ស្រឡាញ់​គ្នា​បែប Private ល្អ​ឬ​ក៏​អត់? អត្ថបទ​ល្អ​សម្រាប់​គូស្នេហ៍​ដែល​មាន​ភាព​ស្ងប់ស្ងាត់

  • 2018-08-07 09:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា« ហេតុអី​ខ្ញុំ​​មិន​ Show off ទំនាក់ទំនង​ខ្ញុំ​ជាមួយ​សង្សារ​ខ្ញុំ? ហេតុអី​បាន​ខ្លាច​គេ​ដឹង​អីចឹង?»

ឮ​សំណួរ​នេះ​ហើយ​ខ្ញុំ​ចាប់​ផ្ដើម​គិត​​ ហើយ​ខ្ញុំ​ក៏​ឆ្លើយ​តប​ទៅ​គេ​វិញ​ថា« ខ្ញុំ​មិន​ខ្លាច​គេ​ដឹង​ទេ គ្រាន់​តែ​មិន​ចូលចិត្ត​បង្អួត​អ្នក​ដទៃ​ពី​ស្នេហា​របស់​ខ្លួន»។

រូបតំណាង

និយាយ​តាម​ត្រង់​ទៅ​ចុះ ការ​ពិត​ស្នេហា​បែប Private បែប​នេះ​ពិត​ជា​សោះ​កក្រោះ​បន្តិច​មែន ហើយ​សម្បក​ក្រៅ​រវាង​ពួក​ខ្ញុំ​ទាំង​ពីរ គឺ​ដូច​ម្នាក់ៗ​គ្មាន​សង្សារ​អីចឹង។

ពួក​យើង​មិន​ដែល​ Post រូប​ជាមួយ​គ្នា Tag អី​ជាមួយ​គ្នា ឬ​សរសេរ​អី​ទាក់ទង​ជាមួយ​គ្នា​នោះ​ទេ។ មិន​ថា​ក្នុង​បណ្ដាញ​សង្គម សូម្បី​ពេល​ខ្លះ​នៅ​ខាង​ក្រៅ​មាន​អ្នក​ស្គាល់​ពួក​យើង​ច្រើន ពួក​យើង​ក៏​មិន​ដែល​ហ៊ាន​ស្និទ្ធស្នាល​ជាមួយ​គ្នា​ដែរ លើក​លែង​តែ​អ្នក​ស្គាល់​ស្និទ្ធ និង​ដឹង​ពី​ទំនាក់ទំនង​ពួក​យើង​តែ​ប៉ុណ្ណោះ។

បើ​និយាយ​ពី​ពេល​វេលា​ផ្ទាល់​ខ្លួន​ ឬ​សេរីភាព​វិញ គឺ​គ្មាន​សម្ពាធ​អី​នោះ​ទេ គឺ​ពេញ​លេញ​តែ​ម្ដង មិន​ថា​ខ្ញុំ​មិន​ថា​គេ ព្រោះ​ពួក​យើង​មិន​ដែល​ដាក់​សម្ពាធ​ឲ្យ​គ្នា​ទេ លើក​លែង​តែ​រឿង​ដែល​មិន​អាច​ទទួល​យក​បាន ទើប​ខ្ញុំ​សុំ​ពី​គេ ដូចជា​ស្និទ្ធស្នាល​ជាមួយ​ស្រី​ផ្សេង​ខ្លាំង​លើស​ពេក ដែល​ខ្ញុំ​មិន​អាច​ទ្រាំ​មើល​បាន។ តែ​បើ​ត្រឡប់​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​អារម្មណ៍​បែប​ណា? ខ្ញុំ​សប្បាយ​​ចិត្ត​ជាមួយ​ទំនាក់ទំនង​បែប​ស្ងប់ស្ងាត់​បែប​នេះ​ទេ?

រូបតំណាង

ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​ជួប​ពេល​នេះ​បាន​ថា គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ ល្អ និង​អាក្រក់ មិន​អាច​មាន​តែ​ម្ខាង​បាន​ឡើយ។

បើ​និយាយ​ពី​ចំណុច​ល្អ​នៃ​ទំនាក់ទំនង​បែប​នេះ ខ្ញុំ​គិត​ថា​ខ្ញុំ​ពេញ​ចិត្ត ព្រោះ​ស្រឡាញ់​គ្នា មិន​ចាំ​បាច់​ដើរ​បង្អួត​ប្រាប់​គេ​ឯង​ឡើយ សំខាន់​គឺ​ខ្ញុំ​ និង​គេ​សប្បាយ​ចិត្ត​ទៅ​បាន​ហើយ។ ខ្ញុំ និង​គេ​ចូលចិត្ត​ស្ងប់ស្ងាត់​ដូច​គ្នា ដូច្នេះ​វា​ល្អ​សម្រាប់​ពួក​យើង។ ម្យ៉ាង​ទៀត​ខ្ញុំ​ចូលចិត្ត​ការ​ពិត​ជាង​អ្វី​ដែល​នៅ​លើ​បណ្ដាញ​សង្គម។ ខ្ញុំ​មិន​ខ្លាច​គេ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​គ្នា​នោះ​ទេ តែ​ពួក​យើង​មិន​ចូលចិត្ត​បង្ហាញ។ ពួក​យើង​គោរព​រឿង​ឯកជន​គ្នា​ទៅវិញ​ទៅ​មក ខ្ញុំ​មិន​ដែល​ចង់​ដឹង Password ពី​គេ ហើយ​គេ​ក៏​ដូចគ្នា។ នេះ​មិន​មែន​មក​ពី​ពួក​យើង​មិន​ទុក​ចិត្ត​គ្នា​ទេ តែ​ពួក​យើង​គោរព​ជីវិត​ផ្ទាល់​ខ្លួន​គ្នា ហើយ​វា​ក៏​បាន​បង្ហាញ​ថា​ពួក​យើង​ជឿជាក់​គ្នា​ដែរ។ អ្វី​ដែល​ខ្ញុំ​ដឹង​នោះ គឺ​ពួក​យើង​ទាំង​ពីរ​ស្រឡាញ់​គ្នា ហើយ​សប្បាយ​ចិត្ត​ជាមួយ​គ្នា។

ប៉ុន្តែ ពេល​ខ្លះ​ខ្ញុំ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឆ្ងាយ​ពី​គ្នា សោះ​កក្រោះ។ ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​ដូច​ជា​អ្នក​ដទៃ។ ពេល​ខ្លះ​ខ្ញុំ​ក៏​មិន​ដឹង​ថា​គេ​ទៅ​ទាក់ទង​អ្នក​ណា​ទៀត​ដែរ តែ​ខ្ញុំ​ជឿ​ថា​មនុស្ស​បើ​គេ​ចង់​ក្បត់ គេ​គង់​តែ​ក្បត់។ នេះ​គឺ​អារម្មណ៍​ខ្ញុំ គឺ​អារម្មណ៍​មនុស្ស​ស្រី តែ​ខ្ញុំ​ក៏​ប្រាប់​ខ្លួន​ឯង​នូវ​រឿង​ល្អៗ​ជំនួស​វិញ ព្យាយាម​សម្រាល​ចិត្ត​ខ្លួន​ឯង។

រូបតំណាង

ប៉ុន្តែ​សម្រាប់​ខ្ញុំ​ បើ​មិន​ទាន់​រៀប​ការ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​គេ ខ្ញុំ​នៅ​តែ​គិត​ថា​ទំនាក់ទំនង​បែប​ស្ងប់ស្ងាត់​នេះ នៅ​តែ​ជា​ជម្រើស​របស់​ខ្ញុំ។ ម្យ៉ាង​ទៀត​គឺ​ពួក​ខ្ញុំ​ជា​អ្នក​ជ្រើស​រើស​វា​ដោយ​ខ្លួន​ឯង អ្វី​ដែល​សំខាន់​​គឺ​ពួក​យើង​ទាំង​ពីរ​សប្បាយ​ចិត្ត ពេញ​ចិត្ត។

មនុស្ស​ម្នាក់ៗ​មាន​ចំណូល​ចិត្ត​ផ្សេង​គ្នា ដូច្នេះ​បើក​បង្ហាញ ឬ​មិន​បង្ហាញ គ្មាន​មួយ​ណា​ខុស​ឬ​ត្រូវ​នោះ​ទេ សំខាន់​តើ​មួយ​ណា​ជា​អ្វី​ដែល​អ្នក​ចង់​បាន។ គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ដូច្នេះ​ទោះ​អ្នក​យក​មួយ​ណា​ក៏​មិន​អាច​ចៀស​ផុត​ដែរ៕

ចុចអាន៖មាន​សង្សារ​​ជា​មនុស្ស​អត់​សូវ​ចេះ​ផ្អែម​ល្ហែម អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ពិសេស​បែប​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម