រាងកាយ និង​ផ្លូវ​ចិត្ត​​អ្នក​ហត់​នឿយ​ជ្រុល​​​ហើយ បើ​លេច​ចេញ​សញ្ញា​ទាំង ៥​នេះ

  • 2019-12-02 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មនុស្ស​យើង​មាន​តួនាទី​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ជា​ច្រើន ទាំង​ការងារ និង​រឿង​គ្រួសារ ហើយ​កម្រិត​ស្រ្តេស​ក៏​ចេះ​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្នក​អាច​ជា​មនុស្ស​ដែល​អាច​ធ្វើ​ការ​ងារ​ដែល​មាន​សម្ពាធ​បាន​គ្រប់​ស្ថានការណ៍ ហើយ​ជួន​កាល​ដល់​យប់​ជ្រៅ​ទៀត​ដើម្បី​ឲ្យ​បាន​ទាន់​ពេល​កំណត់។ តែ​ក៏​​ត្រូវ​ទទួល​​ស្គាល់​ថា អ្នក​គឺ​ជា​មនុស្ស​ធម្មតា​ដែល​ត្រូវ​ការ​ការ​បន្ថែម​ថាមពល មិន​មែន​មនុស្ស​យន្ត​ដែល​មិន​ត្រូវ​ការ​អ្វី​នោះ​ទេ។ ប្រសិន​បើ​អ្នក​កំពុង​មាន​អាការ​ដូច​ប៉ុន្មាន​យ៉ាង​ខាង​ក្រោម​នេះ នោះ​​បង្ហាញ​ថា​ដល់​ពេល​វេលា​ហើយ​ដែល​អ្នក​ត្រូវ​សម្រាក​ផ្លូវ​ចិត្ត​ខ្លះ និង​ផ្ដល់​រង្វាន់​ឲ្យ​ខ្លួន​ឯង​ដោយ​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ក្នុង​ពេល​អនាគត៖

រូបតំណាង

១. នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ឈឺ​ជាប់​ៗ​គ្នា

ការ​ឈឺ​នៅ​ក្នុង​អំឡុង​ពេល​ដែល​យើង​រវល់​បំផុត​នោះ​គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដោយ​សារ​​បញ្ហា​​សំខាន់​ៗ​ក្នុង​ជីវិត​យើង​នឹង​ជំរុញ​ឲ្យ​កើត​មាន​ភាព​ស្ត្រេស​ខ្លាំង​ដែល​ច្រើន​​ជះ​ឥទ្ធិពល​ដល់​រាងកាយ។ អ្នក​អាច​ជៀសវាង​បញ្ហា​បែប​នេះ​ដោយ​ការ​សម្រាក​ផ្លូវ​ចិត្ត និង​ត្រៀម​ខ្លួន​ស្វាគមន៍​សប្ដាហ៍​ដ៏​សែន​មមាញឹក​ មិន​ថា​តាម​រយៈ​ការ​គេង​ឲ្យ​គ្រប់គ្រាន់ ឬ​ការ​ទទួលទាន​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព។

២. នៅ​ពេល​អ្នក​ស្រ្តេស​ពី​រឿង​អតីតកាល​ច្រើន​ជាង​តាំង​សតិ​នៅ​ជាមួយ​បច្ចុប្បន្ន

ពេល​ខ្លះមិន​ថា​អ្នក​នឹង​ប្រើ​ជីវិត​រស់​នៅ​តាម​ធម្មតា ប៉ុន្តែ​​​ក៏​​ចេះ​តែ​នឹក​ឃើញ​កំហុស​ឆ្គង​នានា​ក្នុង​អតីតកាល ហើយ​ក្នុង​ចិត្ត​​វិលវល់​ក្នុង​ភាព​ងងឹត មាន​អារម្មណ៍​ថា​រង​សម្ពាធ និង​​រង​ការ​វាយប្រហារ​ជានិច្ច។ បើ​បែប​នេះ អ្នក​គួរ​រក​ឱកាស​ឲ្យ​ផ្លូវ​ចិត្ត​របស់​ខ្លួន​បាន​សម្រាក​ខ្លះ និង​ជ្រើសរើស​គិត​តែ​រឿង​ល្អ​ៗ​បាន​ហើយ។

រូបតំណាង

៣. នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ព្រងើយ​កន្តើយ​ជាមួយ​ខ្លួន​ឯង

ប្រសិន​បើ​កាលវិភាគ​របស់​អ្នក​ចាប់​ផ្ដើម​​មាន​ការ​បង្អត់​អាហារ​ដើម្បី​ការងារ​បញ្ចប់​បាន​លឿន ឬ​​សុខ​ចិត្ត​ខក​ណាត់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទុក​ពេល​ធ្វើ​ការ​នោះ គឺ​អ្នក​គួរ​តែ​ពិចារណា​ជាថ្មី។ បើ​ទោះ​បី​ទំនួល​ខុស​ត្រូវ​ការងារ​គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​សុខភាព​របស់​អ្នក​ត្រូវ​នៅ​មុខ​គេ​ជានិច្ច។

៤. នៅ​ពេល​អ្នក​មាន​អារម្មណ៍​ហត់​នឿយ​ និងគេង​មិន​លក់

ដើម្បី​ស៊ូ​នឹង​ជំងឺ​ផ្សេង​ៗ​ យើង​ត្រូវ​ការ​គេង​លក់​​ឲ្យ​បាន​ស្កប់ស្កល់​នៅ​ពេល​យប់ ប៉ុន្តែ​យើង​នឹង​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ​ភ្លាម​នៅ​ពេល​គេង​មិន​លក់​តាម​សេចក្ដី​ត្រូវ​ការ។ បើ​អ្នក​គិត​ថា​រឿង​ពិបាក​ចិត្ត​ពេញ​ខួរ​ក្បាល មិន​យូរ​ទេ​ជំងឺ​បាក់​ទឹក​ចិត្ត​នឹង​តាម​មក​ពី​ក្រោយ។ ដូច្នេះ​អ្នក​គួរ​​រក​ពេល​ឲ្យ​ផ្លូវ​ចិត្ត​បាន​សម្រាក ​និង​​មាន​អារម្មណ៍​ស្រស់​ថ្លា ទើប​អាច​គេង​លក់​ស្រួល​​ឡើង​វិញ។

៥. នៅ​ពេល​អ្នក​មាន​អារម្មណ៍​សោកសៅ​រហូត

វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ប្រសិន​បើ​គ្រប់​ពេល​អ្នក​មាន​តែ​អារម្មណ៍​សោកសៅ​ជាប់​ក្នុង​ចិត្ត។ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា​ ដល់​ពេល​ដែល​ត្រូវ​សម្រាក​ហើយ ដើម្បី​​ឲ្យ​ខ្លួន​ឯង​ត្រលប់​មក​រឹង​មាំ​ជាង​មុន ៕

ចុចអាន៖

ប្រភព៖ theeverygirl ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម