ព្យាយាម​ថែ​ស្នេហា​នោះ​ហើយ​ តែ​នៅ​តែ​បរាជ័យ​ អ្នក​គួរ​តែ​គិត​រឿង​ទាំង​នេះ

  • 2017-06-15 02:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ខ្លះ​ទោះ​បី​អ្នក​ព្យាយាម​ថែ​យ៉ាងណា​ក៏​វា​នៅ​តែ​បាត់​បង់​ដែរ ដូច្នេះ​វា​មិន​មែន​ជា​កំហុស​អ្នក​នោះ​ទេ ព្រោះ​មនុស្ស​ដែល​ចាកចេញ​សុទ្ធ​តែ​មាន​មូលហេតុ​របស់​គេ។ បើ​ស្នេហា​មួយ​នោះ​អ្នក​មិន​អាច​ថែរក្សា​បាន​ទេ​ អ្នក​គួរ​តែ​បណ្ដោយ​វា​ទៅ​ហើយ​គិត​ថា៖​

១. ទទួល​យក​ថា​អ្នក​មិន​អាច​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត ៖ បើ​គេ​រីករាយ​ពេល​ដែល​នៅ​ជាមួយ​អ្នក​ហើយ គេ​ប្រហែល​ជា​មិន​ចាកចេញ​នោះ​ទេ នេះ​គឺ​មក​ពី​គេ​មិន​អាច​ទទួល​បាន​សេចក្ដី​សុខ​ពី​អ្នក ដូច្នេះ​អ្នក​គួរ​តែ​ជូនពរ​គេ​ឲ្យ​រក​ឃើញ​សុភមង្គល​ពិត​ប្រាកដ។

រូបតំណាង

**២. អ្នក​មិន​អាច​គ្រប់គ្រង​អារម្មណ៍​គេ​បាន​ទេ ៖** បើ​គេ​ចង់​ទៅ​ហើយ​នោះ អ្នក​មិន​អាច​ឃាត់​គេ​ ឬ​ចង់​គ្រប់​គ្រង​ជីវិត​គេ​នោះ​ឡើយ ព្រោះ​គេ​មាន​សិទ្ធិនឹង​ជ្រើសរើស​ផ្លូវ​ជីវិត​របស់​គេ។

៣. អ្នក​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ស្នេហា​នេះ​ហើយ ៖ ទោះ​យ៉ាង​ណា​ក៏​អ្នក​បាន​ព្យាយាម​ថែរក្សា​ការ​ស្រឡាញ់​មួយ​នេះ​ហើយ​ដែរ ទោះ​បី​ជា​វា​បាត់បង់​ក៏​អ្នក​មិន​បាន​ខុស​លើ​ស្នេហា​នេះ​ទៀត​ដែរ។

៤. ត្រូវ​ជឿ​ថា​គ្រប់​យ៉ាង​កើត​ឡើង​សុទ្ធ​តែ​មាន​ហេតុផល ៖ គេ​ចង់​ចាកចេញ​ គេ​ប្រាកដ​ជា​មាន​ហេតុផល​ ហើយ​ទោះ​អ្នក​ទទួល​បាន​ ឬ មិន​ទទួល​បាន​ក៏​គេ​នៅ​តែ​សម្រេច​ចិត្ត​ថា​បញ្ចប់​វា។

៥. សម្រេច​ចិត្ត​ថា​គួរ​តែ​រាប់​អាន​គ្នា​ ឬបញ្ចប់​សូម្បី​តែ​មិត្តភ័ក្ដិ ៖ ត្រូវ​គិត​ឲ្យ​ច្បាស់​ថា​អ្នក​អាច​រាប់​អាន​គ្នា​បាន​ទេ​ បើ​សិន​ជា​ទំនាក់ទំនង​ជា​មិត្តភ័ក្ដិ​នោះ​មិន​ល្អ​ដល់​អ្នក​ និងគេ​ នោះ​អ្នក​មិន​គួរ​ឡើយ ​ព្រោះ​កុំ​ឲ្យ​មាន​រឿង​មិន​ល្អ​កើត​ឡើង​ទៀត។

រូតំណាង

៦. ត្រូវ​គិត​ថា​ពេល​វេលា​ជា​ថ្នាំ​ព្យាបាល​អ្វី​ទាំង​អស់ ៖ ប្រហែល​ជា​ពេល​នេះ​អ្នក​ពិបាក​ទ្រាំ​ អ្នក​ឈឺចាប់ អ្នក​ខូច​ចិត្ត តែ​អ្នក​ត្រូវ​ដឹង​ថា​ពេល​វេលា​ដើរ​​ទៅ​មុខ​រហូត មិន​យូរ​ទេ​អ្នក​នឹង​ធូរស្រាល​ជាង​នេះ​ គ្រាន់​តែ​អ្នក​មិន​អាច​លុប​ការ​ចងចាំ​បាន។

ថែបាន​គួរ​តែ​ថែ ប៉ុន្តែ​បើ​ថែ​មិន​បាន​ហើយ​គួរ​តែ​លែង​គេ​ទៅ​ ព្រោះ​អ្នក​មិន​អាច​ឃាត់​មនុស្ស​ដែល​ចង់​ទៅ​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា