មាន​សង្សារ​​ជា​មនុស្ស​អត់​សូវ​ចេះ​ផ្អែម​ល្ហែម អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ពិសេស​បែប​នេះ

  • 2018-07-24 07:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគ​ច្រើន​មនុស្ស​ស្រី​តែង​តែ​ចង់​បាន​ភាព​កក់ក្ដៅ​ ផ្អែមល្ហែម ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រឡាញ់។ យ៉ាង​ណា​មិញ​មាន​មនុស្ស​ស្រី​មួយ​ចំនួន​បាន​លង់​ស្រឡាញ់​ប៉ះ​ចំ​មនុស្ស​ប្រុស​ដែល​ឲ្យ​សូវ​ចេះ​ខ្វល់ ចេះ​ផ្អែម និង​ពេល​ខ្លះ​សោះ​កក្រោះ​ខ្លាំង​ទៀត​ផង ប៉ុន្តែ​អ្នក​ដែល​បាន​ជួប​មនុស្ស​ប្រុស​បែប​នេះ នឹង​ទទួល​បាន​អារម្មណ៍​ពិសេស ដែល​មនុស្ស​ស្រី​ផ្សេង​ទៀត​គ្មាន ៖

១. ពេល​គេ​ Sweet ម្ដងៗ​ រំភើប​ជាង​ឡើង​ត្រូវ​ឆ្នោត​ទៀត

មិន​ដែល​សូវ​ចេះ​ផ្អែម​ល្ហែម​អី​ទេ តែ​យូរ​ៗ​ផ្អែម​ល្ហែម​ម្ដង គឺ​ថា​អ្នក​មាន​អារម្មណ៍​មាន​សុភមង្គល​ខ្លាំង និង រំភើប​ខ្លាំង។ អារម្មណ៍​បែប​នេះ​គឺ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ស្រឡាញ់​គេ​ខ្លាំង​ជាង​មុន​ទៀត ព្រោះ​មនុស្ស​ប្រុស​បែប​នេះ​គឺ​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​នៅ​ពេល​គេ ធ្លាប់​ជា​មនុស្ស​អត់​សូវ​រញ៉េរញ៉ៃ តែ​អាច​ធ្វើ​រឿង​នោះ​ដើម្បី​អ្នក​បាន។

២. គ្មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់

នៅ​ជាមួយ​មនុស្ស​ប្រុស​បែប​នេះ​អ្នក​មិន​សូវ​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​ទេ តែ​អាច​ពេល​ខ្លះ​អ្នក​ទទួល​បាន​អារម្មណ៍​អន់​ចិត្ត​ដែរ។ បើ​អ្នក​ជួប​មនុស្ស​ប្រុស​ដែល​ពូកែ​សម្ដី​ ពូកែ​ផ្អែម​ល្ហែម ប្រហែល​អ្នក​អាច​ទ្រលាន់​នឹង​ពាក្យ​ដ៏​ល្អ​របស់​គេ​នៅ​មុខ​អ្នក​រាល់​ថ្ងៃ តែ​បើ​នៅ​ជាមួយ​មនុស្ស​មិន​សូវ​ចេះ​ផ្អែមល្ហែម​វិញ អ្នក​នឹង​មាន​អារម្មណ៍​ធម្មតា ហើយ​មិន​ងាយ​ធុញ​ទ្រាន់​ទេ ព្រោះ​យូរៗ​បាន​ស្ដាប់​ពាក្យ​ផ្អែមល្ហែម​ម្ដង​តែ​ប៉ុណ្ណោះ។

៣. គេ​បង្ហាញ​កាយវិការ​ជាង​ពាក្យ​សម្ដី

មនុស្ស​ប្រុស​​បែប​នេះ​មិន​សូវ​និយាយ​ច្រើន​ទេ តែ​ធ្វើ​ទង្វើ​ច្រើន​ជាង។ គេ​មិន​ចូលចិត្ត​សន្យា​អី​ឡើយ តែ​គេ​តែង​សម្ដែង​វា​ចេញ​តាម​សកម្មភាព​របស់​គេ។ គេ​មិន​សូវ​និយាយ​ថា​ស្រឡាញ់​អ្នក នឹក​អ្នក​ទេ តែ​គេ​តែង​រក​ពេល​មក​ជួប​អ្នក​ ឬ​អាច​ផ្ញើសារ​យ៉ាង​សាមញ្ញ​មួយ​នៅ​ពេល​គេ​នឹក​អ្នក​ខ្លាំង។

រូបតំណាង

៤. ទំនាក់ទំនង​យ៉ាង​ស្ងប់ស្ងាត់​ និង​ច្បាស់លាស់​មួយ

ជាទូទៅ​មនុស្ស​ប្រុស​ចរិត​បែប​នេះ​មិន​ចូលចិត្ត​ការ​បង្អួត ឬ​បង្ហាញ​អ្នក​ណា​ទេ គេ​ចង់​បាន​ស្នេហា​បែប​ស្ងប់ស្ងាត់​មួយ តែ​រឹងមាំ មិន​មែន​បង្ហាញ​ចុះ​បង្ហាញ​ឡើង តែ​ចុង​ក្រោយ​បែកបាក់​គ្នា រញ៉េរញ៉ៃ​នោះ​ទេ។ វា​អាច​ជា​ភាព​ច្បាស់​លាស់​មួយ​ដែល​គេ​មាន ហើយ​បែប​នេះ​ក៏​អាច​ជួយ​រក្សា​តម្លៃ​អ្នក​ដែរ ព្រោះ​គេ​មិន​ចង់​ឲ្យ​អ្នក​មាន​សម្ពាធ​ពេល​មាន​ស្នេហា​ជាមួយ​គេ។

៥. មិន​សូវ​ចេះ​រញ៉េរញ៉ៃ​ជាមួយ​ស្រី​ផ្សេង

បើ​គេ​ជាមួយ​មនុស្ស​ពូកែ​លួង ពូកែ​និយាយ​នោះ ប្រហែល​មិន​មែន​មាន​តែ​អ្នក​ទេ ព្រោះ​នឹង​មាន​មនុស្ស​ស្រី​ជា​ច្រើន​ទៀត​លង់​ស្រឡាញ់​គេ។ បើ​អ្នក​ទទួល​បាន​មនុស្ស​បែប​នេះ អ្នក​អាច​មាន​អារម្មណ៍​ជឿជាក់​លើ​គេ​បាន ព្រោះ​គេ​គ្មាន​ជំនាញ​ក្នុង​ការ​ទាក់ទង​មនុស្ស​ស្រី​យក​មក​លេង​សើច​ទេ។ គេ​ស្រឡាញ់​មួយ​ដឹង​មួយ ហើយ​ក៏​មិន​ចូលចិត្ត​រញ៉េរញ៉ៃ​ច្រើន​ដែរ។

រូបតំណាង

ទាំង​នេះ​ជា​អ្វី​ដែល​​អ្នក​នឹង​ទទួល​បាន​ពី​ប្រភេទ​មនុស្ស​ប្រុស​ដែល​មិន​សូវ​ចេះ​ផ្អែមល្ហែម និង​យក​ចិត្ត តែ​ពេល​នោះ​អ្នក​នឹង​ដឹង​ថា​មនុស្ស​ប្រុស​បែប​នេះ​គឺ​ពិសេស​ណាស់៕

ចុចអាន៖បើ​អ្នក​សំណាង​ជួប​មនុស្ស​ប្រុស​បែប​នេះ​ហើយ កុំ​ឲ្យ​គេ​របូត​ពី​ដៃ​អី

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម