របស់ប្រើរាល់ថ្ងៃទាំង៥ បើមិនសម្អាតឲ្យស្រួលក្នុងរដូវនេះទេ ប្រយ័ត្នកើតមុនពេញខ្លួន
- 2018-06-21 02:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ប្រើរាល់ថ្ងៃទាំង៥ បើមិនសម្អាតឲ្យស្រួលក្នុងរដូវនេះទេ ប្រយ័ត្នកើតមុនពេញខ្លួន
របស់ប្រើប្រាស់ខាងក្រោម បើសិនជាមិនសម្អាតទៀងទាត់ទេ ហើយប៉ះជាមួយអាកាសធាតុក្ដៅសើមដូចបច្ចុប្បន្នទៀតនោះ នឹងធ្វើឲ្យអ្នកប្រើប្រាស់ឡើងកន្ទួលរមាស់ ឬមុនពេញខ្លួនយ៉ាងឆាប់រហ័ស។ ជាមួយនឹងអាកាសធាតុក្ដៅ ព្រមទាំងមានភ្លៀងធ្លាក់ដូចពេលនេះគឺជាបរិស្ថានដ៏ល្អបំផុតសម្រាប់គ្រប់មេរោគរីកដុះដាលគ្មានដែនកំណត់។ ជាមួយកត្តានេះ ប្រសិនបើគ្រឿងប្រើប្រាស់មួយចំនួនខាងក្រោមមិនត្រូវបានទុកដាក់ និងសម្អាតជាញឹកញាប់ទេ នោះអ្នកប្រើប្រាស់វាងាយនឹងត្រូវឆ្លងរោគ ធ្វើឲ្យឡើងមុន និងកន្ទួលភ្លាម។
១. ម៉ាសបិទមុខ
ស្ទើរតែមនុស្សគ្រប់រូបទៅហើយដែលចេញក្រៅមិនអាចខ្វះបាន។ សម្រាប់អ្នកប្រើម៉ាសពេទ្យដែលប្រើម្ដងហើយបោះចោលនោះមិនមានអ្វីចោទជាបញ្ហាឡើយ។ យ៉ាងណាក្ដី សម្រាប់អ្នកដែលប្រើម៉ាសក្រណាត់ក្រាស់ ដែលអាចប្រើច្រើនដងនោះ គួរបោកទឹកជារៀងរាល់ថ្ងៃ ត្បិតញើស និងធូលីដីដែលយើងជិះតាមផ្លូវពេញមួយថ្ងៃនោះ អាចបង្កមេរោគឲ្យអ្នកពាក់វា ឡើងមុនពេលណាមិនដឹងខ្លួន។
២. មួកសុវត្ថិភាព
ពាក់មួកសុវត្ថិភាពខែក្ដៅ មិនត្រឹមតែធ្វើឲ្យសក់ងាយស្អិត និងធ្វើឲ្យស្បែកក្បាលឆាប់ឡើងខ្លាញ់ទៀតផង។ សម្រាប់អ្នកឧស្សាហ៍ឡើងមុនលើថ្ងាស អាចបណ្ដាលមកពីមួកដែលសម្អាតមិនស្អាត។ អាស្រ័យហេតុនេះ យើងគួរសម្អាតស្រទាប់មួកខាងក្រៅជាប្រចាំ ជៀសវាងកើតមុនលើថ្ងាស។
៣. ស្រោមខ្នើយ ស្រោមពូក
មនុស្សជាច្រើនអាចមិនដឹង តែស្រោមខ្នើយ និងស្រោមពូកគឺជាសំបុកនៃមេរោគតែម្ដង។ ខែក្ដៅបែបនេះ រាល់យប់ដែលយើងគេងបែកញើសនោះ មេរោគនឹងតោងចូលស្រោមខ្នើយ ដល់ពេលយើងបែរមុខប៉ះចំទៅ នឹងបង្ករទៅជាមុន។ ដល់ពេលព្រឹកយើងងើបឡើង មិនដឹងថាកើតមុនពីពេលណា គឺឡើងពេលយើងកំពុងគេងតែម្ដង។ សម្រាប់ស្រោមពូក បើមិនឧស្សាហ៍ប្ដូរទេ នឹងធ្វើឲ្យរមាស់ និងកន្ទួលខ្លួន។
៤. អាវក្រៅ
អ្នកខ្លះគិតថា អាវក្រៅយូរពាក់ម្ដង ហើយពាក់មិនយូរទៀតនោះ មិនចាំបាច់បោករាល់ថ្ងៃក៏បាន តែអ្នកគួរចងចាំថា អាវក្រៅនេះហើយដែលប៉ះដីធូលីច្រើនជាងគេ។ អាចមានដល់មនុស្សចំនួន អាក្រៅរាប់ខែទើបបោកម្ដង គឺចាំទាល់តែអាវប្ដូរពណ៌ និងមានក្លិនតែម្ដងទើបដាច់ចិត្តយកទៅបោក។ ទោះបីជាពាក់មិនសូវច្រើនក្ដី តែអាវក្រៅគួរបោកទឹក១សប្ដាហ៍ម្ដងដើម្បីធានាថា យើងបានពាក់អាវស្អាតជានិច្ច។
៥. ប៉ុង ជក់ផាត់មុខ
អ្នកប្រាកដជាធ្លាប់ឮហើយថា គេធ្លាប់ឃើញសត្វល្អិតក្នុងប៉ុងផាត់មុខ ដោយសារតែប្រើ ប្រើយូរថ្ងៃ ហើយមិនព្រមសម្អាត។ សម្រាប់ជក់ និងប៉ុងផាត់មុខ អ្នកនិយមតែងខ្លួនគួរសម្អាត រាល់ក្រោយពេលប្រើដើម្បីកុំឲ្យសំណល់ក្រែមម្សៅជាប់លើវា បង្ករឲ្យស្បែកឡើងមុន៕
ចុចអាន៖
៤រូបមន្តធ្វើឲ្យស្បែកស្អាតសខ្ចីដោយប្រើរមៀត និងគ្រឿងផ្សំធម្មជាតិងាយរក
ទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឲ្យស្រ្តីឡើងចាស់ជាងអាយុទាំងមិនដឹងខ្លួន