៧​ចំណុច​បញ្ជាក់​ថា អ្នក​ជា​នារី​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​តម្កាត់​

  • 2017-09-14 04:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​មាន​សុខភាព​ល្អ​ឬ​ក៏​អត់​ មិន​អាច​មើល​ពី​ខាង​ក្រៅ​ដឹង​១០០%​ទេ។ គ្រូពេទ្យ​បាន​ឱ្យ​ដំបូន្មាន​ថា ដើម្បី​ដឹង​ច្បាស់​ថា អ្នក​ណា​ម្នាក់​មាន​សុខភាព​រឹងមាំ ត្រូវ​មើល​លើ​ចំណុច​សំខាន់​ទាំង​៧​យ៉ាង​នេះ​៖

១- ទម្ងន់​នៅ​ថេរ៖

សម្រាប់​អ្នក​ដែល​អាច​គ្រប់​គ្រង​ទម្ងន់​ខ្លួន​បាន​ស្ថិតស្ថេរ មិន​ឡើង​មិន​ចុះ​ផ្ដេសផ្ដាស​ បាន​ន័យ​ថា សុខភាព​របស់​អ្នក​​នោះ​មាន​ភាព​ប្រក្រតី មិន​មាន​បញ្ហា​ទៅ​លើ​សរីរាង្គ​ណា​មួយ​ឡើយ​។ កត្តា​ដែល​អាច​រក្សា​ទម្ងន់​ខ្លួន​នៅ​ថេរ​បាន ដោយ​សារ​តែ​ការ​គ្រប់​គ្រង​របប​អាហារ​ និង​មាន​លំហាត់​ប្រាណ​បាន​ត្រឹម​ត្រូវ​។

២- ចង្វាក់​បេះដូង​លោត​ធម្មតា​៖

មនុស្ស​ម្នាក់​ៗ​មាន​ចង្វាក់​បេះដូង​ខុសៗ​គ្នា​។ ប៉ុន្តែ​ជា​ធម្មតា​ បើ​ចង្វាក់​បេះដូង​អ្នក​លោត​ចន្លោះ​ពី ៦០​ទៅ​៨០​ក្នុង​មួយ​នាទី វា​បង្ហាញ​ថា អ្នក​មាន​សុខភាព​ល្អ​។ ចំណែក​អ្នក​ដែល​មាន​ចង្វាក់​បេះដូង​លោត​លើស​ពី​ចន្លោះ​នេះ អាច​មាន​ឱកាស​កើត​ជំងឺ​បេះដូង​ច្រើន​។

៣- បបូរ​មាត់​មិន​ប្រេះ ឬ​ឡើង​ស្ងួត៖

កាល​ណា​បបូរ​មាត់​ទៅ​ជា​ប្រេះ​ស្ងួត វា​បង្ហាញ​ថា រាងកាយ​អ្នក​កំពុង​ខ្វះ​ជាតិ​ទឹក​។ អាការៈ​នេះ​​បណ្ដាល​មក​ពី​កង្វះ​វីតាមីន B និង​ជាតិ​ស័ង្កសី​ក្នុង​ខ្លួន។ អ្នក​មាន​សុខភាព​ល្អ បបូរ​មាត់​នឹង​មើល​ទៅ​ភ្លឺ​រលោង និង​មានសំណើម​ដោយ​សារ​តែ​កម្រិត​ជាតិ​ទឹក​ដែល​រាងកាយ​ត្រូវ​ការ​គឺ​មាន​គ្រប់គ្រាន់​។

៤- បត់​ជើង​ធម្មតា មិន​មាន​អាការៈ​រាក ឬ​ទល់​លាមក៖

​បើ​អ្នក​​បត់​ជើង​រាល់​ថ្ងៃ​ធម្មតា មិន​រាក ឬ​ទល់​លាមក​ទេ​នោះ បាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ដំណើរ​ការ​ល្អ​នៅ​ឡើយ​ មិន​មាន​បញ្ហា​អ្វី​ទេ។

៥- ទឹក​នោម​ពណ៌​លឿង​ខ្ចី​៖

បើ​ពេល​បត់​ជើង​តូច​រួច ទឹក​នោម​របស់​អ្នក​មាន​ពណ៌​លឿង​ខ្ចី វា​បង្ហាញ​ថា អ្នក​មាន​សុខភាព​ល្អ ហើយ​រាងកាយ​ក៏​មិន​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក​ដែរ​។ ប៉ុន្តែ​បើ​វា​ឡើង​ពណ៌​លឿង​ចាស់​វិញ អ្នក​គួរ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​ជាង​នេះ​។

៦- ស្បែក​ភ្លឺ​ថ្លា​៖

កត្តា​មួយ​ចំនួន​ដូច​ជា អរម៉ូន ការ​តម​អាហារ និង​ស្ត្រេស​អាច​ធ្វើ​ឱ្យ​ស្បែក​ទៅ​ជា​ស្រអាប់ ជ្រីវជ្រួញ​។ ហេតុ​នេះ​ហើយ​ទើប​អ្នក​ដែល​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ចេះ​គ្រប់​គ្រង​របប​អាហារ​បាន​ល្អ តែង​មាន​ស្បែក​ភ្លឺ​ថ្លា ទោះ​ជា​សម្បុរ​ខ្មៅ​ក៏​មិន​មើល​ទៅ​ស្រអាប់​​ដែរ​។

៧- ​ពេល​មាន​របួស​ ​ឆាប់​ជា​សះ៖

ជា​ទូទៅ របួស​តូចៗ​ត្រូវការ​ពេល​ពី​១ទៅ​២​ថ្ងៃ​ដើម្បី​ជា​សះ ដូច្នេះ​បើ​គ្រាន់​តែ​មុត ឬ​រលាត់​ស្បែក​តិច​តួច តែ​អ្នក​ត្រូវ​ការ​ពេល​យូរ​ទម្រាំ​ជា បាន​ន័យ​ថា រាងកាយ​អ្នក​អាច​មាន​មេរោគ​ពី​ខាង​ក្នុង​៕

ចុចអាន៖

ប្រភព៖ bodyandsoul ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម