម្រើនឬក៏អត់ និងផ្ដល់អ្វីខ្លះដល់សង្គម? ការប្រឹងប្រែងធ្វើការងារដដែលៗ ដែលមិនផ្ដល់ភាពរីកចម្រើនអ្វីសោះដល់ជីវិត ក៏មិនអាចនាំអ្នកទៅរកជោគជ័យបានដែរ។
ប្រការទី៥៖
គ្រួសារត្រូវស្ថិតនៅលំដាប់ទីមួយជានិច្ច។ កុំបណ្ដោយឲ្យការងារបំផ្លាញជីវិតអ្នក។ ភាពរីកចម្រើនផ្នែកការងារ អាចសំខាន់សម្រាប់មនុស្សជាច្រើន ប៉ុន្តែបើគិតឲ្យដិតដល់នោះ វាមិនអាចប្រៀបធៀបជាមួយការមានគ្រួសារដែលកក់ក្ដៅ គួរឲ្យស្រឡាញ់ ព្រោះមិនថាពេលសុខ ឬទុក្ខ ពួកគេគឺជាអ្នកដែលអាចនៅក្បែរយើងជានិច្ច ៕
ចុចអាន៖