នារី​មាន​គូ​ស្នេហ៍​នៅ​ឆ្ងាយ​ពី​គ្នា គួរ​​ធ្វើ​ដូចម្ដេច​បើ​​គេ​មិន​សូវ​អើពើ?

  • 2017-12-01 02:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​​មាន​គូ​ស្នេហ៍​នៅ​​​សែន​​ឆ្ងាយ​ពី​គ្នា​ ប្រហែល​ជា​ធ្លាប់​ទទួល​​អារម្មណ៍​​ឯកោ​ដោយសារ​​តែ​គ្មាន​មនុស្ស​ពិសេស​នៅ​ក្បែរ​រាល់​ថ្ងៃ​ដូច​គេ។ ពាក្យ​មួយ​​ឃ្លា​ដែល​​​ចាស់ៗ​តែង​និយាយ​​“ឃ្លាត​កាយ​ណាយ​ចិត្ត​” អ្នក​ក៏​ចាប់​ផ្តើម​យល់​​ច្បាស់​​។ មនុស្ស​ដែល​អ្នក​ស្រឡាញ់​ចាប់​ផ្ដើម​ឃ្លាត​ឆ្ងាយ​ពី​អ្នក ​មិន​សូវ​អើពើ​ជាមួយ​អ្នក​ដូច​ពី​មុន​។ បើ​អ្នក​ពិបាក​ទ្រាំ និង​មិន​អាច​ទទួល​យក​បាន​​ត​​ទៅ​ទៀត​បាន ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បី​ដោះស្រាយ​ជា​មួយ​សម្ពន្ធភាព​ដែល​នៅ​ទ្រឹង​មួយ​​នេះ​៖​

រូបតំណាង

១. ព្យាយាម​យល់​ពី​មនុស្ស​ប្រុស​

មនុស្ស​ប្រុស​​មិន​ងាយ​បញ្ចេញ​អារម្មណ៍​ទន់ជ្រាយ​ដូច​មនុស្ស​ស្រី​ឡើយ​​។ ទោះ​បី​គាត់​នៅ​តែ​ស្រឡាញ់ និង​នឹក​អ្នក​ខ្លាំង ក៏​គាត់​មិន​អាច​សម្ដែង​ចេញ​ឲ្យ​អ្នក​ដឹង​​ដោយ​ស្រួល​ដែរ​​។ សម្បក​ខាង​ក្រៅ​រឹងមាំ មិន​ប្រាកដ​ថា​ក្នុង​ចិត្ត​គាត់​​រឹងមាំ​ដូច​គ្នា​​ទេ​ ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​​យល់​ពី​​​គាត់​ និង​កុំ​គិត​ច្រើន​​តែ​ម្នាក់​ឯង​។​

២. ចែក​រំលែក​រឿងរ៉ាវ​ជីវិត​ជាមួយ​គ្នា​

អ្នក​ត្រូវ​​ព្យាយាម​ឲ្យ​អស់​សមត្ថភាព ក្នុង​ការ​​រក្សា​ចំណង​ស្នេហ៍ ដោយ​​​​​​ឧស្សាហ៍​ទៅ​លេង​គ្នា ឆាត ឬ​​និយាយ​ទូរស័ព្ទ​រៀបរាប់​រឿងរ៉ាវ​ប្រចាំ​ថ្ងៃ​ប្រាប់​គ្នា​។ បែបនេះ អ្នក​ទាំង​ពីរ​អាច​មាន​​អារម្មណ៍​ថា​នៅ​តែ​មាន​ភាព​ស្និទ្ធស្នាល​ដដែល​។​

៣. គ្មាន​ប្រុស​ណា​មិន​អើពើ​ចំពោះ​​ស្រី​ដែល​ខ្លួន​ស្រឡាញ់​ឡើយ​

បើ​គាត់​នៅ​តែ​មិន​អើពើ ទោះ​អ្នក​ព្យាយាម​ប៉ុណ្ណា អ្នក​ក៏​ត្រូវ​បញ្ចប់​​​​ទំនាក់ទំនង​នេះ​មុន​ដោយ​ខ្លួន​ឯង​។ គាត់​អាច​នឹង​អស់​ចិត្ត​ស្រឡាញ់​អ្នក​ពិត​ប្រាកដ​មែន ឬ​គាត់​​ជួប​មនុស្ស​ថ្មី​ដែល​​គាត់​ពេញ​ចិត្ត ដូច្នេះ​ការ​ចាកចេញ​របស់​អ្នក​គឺ​ជា​រឿង​ដែល​​ត្រឹមត្រូវ​។​​

រូបតំណាង

៤. និយាយ​គ្នា​ដោយ​​បើក​ចំហ​

សួរ​គាត់​​ត្រង់ៗ តើ​គាត់​នៅ​ស្រឡាញ់​អ្នក​ទៀត​ឬ​​អត់​?​ បើ​គាត់​ស្ទាក់ស្ទើរ មិន​ប្រាកដ​ចិត្ត សុំ​ឲ្យ​​គាត់​ដោះ​លែង​អ្នក ហើយ​អ្នក​ក៏​ត្រូវ​ដោះលែង​គាត់​ដូច​គ្នា​។ ស្នេហា​អាត្មានិយម​ពិត​​ជា​មិន​អាច​រក​សុភមង្គល​ពិត​ឃើញ​ឡើយ​។

៥. ស្វែង​រក​មនុស្ស​ថ្មី​

បើ​ព្យាយាម​គ្រប់​ចំណុច​ក៏​មិន​បាន​ផល គួរ​ឈប់​ខ្វល់​ពី​គាត់​​ទៀត ដូរ​លេខ​ទូរស័ព្ទ ​ហើយ​ណាត់​ជួប​​មនុស្ស​ថ្មី​។ ជីវិត​មនុស្ស​ខ្លី​ណាស់ កុំ​​ចំណាយ​ពេល​លើ​រឿង​ទុក្ខសោក​ច្រើន​ពេក​។ បើ​គាត់​ជា​គូ​របស់​អ្នក​មែន គាត់​នឹង​មិន​បោះបង់​អ្នក ឬ​អនុញ្ញាត​ឲ្យ​អ្នក​ទៅ​ស្រឡាញ់​អ្នក​ផ្សេង​​ទេ ៕​

ចុចអាន៖

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម