ក្មេង​ស្រី​១៦​ឆ្នាំ​​ម្នាក់​ត្រូវ​កោង​ឆ្អឹង​​ខ្នង​៥០​ដឺក្រ ព្រោះ​តែ​ចូល​ចិត្ត​ដេក​ផ្អៀង​ចុច​ទូរសព្ទ

  • 2019-03-28 08:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​តៃវ៉ាន់ TVBS បាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​រស់​នៅ​ក្រុង​ Kaohsiung ប្រទេស​តៃវ៉ាន់​បាន​មាន​អាការៈ​ឈឺ​ឆ្អឹង​ខ្នង​ធ្ងន់ធ្ងរ​រហូត​ទ្រាំ​លែង​បាន ត្រូវ​ម្ដាយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ក្រោយ​ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យ​ឯកទេស​វះកាត់​កែ​ទម្រង់​កាយ ក្មេង​ស្រី​ខាង​លើ​ត្រូវ​បាន​នាំ​ទៅ​ឆ្លុះ​កាំរស្មី X ខ្នង ហើយ​លទ្ធផល​ចេញ​មក​​បាន​ធ្វើ​ឱ្យ​ទាំង​ម្ដាយ​ទាំងកូន​តក់ស្លុត​ជា​ខ្លាំង គឺ​ឆ្អឹង​ខ្នង​របស់​នាង​ត្រូវ​កោង​ទៅ​ឆ្វេង​ក្នុង​មុំ​៥០​ដឺក្រេ។

​លោក​វេជ្ជបណ្ឌិត​បាន​សន្និដ្ឋាន​ថា​ការ​ដែល​ឆ្អឹង​ខ្នង​នារី​ខាង​លើ​កោង​បែប​នេះ ដោយ​សារ​នាង​មាន​ទម្លាប់​មួយ​គឺ​ដេក​ផ្អៀង​ខាង​ស្ដាំ​​​ចុច​ទូរសព្ទ​។ លោក​បាន​ឱ្យ​បន្ថែម​ថា ការ​ដេក​ផ្អៀង​បែប​នេះ​​គឺ​បន្ថែម​ទម្ងន់​ទៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ដង​ខ្លួន ជាពិសេស​ត្រង់​ផ្នែក​ឆ្អឹង​ទ្រូង និង​ចង្កេះ​តែ​ម្ដង។ ម្យ៉ាង​វិញ​ទៀត ដោយ​សារ​នាង​មិន​សូវ​ហាត់​ប្រាណ​ផង ទើប​សាច់​ដុំ​របស់​នាង​មិន​អាច​ទ្រាំទ្រ​កម្លាំង​ដែល​ផ្អៀង​តែ​ម្ខាង​ក្នុង​រយៈ​ពេល​យូរៗ និង​ជា​ប្រចាំ​បែប​នេះ។

ចុចអាន៖

ទោះ​យ៉ាង​ណា នេះ​មិន​មែន​ជា​ករណី​ទី​១​ទេ​ដែល​​បណ្ដាល​ឱ្យ​ឆ្អឹង​ខ្នង​កោង​បែប​នេះ ហើយ​លទ្ធផល​នេះ​មិន​ផ្ដោត​តែ​លើ​ការ​ដេក​ចុច​ទូរសព្ទ​ ឬ​អាន​សៀវភៅ​នោះ​ទេ សូម្បី​តែ​ការ​អង្គុយ​មិន​ត្រង់​ខ្លួន ឬ​កោង​ខ្លួន​យូរ​ក៏​អាច​ប៉ះពាល់​ដល់​ឆ្អឹង​ខ្នង និង​បណ្ដាល​ឱ្យ​វៀច​បាន​ដូចគ្នា៕ ​

ប្រភព៖ soha ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម