វិធីញ៉ាំ៥យ៉ាង ជួយរក្សារាង ១០ឆ្នាំទៀតក៏មិនភ័យឡើងគីឡូ
- 2017-09-06 02:58:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីញ៉ាំ៥យ៉ាង ជួយរក្សារាង ១០ឆ្នាំទៀតក៏មិនភ័យឡើងគីឡូ
ការដែលមានរាងស្អាត មិនឡើងគីឡូ មិនមែនមកពីកត្តារាងកាយមនុស្សទេ តែវាកើតឡើងដោយសារទម្លាប់នៃការរស់នៅ និងញ៉ាំត្រឹមត្រូវ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលនារីអាចអនុវត្តបានជាមួយទម្លាប់នៃការញ៉ាំ ដោយមិនភ័យខ្លាចពីការឡើងទម្ងន់ និងនៅតែមានសុខភាពល្អ។
១- ញ៉ាំអាហារសម្រន់ខ្លះក្នុងពេលបាយ៖
កុំគិតថា ការញ៉ាំអាហារនឹងធ្វើឱ្យអ្នកឡើងទម្ងន់ ព្រោះបើអ្នកវៃឆ្លាតក្នុងការញ៉ាំ វានឹងមិនបណ្ដាលឱ្យខូចរូបរាងទេ។ គួរចៀសវាងអាហារណាដែលមិនល្អសម្រាប់សុខភាព ឬក៏អាចញ៉ាំអាហារសម្រន់ខ្លះមុនពេលបាយ វានឹងអាចជួយកាត់បន្ថយអារម្មណ៍ឃ្លាន ហើយមិននាំឱ្យអ្នកញ៉ាំអាហារឆ្អែតជ្រុល។
២- គ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវ៖
ការគ្រប់គ្រងរបបអាហារនឹងជួយឱ្យអ្នករក្សាកម្រិតកាឡូរីក្នុងរាងកាយបានត្រឹមត្រូវ ហើយអ្នកនឹងដឹងថា គួរញ៉ាំអាហារក្នុងបរិមាណប៉ុនណាដើម្បីថែរក្សាទាំងសុខភាព និងផ្ដល់ថាមពលគ្រប់គ្រាន់សម្រាប់សកម្មភាពប្រចាំថ្ងៃ។
៣- ញ៉ាំសាច់ពណ៌សឱ្យបានច្រើន កាត់បន្ថយសាច់ក្រហម៖
មិនថាសាច់ក្រហម (សាច់គោ សាច់ជ្រូក សាច់ចៀម...) ឬសាច់ស (ត្រី មាន់ ទា...) សុទ្ធតែមានសារធាតុបំប៉នដល់រាងកាយ។ ប៉ុន្តែអ្វីដែលខុសប្លែកគ្នានោះគឺ សាច់ក្រហមមានផ្ទុកជាតិខ្លាញ់ច្រើនដែលនឹងឱ្យទម្ងន់មានការកើនឡើង ចំណែកសាច់សបែរជាជួយសំយោគចេញជាសារធាតុមានប្រយោជន៍សម្រាប់រាងកាយបានច្រើនជាង។
៤- ញ៉ាំអាហារស្ងោរឬចំហុយ ជាជាងអាហារចៀនឬបំពង៖
ប្រហែលមានមនុស្សតិចនាក់ណាស់ដែលចូលចិត្តញ៉ាំអាហារស្ងោរ ឬចំហុយ ព្រោះវាមិនសូវមានរសជាតិដូចអាហារបំពង។ ប៉ុន្តែបើប្រៀបធៀបវិញ អាហារស្ងោរនិងចំហុយងាយស្រួលធ្វើ និងចំណេញពេលជាងអាហារបំពង ហើយវាមានប្រយោជន៍ច្រើនជាង ដូចជាគ្មានជាតិខ្លាញ់ ហើយងាយរលាយក្នុងរាងកាយ។ ដូច្នេះទោះញ៉ាំច្រើនយ៉ាងណា ក៏មិនបណ្ដាលឱ្យអ្នកទៅជាធាត់ពេកដែរ។
៥- កាត់បន្ថយការញ៉ាំខាងក្រៅ៖
ជំនួសឱ្យការញ៉ាំខាងក្រៅ អ្នកអាចចម្អិនអាហារនៅផ្ទះ ដោយប្រើបន្លែសាច់ដែលមានជីវជាតិល្អ។ អាហារដែលនៅខាងក្រៅមិនប្រាកដថា បានលាងសម្អាតស្អាត ឬរក្សាអនាម័យដូចការរៀបចំនៅផ្ទះទេ។ ចំណែកខ្លាញ់ដែលគេយកមកប្រើ ក៏មិនដឹងថាប្រើប៉ុន្មានដងហើយ ឬក្នុងកម្រិតណាដែរ។ ផ្ទុយទៅវិញ ការញ៉ាំអាហារនៅផ្ទះនឹងជួយអ្នកឱ្យទុកចិត្តពីរឿងអនាម័យ និងបរិមាណដែលអ្នកត្រូវការដើម្បីរក្សាតុល្យភាពក្នុងរាងកាយ។
ក្រៅពីទម្លាប់នៃការញ៉ាំខាងលើ អ្នកក៏គួរយកចិត្តទុកដាក់លើការធ្វើលំហាត់ប្រាណខ្លះៗដែរ ដូចជាការបញ្ចេញចលនាតិចៗ ធ្វើយូហ្កា ឬដើរចុះឡើងជុំវិញផ្ទះដើម្បីបានបញ្ចេញជាតិពុល ដុតបំផ្លាញខ្លាញ់ក្នុងខ្លួនបានផង៕
ចុចអាន៖
ធ្វើរឿងទាំងនេះ មុនញ៉ាំអាហាររាល់ព្រឹក ដឹងតែបានស្បែកស្អាត មានថាមពលពេញមួយថ្ងៃ
មិនគួរឱ្យជឿ! ដំឡូងជ្វាជួយឱ្យសាច់ចាំ និងសុខភាពល្អ ខ្លាំងមិនចាញ់យិនស៊ិន