ខែឆ្នាំមិនត្រូវគ្នា គឺមិនអាចយកគ្នាដាច់ខាត?
- 2017-06-20 07:50:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែឆ្នាំមិនត្រូវគ្នា គឺមិនអាចយកគ្នាដាច់ខាត?
ខ្ញុំគិតថានៅពេលមនុស្សពីរនាក់ស្រលាញ់គ្នា ស្នេហាគឺធំគ្រប់គ្រាន់ដើម្បីឲ្យពួកសម្រេចទៅដល់មង្គលការហើយ។ វាជាគោលដៅសម្រេចរបស់មនោសញ្ចេតនាមួយ ចុះហេតុអី នៅពេលដែលគេស្រលាញ់គ្នាហើយ បែរជាបង្ខំគ្នាឲ្យឃ្លាតឆ្ងាយ ដោយសារតែអាយុមិនត្រូវគ្នា មិនមែនដោយសារតែអស់ស្រលាញ់ រឹតតែមិនមែនដោយសារនរណាក្បត់។
ខ្ញុំគឺជាមនុស្សអប្បិយជំនឿមួយរូប។ ខ្ញុំក៏ដឹងពីទំនៀមទម្លាប់របស់យើងដែរថា នៅពេលរៀបការគឺត្រូវទៅមើលគ្រូថាអាយុត្រូវគ្នាឬអត់ ដើម្បីអាចរស់នៅជាមួយគ្នា និងអាចទទួលបានជោគជ័យនូវគ្រប់កិច្ចការទាំងអស់ ជាពិសេសគឺសុខភាព និងលាភសំណាងនានា។
ដោយសារតែផ្គាប់ចិត្តគ្រួសារ ចង់បានជីវិតដ៏រលូនមួយ ពួកគេសុខចិត្តឃ្លាតឆ្ងាយពីគ្នា ដើម្បីកុំឲ្យថ្ងៃក្រោយមានវិប្បដិសារីនៅក្នុងចិត្ត ។ ដោយសារកាលពីក្មេងមិនបានស្រលាញ់មនុស្សម្នាក់អស់ពីចិត្ត ឬក៏យ៉ាប់ជាងនេះទៀតគឺ គេជ្រើសយកនរណាម្នាក់ដែលអាយុត្រូវគ្នា ដើម្បីរៀបការ ហើយរស់នៅអស់មួយជីវិតក្បែរគេទាំងមិនបានស្រលាញ់។ មនុស្សពីរនាក់មានសុភមង្គល គ្រួសារហាមឃាត់ តែមនុស្សបួននាក់នឹងរងទុក្ខដោយសារមូលហេតុអាយុមិនត្រូវគ្នា។
អ៊ីចឹងរៀបការ តើចាំបាច់អាយុត្រូវគ្នាឬអត់? ឬគ្រាន់តែស្រលាញ់គ្នាគឺគ្រប់គ្រាន់ហើយ? ឬត្រូវមានទាំងអាយុ ទាំងស្រលាញ់? មិនស្រលាញ់ តែត្រូវអាយុបានអត់? ស្រលាញ់តែមិនត្រូវអាយុបានអត់? អប្បិយជំនឿជារឿងមួយ តែនៅក្នុងសង្គមបច្ចុប្បន្ន មានគូស្នេហ៍មួយគគោកសុទ្ធតែបានរៀបការតាមប្រពៃណី ហើយមុនរៀបការប្រាកដជាបានទៅមើលគ្រូរួចហើយ។ ហើយលទ្ធផលជាអ្វី? មិនបានប៉ុន្មានផងក៏ដាក់ពាក្យលែងលះ។ ម្យ៉ាងវិញទៀតសម័យយាយតាពួកយើង ត្រូវគេចាប់រៀបការជាមួយគ្នា មិនទាំងស្គាល់មុខមាត់គ្នាយ៉ាងម៉េចផង តែនៅតែអាចនៅជាមួយគ្នាបានដល់សព្វថ្ងៃ។
សរុបសេចក្ដីមក រឿងខែឆ្នាំគឺសំខាន់ តែអាចនៅជាមួយគ្នាបានឬមិនបានគឺស្ថិតទៅលើបុគ្គលខ្លួនឯងផ្ទាល់ បើអត្តចរិតមិនត្រូវគ្នា អាយុត្រូវគ្នា មិនយូរមិនឆាប់គង់មានបញ្ហា ដូចនេះអ្នកដែលស្រលាញ់គ្នាពិតប្រាកដ សូមកុំបោះបង់ចោលដោយសារតែរឿងនេះឲ្យសោះ៕
រាងកាយមនុស្សស្រីតែងរងផលប៉ះពាល់ទាំងនេះ ពេលបាត់បង់ស្នេហា
ពាក្យសន្យាទាំងអស់នៅមានតម្លៃតែនៅពេលយើងនៅក្បែរគ្នាមែនទេ?
ព្យាយាមថែស្នេហានោះហើយ តែនៅតែបរាជ័យ អ្នកគួរតែគិតរឿងទាំងនេះ