មិន​បាច់​សន្យា​ថា​ស្រលាញ់​រហូតទេ សូម​តែ​ស្រលាញ់​ឲ្យ​អស់​ពី​ចិត្ត​គឺ​គ្រប់​គ្រាន់​ហើយ

  • 2017-06-23 04:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អំឡុង​ពេល​ដែល​យើង​នៅ​ក្បែរ​គ្នា​គឺ​ខ្លី​ខ្លាំង​ណាស់ ហើយ​ក៏​គ្មាន​អ្នក​ណា​ដឹង​ដែរ​ថា​ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក​យើង​នឹង​បែក​គ្នា​នេះ​ដែរ។ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​រក្សា​អនុស្សាវរីយ៍​នេះ​នៅ​ក្នុង​ដៃ​ជា​យូរ​អង្វែង ដើម្បី​ថ្ងៃ​ក្រោយ​អាច​និយាយ​ថា​៖ ខ្ញុំ​ធ្លាប់​ស្រលាញ់​មនុស្ស​ម្នាក់​ដល់​ថ្នាក់​នេះ។

បង​ជួប​ខ្ញុំ​នៅ​ពេល​ដែល​យើង​ទាំង​ពីរ​មិន​មែន​ជា​ក្មេង​ទៀត នៅ​ពេល​ដែល​បង​ធ្លាប់​ឆ្លងកាត់​អស់​ហើយ​នូវ​ទុក្ខ​លំបាក​នៅ​ក្នុង​ជីវិត ហើយ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ភ្លក់​រសជាតិ​ជូរចត់​នូវ​ការ​បែក​បាក់​ស្នេហា​វ័យ​ក្មេង។ បង​ឈាន​ជើង​ចូល​ក្នុង​ជីវិត​ខ្ញុំ​ដោយ​ថ្នម​ៗ រហូត​ដល់​ថ្ងៃ​មួយ​ខ្ញុំ​ដឹង​ថា ​ខ្ញុំ​មិន​អាច​រស់​នៅ​ដោយ​គ្មាន​បង។

រូបតំណាង

មួយ​ថ្ងៃ​មិន​បាន​ជួប​បង ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មិន​ស្ងប់។ ខ្ញុំ​ឲ្យ​តម្លៃ​រាល់​វិនាទី​ដែល​នៅ​ក្បែរ​បង និង​ភ័យ​ខ្លាច​រៀង​រាល់​ពេល​យើង​ឈ្លោះ​គ្នា។ ខ្ញុំ​ខ្លាច​បាត់​បង បង​ក៏​ខ្លាច​បាត់​ខ្ញុំ ពួក​យើង​រស់​នៅ​ដោយ​សុភមង្គល​តែ​ខ្លាច​ក្រែង​តែ​ថ្ងៃ​ណា​មួយ​នឹង​បាត់​ភាគី​ម្ខាង​ទៀត។

ជីវិត​មនុស្សមិន​ទៀង ហើយ​ពួក​យើង​ក៏​មិន​អាច​ដឹង​ដែរ​ថា​ថ្ងៃ​ណា​យើង​នឹង​បែក​គ្នា។ ដូច​នេះ​ហើយ​ពាក្យ​ថា​ស្រលាញ់​ជា​និរន្ត ឬ​ស្រលាញ់​អស់​មួយ​ជីវិត​ហាក់​ដូច​ជា​ស្ដួច​ស្ដើង​ខ្លាំង​ណាស់ យើង​មិន​ទាំង​ដឹង​ថា​ថ្ងៃ​ស្អែក​នឹង​មាន​អ្វី​កើត​ឡើង​ផង ម៉េច​ក៏​ហ៊ាន​និយាយ​ដល់​ថ្នាក់​នេះ? ដូច​នេះ សូម​ស្រលាញ់​ឲ្យ​អស់​ពី​ចិត្ត​នា​ពេល​បច្ចុប្បន្ន​គឺ​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ៕

ប្រភព៖ Guu ប្រែ​សម្រួលៈ Caramel