មិន​មែន​ខំ​រៀន​តែ​មួយ​មុខ​ទេ! ៧​យ៉ាង​ដែល​សិស្ស​មហាវិទ្យាល័យ​ត្រូវ​​ដឹង​ដើម្បី​ជោគជ័យ​ទៅ​អនាគត

  • 2018-07-02 07:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

៧​យ៉ាង​ដែល​សិស្ស​មហាវិទ្យាល័យ​ត្រូវ​​ដឹង​ដើម្បី​ជោគជ័យ​ទៅ​អនាគត ដែល​អ្នក​អាច​នឹង​មិន​ដឹង​ទេ​ថា​អ្វី​ដែល​អ្នក​ធ្វើ​ក្នុង​កំឡុង​ពេល​រៀន​នៅ​មហាវិទ្យាល័យ​នេះ អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​ទាំង​ល្អ និង​អាក្រក់​ទៅ​អនាគត។ សាក​ល្បង​មើល​ទាំង​អស់​គ្នា​ខាង​ក្រោម​នេះ​ថា អ្វី​ដែល​គួរ​ធ្វើ និង​ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​បើ​មិន​ចង់​​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​ធ្វើ​ការ​ទៅ​ថ្ងៃ​មុខ​៖

១. មិន​បង្ហោះ​អ្វី​ដែល​មិន​ល្អ​ក្នុង​បណ្ដាញ​សង្គម

ក្រៅ​ពី​ការ​កំណត់​ពេល​វេលា​លេង​បណ្ដាញ​សង្គម​ឲ្យ​សមរម្យ​ហើយ ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​បង្ហោះ​ Status ឬ​រូបភាព​ផ្សេង​ៗ ក៏​ជា​រឿង​សំខាន់​មិន​ចាញ់​គ្នា​ដែរ ព្រោះ​បើ​អ្នក​បង្ហោះ​នូវ​អ្វី​ដេល​មិន​ល្អ វា​នឹង​ធ្វើ​ឲ្យ​កើត​​មាន​រូបភាព​មិន​ល្អ​សម្រាប់​ខ្លួន​ឯង។ វា​អាច​ផ្ដល់​ផល​អាក្រក់​ក្នុង​ករណី​ដែល​អ្នក​ទៅ​សម្ភាស​ការងារ​ទៅ​ថ្ងៃ​មុខ ហើយ​អ្នក​សម្ភាស​អាច​លួច​ចូល​មើល​ Profile របស់​អ្នក​​ហើយ​ឃើញ​អ្វី​ៗ​ទាំង​នោះ។

២. ការងារ​ហាត់ការ (Intern)

នៅ​ឆ្នាំ​ចុង​ៗ​ក្រោយ​នៃ​ការ​សិក្សា​មហាវិទ្យាល័យ​អាច​ជា​ពេល​សម្រាប់​ហាត់​ការ ដែល​​មហាវិទ្យាល័យ​​​ខ្លះ​គឺ​តម្រូវ​ឲ្យ​និស្សិត​ចុះ​ធ្វើ​ការ​ហាត់ការ​តែ​ម្ដង។ ប៉ុន្តែ​បើ​ទោះ​បី​មហាវិទ្យាល័យ​មិន​តម្រូវ វា​នៅ​តែ​សំខាន់​ព្រោះ​វា​គឺ​ជា​ឱកាស​ល្អ​បំផុត​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​ជីវិត​​ធ្វើ​ការ និង​វិធី​រៀប​ចំ​ខ្លួន​ក្នុង​សង្គម ដែល​សំខាន់​ខ្លាំង​សម្រាប់​ការ​ធ្វើ​ការ​ទៅ​អនាគត។ ក្រៅ​ពី​នេះ ការ​​ហាត់ការ​​​ក៏​ដូច​ជា​ការងារ​ក្រៅ​ម៉ោង ក៏​​អាច​ឲ្យ​អ្នក​យក​អ្វី​ដែល​ខ្លួន​បាន​រៀន​មក​​សាក​ល្បង​ជាក់​ស្ដែង​​ក្នុង​ការ​ធ្វើ​ការ​ផង​ដែរ។

៣. អាន​សៀវភៅ​បន្ថែម

ពិត​មែន​ហើយ​ថា​នៅ​ពេល​រៀន​មហាវិទ្យាល័យ​អ្នក​បាន​អាន​សៀវភៅ​មួយ​គំនរ​ពីរ​គំនរ​ទៅ​ហើយ​ដើម្បី​ប្រឡង ប៉ុន្តែ​បើ​អ្នក​មាន​ពេល​ទំនេរ គឺ​គួរ​តែ​អាន​សៀវភៅ​ប្រភេទ​ផ្សេង​ៗ​ក្រៅ​ពី​សៀវភៅ​រៀន​ខ្លះ ជា​ពិសេស​សៀវភៅ​ដែល​ជួយ​សាង​កម្លាំង​​ជំរុញ​ចិត្ត​ ឬ​​ផ្ដល់​គំនិត​ល្អ​ៗ​សម្រាប់​អ្នក ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ទស្សន​ថ្មី​ៗ និង​អាច​នាំ​មក​នូវ​គំនិត​ច្នៃ​ប្រឌិត​ល្អ​ទៅ​អនាគត។

៤. សន្សំ​លុយ

ការ​សន្សំ​លុយ​មិន​ចាំបាច់​ត្រូវ​តែ​ចាប់​ផ្ដើម​នៅ​ពេល​អ្នក​ចាប់ផ្ដើម​ធ្វើ​ការ​នោះ​ទេ ព្រោះ​យើង​អាច​សន្សំ​លុយ​បាន​ដែរ​តាម​រយៈ​លុយ​ចំណាយ​ដែល​ទទួល​បាន​ពី​ឪពុក​ម្ដាយ។ បើ​ទោះ​បី​ជា​មើល​ទៅ​ជា​រឿង​តិចតួច ប៉ុន្តែ​បើ​អ្នក​ឧស្សាហ៍​សន្សំ​វា​ដោយ​យក​ចិត្ត​ទុក​ដាក់ វា​នឹង​ក្លាយ​ជា​លុយ​មាន​ចំនួន​ច្រើន​បាន​ទៅ​អនាគត។ ក្រៅ​ពី​នេះ អាច​ចាត់​ទុក​ថា​ជា​ការ​ហ្វឹក​វិន័យ​ក្នុង​ការ​ចាយ​លុយ​មុន​នឹង​យើង​មាន​លុយ​ដែល​រក​បាន​ដោយ​ខ្លួន​ឯង។

៥. រក​បណ្ដាញ​ទំនាក់ទំនង (Connection)

ក្រៅ​ពី​ផ្ដោត​លើ​ការ​សិក្សា​ជា​ចម្បង​ហើយ ការ​មាន​មិត្ត ឬ​ការ​ស្វែង​រក Connection កំឡុង​ពេល​រៀន​មហាវិទ្យាល័យ​នោះ​ក៏​សំខាន់​​មិន​ចាញ់​គ្នា​ដែរ ព្រោះ​​អ្នក​ទាំង​អស់​នោះ​នឹង​អាច​ជួយ ឬ​ផ្ដល់​ការ​ណែនាំ​​សម្រាប់​អ្នក​ទៅ​អនាគត​ពាក់ព័ន្ធ​នឹង​រឿង​ការងារ។ អ្នក​អាច​កសាង​មិត្តភាព​ថ្មី​ៗ​តាម​រយៈ​ការ​ចូលរួម​ការងារ​សង្គមរបស់​មហាវិទ្យាល័យ​ ឬ​កន្លែង​ផ្សេង​ៗ​បាន។

៦. ទំនាក់ទំនង​ជាមួយ​សាស្ត្រាចារ្យ

អ្នក​អាច​នឹង​គិត​ថា​គ្រូ​បង្រៀន ឬ​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​មាន​តួនាទី​ត្រឹមតែ​បង្រៀន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ពិត​ទៅ​ពួក​គាត់​​ក៏​អាច​ផ្ដល់​ការ​ណែនាំ​ល្អ​ៗ ពាក់ព័ន្ធ​ការ​ជ្រើសរើស​ការងារ​បាន​ដែរ។ ក្រៅ​ពី​​នេះ បើ​អ្នក​ស្គាល់ ឬ​ស្និទ្ធស្នាល​ជាមួយ​គ្រូ​បង្រៀន​ វា​​ក៏​នឹង​ងាយ​ស្រួល​សម្រាប់​អ្នក​នៅ​ពេល​ចង់​ស្នើ​សុំ​ឲ្យ​គាត់​សរសេរ​​លិខិត​ធានា (Reference Letter) ដែល​ជា​ឯកសារ​​ចាំបាច់​មួយ​ដែរ​សម្រាប់​ការ​ស្នើ​សុំ​អាហារូបករណ៍ ឬ​ការងារ​ផ្សេង​ៗ។

៧. រៀន​ធ្វើ​បទបង្ហាញ

ក្នុង​កំឡុង​ពេល​រៀន​នៅ​មហាវិទ្យាល័យ​ចាត់​ទុក​ថា​ជា​ឱកាស​ដ៏​ល្អ​ដែល​អ្នក​បាន​ហ្វឹកហាត់​ការ​និយាយ​សាធារណៈ ឬ​ការ​ធ្វើ​បទ​បង្ហាញ។ វា​​នឹង​​អាច​ឲ្យ​អ្នក​ព្យាយាម​និយាយ​ឲ្យ​បាន​រលូន និង​ចេះ​ពន្យល់​ឲ្យ​អ្នក​ស្ដាប់​ឆាប់​យល់ រួម​ទាំង​មាន​តិចនិក​ផ្សេង​ៗ ដែល​ជួយ​ឲ្យ​អ្នក​អាច Present ការងារ​បាន​រលូន​ ព្រោះ​នៅ​ពេល​​ចូល​ប្រឡូក​សង្គម​ការងារ ការ​ធ្វើ​បទ​បង្ហាញ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។

ជួន​កាល​អ្វី​ដែល​កញ្ញា​លើក​ឡើង​នេះ អាច​ជា​អ្វី​ដែល​និស្សិត​ទូទៅ​បាន​ដឹង​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន។ យ៉ាង​ណា​មិញ បើ​អ្នក​​ខិតខំ​ប្រឹងប្រែង​ច្រើន អ្នក​ក៏​នឹង​មាន​ឱកាស​ច្រើន​តាម​នោះ​ដែរ​ទៅ​អនាគត ៕

ចុចអាន៖

ប្រភព៖ Orami ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន