ចង់​ឃើញ​ខ្លួន​ឯង​រីក​ចម្រើន​ខ្ពស់​ទៅ​អនាគត រឿង​៧​យ៉ាង​នេះ​ត្រូវ​ធ្វើ​ឲ្យ​បាន

  • 2018-06-13 06:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​កើត​​មក​អាច​មាន​ដើម​​ទុន​សម្រាប់​ជីវិត​មិន​ស្មើ​គ្នា តែ​ទោះ​យ៉ាង​ណា​គ្រប់​គ្នា​តែង​ប្រាថ្នា​ចង់​បាន​ជីវិត​ដែល​មាន​ក្ដី​សុខ​មួយ​ទាំង​នៅ​ក្នុង​បច្ចុប្បន្ន និង​ទៅ​អនាគត។ ការ​ពិត​ទៅ​គ្រប់​យ៉ាង​អាច​កើត​ឡើង​បាន ប្រសិន​បើ​យើង​​មាន​ការ​តស៊ូ​ខ្ពស់។ វិធីសាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម​នេះ​នឹង​អាច​ដឹកដៃ​អ្នក​ឆ្ពោះ​ទៅ​រក​ជីវិត​ល្អ​មួយ​ទៅ​ថ្ងៃ​មុខ៖

១. រៀប​ចំ​ផែនការ​ជីវិត

គ្មាន​ទូក​ឯណា​អាច​​ទៅ​មុខ​ដោយ​គ្មាន​​ចង្កូត​និង​ស្លាប​ចក្រ​នោះ​ទេ។ ប្រៀប​ដូច​ជា​ជីវិត​របស់​យើង​ គឺ​គួរ​មាន​ការ​រៀប​ចំ​ផែនការ រួម​ទាំង​គោលដៅ​ដែល​ត្រូវ​សម្រេច​ ដូច​ជា​ការ​កំណត់​គោលដៅ​ថា ១​ឆ្នាំ​ទៀត ឬ​១០​ឆ្នាំ​ទៀត យើង​នឹង​ក្លាយ​ជា​អ្វី ដើម្បី​អាច​ចាត់​ចែង​ពេល​វេលា​ដែល​ជា​ទ្រព្យ​មាន​កំណត់​របស់​យើង ឲ្យ​មាន​ប្រយោជន៍ និង​មាន​តម្លៃ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។  

២. រៀន​សូត្រ​តាម​បុគ្គល​គំរូ

បុគ្គល​គំរូ ឬ Idol គឺ​មនុស្ស​ដែល​យើង​​ស្ញប់ស្ញែង​ហើយ​ចង់​បាន​ដូច​គេ​ខ្លាំង​បំផុត។ បុគ្គល​គំរូ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​តិចនិក អាថ៌កំបាំង និង​វិធីសាស្ត្រ​គិត​ផ្ទាល់​ខ្លួន។ អ្នក​ខ្លះ​អាច​ជា​មនុស្ស​ធម្មតា​ដូច​ជា​យើង​អីចឹង​កាល​ពី​មុន ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គេ​អាច​ទទួល​ជោគជ័យ? បើ​អ្នក​ស្រមើស្រមៃ​ចង់​ឲ្យ​ខ្លួន​ឯង​បាន​ដូច​បុគ្គល​គំរូ​របស់​ខ្លួន​ឲ្យ​បាន ចូរ​សាក​ល្បង​តាមដាន និង​រៀន​សូត្រ​នូវ​គំនិត​ល្អ​របស់​គេ និង​សាក​ល្បង​យក​មក​អនុវត្ត​ក្នុង​ជីវិត​របស់​ខ្លួន។ មិន​មែន​ខំ​ធ្វើ​គ្រប់​យ៉ាង​ឲ្យ​ដូច​គេ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ចាប់​យក​ចំណុច​ និង​គន្លឹះ​ដោះស្រាយ​បញ្ហា​នានា​របស់​គេ មក​ប្រើ​ដើម្បី​សម្រេច​គោលដៅ​ផ្ទាល់​ខ្លួន​របស់​យើង​បាន។​

៣. ​ចាត់​ទុក​​ខ្លួន​ឯង​ជា​គូ​ប្រកួត

បើ​យើង​រវល់​តែ​យក​ខ្លួន​ឯង​ទៅ​ប្រៀបធៀប​ជាមួយ​​អ្នក​ដែល​គេ​មាន​ជីវិត​ល្អ​ស្រាប់​ហើយ​​នោះ វា​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​​រា​ថយ អស់​កម្លាំង​ចិត្ត​បាន។ ប៉ុន្តែ​បើ​យើង​សម្លឹង​មើល​ខ្លួន​ឯង​ចាត់​ទុក​ជា​គូ​ប្រជែង​ ព្យាយាម​យក​ឈ្នះ​ខ្លួន​ឯង​​កាល​ពី​មុន​ វា​នឹង​អាច​ឲ្យ​យើង​ទទួល​បាន​ទាំង​ការ​អភិវឌ្ឍ​ខ្លួន​ឯង និង​អារម្មណ៍​វិជ្ជមាន ដូច​ដែល​គេ​និយាយ​ថា​​យើង​អាច​ទទួល​បាន​ជោគជ័យ​រៀងរាល់​ថ្ងៃ ដោយ​ការ​យក​ឈ្នះ​លើ​ខ្លួន​ឯង ពោល​គឺ​អភិវឌ្ឍ​ល្អ​ជាង​មុន​រាល់​ថ្ងៃ។

៤. មិន​រំពឹង​ខ្ពស់​ខ្លាំង​ពេក

ការ​រំពឹង​ទុក​ខ្ពស់ គឺ​ជា​សត្រូវ​គ្រោះថ្នាក់​មួយ​ដែរ​សម្រាប់​ការ​គិត​របស់​យើង។ បើ​យើង​រំពឹង​ខ្ពស់​ពេក នៅ​ពេល​មាន​អ្វី​ខុស​ឆ្គង​ មិន​ដូច​បំណង យើង​នឹង​ឈឺ​ចាប់​ខ្លាំង​ រហូត​ពេល​ខ្លះ​ដល់​ថ្នាក់​មិន​អាច​ចាប់​ផ្ដើម​ជា​ថ្មី​បាន។ ដូច្នេះ​គួរ​តាំង​ការ​រំពឹង​ទុក​ក្នុង​កម្រិត​មួយ​ដែល​មិន​ខ្ពស់​ខ្លាំង​ពេក ហើយ​បើ​មាន​អ្វី​ភ្លាត់​ស្នៀត ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​ថ្ងៃ​ស្អែក​នៅ​មាន​ជានិច្ច។

៥. ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង

ត្រូវ​លះបង់​​ជាមួយ​អ្វី​ដែល​យើង​ធ្វើ​​ហើយ​មាន​ក្ដី​សុខ ឬ​មាន​កម្លាំង​ចិត្ត​នឹង​ធ្វើ។ កុំ​បង្ខំ​ចិត្ត​ធ្វើ​នូវ​អ្វី​ដែល​យើង​មិន​ចូល​ចិត្ត ឬ​ធ្វើ​អ្វី​ដែល​មិន​មែន​ជា​ខ្លួន​ឯង ជា​ពិសេស​រឿង​ការងារ ព្រោះ​អ្នក​នឹង​ត្រូវ​នៅ​ជាមួយ​វា​មួយ​ជីវិត។ បើ​មាន​អារម្មណ៍​ថា​​ជីវិត​តម្រូវ​ឲ្យ​យើង​ចាំបាច់​ធ្វើ​អ្វី​ដែល​យើង​មិន​ចូល​ចិត្ត​នោះ ចូរ​ព្យាយាម​ស្វែង​រក​ចំណុច​ល្អ​របស់​វា​ឲ្យ​បាន។

៦. កុំ​ភ្លេច​គិតគូរ​ដល់​សុខភាព

បើ​ចង់​មាន​ជីវិត​ដែល​ល្អ​មួយ អ្នក​អាច​នឹង​ត្រូវ​ហត់​នឿយ​ជាមួយ​ការងារ​ជា​ច្រើន ប៉ុន្តែ​សូម​កុំ​​ប្រឹងប្រែង​ភ្លេច​ខ្លួន​ រហូត​​បំផ្លាញ ឬ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សុខភាព​ខ្លួន​ឯង។ ជីវិត​ដែល​ល្អ គឺ​ត្រូវ​តែ​មាន​សុខភាព​ល្អ​ជា​គូ​ដែរ ព្រោះ​គ្មាន​អ្នក​ណា​ចង់​ចាយ​លុយ​ដែល​ខ្លួន​ខំ​រក​ទាំង​ប៉ុន្មាន​នោះ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​ទេ។

៧. ឲ្យ​តម្លៃ​លើ​មិត្តភាព

សាក​ល្បង​សម្លឹង​រក​មនុស្ស​ដែល​យើង​នៅ​ជាមួយ​ហើយ​មាន​អារម្មណ៍​ស្រណុក​ចិត្ត និង​មាន​ក្ដី​សុខ មនុស្ស​ដែល​អាច​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក​បាន អាច​ផ្ដល់​អារម្មណ៍​ល្អ​ៗ អំពើ​ល្អ​ឲ្យ​អ្នក។ បើ​រក​ឃើញ​ហើយ ចូរ​រក្សា​មិត្តភាព​នោះ​ឲ្យ​បាន​យូរ​អង្វែង ដោយ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ទំនុក​ចិត្ត ភាព​កក់ក្ដៅ ស្នាម​ញញឹម​​ត្រលប់​ទៅ​វិញ​ ព្រោះ​នៅ​ពេល​ពេល​វេលា​កន្លង​ផុត​ គឺ​មាន​តែ​មិត្តភាព​ល្អ​ៗ​នេះ​ហើយ​ដែល​អាច​នៅ​ជាមួយ​អ្នក ៕

ចុចអាន៖

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន