​ពាក្យ​សន្យា​​ទាំង​អស់​នៅ​មាន​តម្លៃ​តែ​នៅ​ពេល​យើង​នៅ​ក្បែរ​គ្នា​មែន​ទេ?

  • 2017-06-17 12:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​ការ​ពិត​មែន​ទេ ដែល​រាល់​ពាក្យ​សន្យា​នៅ​មាន​តម្លៃ​តែ​ពេល​យើង​នៅ​ក្បែរ​គ្នា? តើ​ប្រាកដ​ឬ​អត់​ថា​រាល់​អ្វី​ដែល​អ្នក​និយាយ​គឺ​ចេញ​ពី​ចិត្ត? មែន​ឬ​អត់​ដែល​ថា​ឲ្យ​តែ​នៅ​ក្បែរ​គ្នា គឺ​ជា​របស់​គ្នា​ជា​រៀង​រហូត? អ្នក​ធ្លាប់​សន្យា​ថា​នឹង​ក្បែរ​ខ្ញុំ បើ​ទោះ​បី​ជា​មាន​ព្យុះភ្លៀង​យ៉ាង​ម៉េច​ក៏​ដោយ តែ​នៅ​ពេល​នេះអ្នក​នៅ​ឯ​ណា?

យើង​ធ្លាប់​ដើរ​ជាមួយ​គ្នា​ឆ្លង​កាត់​យុវភាព​ដ៏​សែន​មាន​សុភមង្គល ត្រូវ​បាន​បំពេញ​ដោយ​ភាព​ល្ហែម​ល្ហែម​របស់​បេះដូង​ក្មេង​ខ្ចី។ គឺ​ជា​ពេល​វេលា​ដែល​ជម្នះ​ឧបសគ្គ និង​មាន​ស្នាម​ញញឹម​នៅ​លើ​បបូរ​មាត់។ គឺ​ជា​អារម្មណ៍​ភ័យ​អរ​របស់​ក្មេង​នៅ​ពេល​ដែល​ចេះ​ស្រលាញ់​អ្នក​ណា​ម្នាក់​ដំបូង។

រួច​ហើយ ចំណង់​យុវវ័យ មហិច្ឆតា និង​ក្ដី​សុបិន​ទាំង​ប៉ុន្មាន​បាន​កួច​អ្នក​ទៅ​ ទុក​ឲ្យ​ខ្ញុំ​ភ្នែក​រលីងរលោង​ដោយ​សារ​ទឹក​ភ្នែក​ហូរ​លើ​ផ្ទៃ​មុខ​ស្លេក​ស្លាំង​មួយ​នេះ។ គឺ​ជា​អារម្មណ៍​ឯកា​ដល់​ថ្នាក់​ព្រឺ​ខ្លួន។ អ្នក​ទុក​ខ្ញុំ​ចោល​កណ្ដាល​ព្យុះ​ភ្លៀង​នៃ​ជីវិត។

តែ​ខ្ញុំ​នៅ​តែ​ចាំ ចាំ​អ្នក​ក្នុង​ភាព​ឆោត​ល្ងង់ បើ​ទោះ​បី​ជា​ដឹង​ថា​អ្នក​គ្មាន​ថ្ងៃ​វិល​ត្រលប់​មក​វិញ។ ខ្ញុំ​នៅ​តែ​រំពឹង​ថា​រស្មី​ទាំង​នោះ​នឹង​ភ្លឺ​ម្ដង​ទៀត​នៅ​ថ្ងៃ​ស្អែក។ ខ្ញុំ​សង្ឃឹម​ថា​ភ្លៀង​មួយ​មេ​ធំ​នឹង​បោស​រាល់​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម តែ​ឈឺ​ចាប់​ទៅ​ឲ្យ​អស់។

ហេតុ​អ្វី​យើង​អាច​ជម្នះ​ព្យុះភ្លៀង​បាន តែ​ព្យុះ​យុវវ័យ​បាន​កួច​អ្នក​ទៅ​បាត់​ទៅ​វិញ? ពេល​នេះ​ទើប​ខ្ញុំ​ដឹង​ថា ពាក្យ​សន្យា ពាក្យ​ស្បថ​ស្បែ​របស់​អ្នកទាំង​អស់ ការ​ពិត​ទៅ​នៅ​មាន​តម្លៃ​តែ​ពេល​យើង​នៅ នៅ​ក្បែរ​គ្នា​ប៉ុណ្ណោះ។ ពេល​អ្នក​ទៅ​បាត់ វា​ក៏​វេច​បង្វេច​ទៅ​តាម​អ្នក​ដែរ៕

ប្រភព៖ Guu ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម